ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​​ថា​ សេចក្តី​ថ្លែងការណ៍​របស់​​អ្នក​ជំនាញ​អ.ស.ប អំពី​​​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ភាព​លម្អៀង


រូបឯកសារ៖ ក្រុម​បាតុករ​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ ក្រុម​បាតុករ​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ភ្លាមៗបន្ទាប់​ពី​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជាជាតិ​(អ.ស.ប)​រិះគន់​ការ​បន្ត​រឹតត្បិត​សិទ្ធិ​មូល​ដ្ឋាន​របស់​ពលរដ្ឋ​កម្ពុជា តំណាង​រដ្ឋាភិបាល​កម្ពុជាប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ បាន​ប្រតិកម្ម​ថា​ក្រុម​អ្នក​ជំនាញវាយ​តម្លៃ​ស្ថាន​ការណ៍​កម្ពុជា​ ដោយ«​គ្មាន​ព័ត៌មាន​ច្បាស់​លាស់»។

តំណាង​រដ្ឋាភិបាល​ដែល​ជា​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​ប្រាប់ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប​ថា​ «ការ​វាយតម្លៃ​លើ​ប្រទេស​កម្ពុជា​ត្រូវ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​និង​ហេតុ​ការណ៍​ពិត​ រួម​ជា​មួយ​នឹង​ប្រភព​ព័ត៌មាន​ផ្ទៀង​ផ្ទាត់​ត្រឹមត្រូវ​ និង​ទស្សនៈ​វិស័យ​រួម»។

ស្ថាន​បេសកកម្ម​បាន​សំដៅ​ចំៗ​ទៅ​លោកស្រី ​Mary Lawlor ​អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ជំនាញ​ផ្សេង​ទៀត ដែល​បាន​កត់​សម្គាល់​ការ​គំរាម​កំហែង​ និង​ការ​ចាប់ខ្លួន​អ្នកការពារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ ស្ថាន​បេសកកម្ម​កម្ពុជា បាន​បង្ហាញ«ការ​ខកចិត្ត​ និង​សោក​ស្តាយ» ចំពោះ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក​ស្រី​សាស្ត្រាចារ្យ​ Mary Lawlor ពាក់​ព័ន្ធ​ទៅ​នឹង​ស្ថាន​ភាព​សង្គម​ស៊ីវិល​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖​«បើ​ពិនិត្យ​ឲ្យ​កាន់​តែ​ច្បាស់​ សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ស្រី​មាន​ភាព​លម្អៀង​ ជ្រើស​រើស​តែ​មួយ​ជ្រុង​ និង​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ ស្ថាន​បេសកកម្ម​កម្ពុជា​ បាន​រំឭក​អ្នករាយការណ៍​ពិសេស​ថា៖ ​«ការ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ ឬ​អង្គ​ការ​មិនមែន​រដ្ឋាភិបាល​ណា​មួយ ពុំ​មែន​ជា​ការ​ផ្តល់​សិទ្ធិ​ឲ្យ​បុគ្គល​ម្នាក់​បំពាន​ច្បាប់​ ដោយ​និទណ្ឌភាព​ឡើយ។ បទ​ល្មើស​ដែល​មាន​ចែង​ក្នុង​ច្បាប់​ គឺ​ជា​បទ​ល្មើស​ ហើយ​គេ​មិន​អាច​ប្រើ​ប្រាស់​សកម្មភាព​ខុស​ច្បាប់​នោះ​ ជា​ទឡ្ហីករណ៍​សម្រាប់​បុព្វ​ហេតុ​ផ្សេង​ណា​មួយ​នោះ​ទេ»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រុម​អ្នក​ជំនាញ​របស់​អ.ស.ប ដែល​មាន​ទាំង​អ្នក​រាយការណ៍​ពិសេស​ប្រចាំ​ប្រទេស​កម្ពុជា​ផង​នោះ បាន​ទាម​ទារ​ឲ្យ​ អា​ជ្ញាធរ​កម្ពុជា​«បញ្ឈប់​ជា​បន្ទាន់»​នូវ​ការ​ឃុំ​ខ្លួន​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​ការ​ប្រើប្រាស់​កម្លាំង​ជ្រុល​ហួស​ទៅ​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថាន​ភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស គឺ​លោក​ស្រី Mary Lawlor មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​របាយ​ការណ៍​ ដែល​គួរ​ឲ្យ​ជឿ​ជាក់​បាន​ថា ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​យ៉ាង​តិច​២១​នាក់ បាន​រង​ការ​គំរាម​កំហែង ការ​ចាប់ខ្លួន​តាម​ទំនើង​ចិត្ត និង​ការ​ឃុំ​ខ្លួន​ក្នុង​រយៈ​ពេល​៣​ខែ​កន្លង​មក​នេះ»។

លោក​ស្រី​បន្ថែម​ទៀត​ថា លោកស្រី​បាន​ពិនិត្យ​មើល​រូបភាព​ដែល​អាច​មើល​បាន​ជា​សាធារណៈ​ដែល​បង្ហាញ​ពី​ការ​ប្រើប្រាស់​កម្លាំង​ជ្រុល​ហួស​ហេតុ​របស់​កង​សន្តិសុខ​ក្នុង​ការ​រារាំង​អ្នក​ការ​ពារ​សិទ្ធិមនុស្ស​ដែល​មាន​ច្រើន​ជា​ស្ត្រី មិន​ឲ្យ​អនុវត្ត​សិទ្ធិ​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​របស់​ពួកគេ។

ចំណែក​លោកស្រី Rhona Smith អ្នក​រាយការណ៍​ពិសេស ​អ.ស.ប ​ទទួល​បន្ទុក​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ដែរ​ថា លោក​ស្រី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ផល​ប៉ះ​ពាល់​យូរ​អង្វែង​ទៅ​លើ​អង្គការ​សង្គមស៊ីវិល ហើយ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​បញ្ចប់​វិធីសាស្ត្រ​ដ៏​គ្រោះ​ថ្នាក់​ទៅ​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

ការ​បង្ក្រាប​លើ​ក្រុម​សកម្មជន​វ័យ​ក្មេង​មួយ​ចំនួន​ បាន​កក្រើក​ឡើង​ ​កាល​ពី​ខែ​សីហា​ ក្រោយ​សកម្មជន​ទាំង​នោះ​ បាន​នាំ​គ្នា​ចេញ​ដើរ​តាម​ដង​ផ្លូវ​ និង​ធ្វើ​ការ​ប្រមូលផ្តុំ​ក្នុង​ទី​តាំង​នានា​នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហភាព​សហជីព​កម្ពុជា។

ដំណាល​គ្នា​នោះ​ មាន​ក្រុម​ស្រ្តី​មួយ​ចំនួន​ទៀត​បាន​បន្ត​ចេញ​មក​តវ៉ា​ជា​ហូរហែ​រៀង​រាល់​ថ្ងៃ​សុក្រ ដើម្បី​ទា​ម​ទារ​ឲ្យ​តុលាការដោះលែង​ស្វាមី និង​ឪពុក​របស់​ពួកគេ​ ដែល​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ខេត្ត​រាជ​ធានី​ខាង​គណបក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ។ ​ស្ត្រី​ទាំង​នោះ​ ក៏​រង​ការ​អូស​ទាញ​ វាយដំ ទាត់​ធាក់​ពី​កង​កម្លាំង​សន្តិសុខ​ដែល​ចេញ​មក​បង្ក្រាបការ​តវ៉ា។ នេះ​បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់ ​អ.ស.ប ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ អ្នក​ចូល​រួម​តវ៉ា​ប្រឆាំង​ការ​ឃុំ​ខ្លួន​របស់​លោក ​រ៉ុង​ ឈុន ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន។ អ្នក​ជំនាញ​អ.ស.ប លើក​ឡើងថា​ មាន​មនុស្ស​១២​នាក់​ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន និង​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ដែល​អាច​ឲ្យ​ពួកគេ​ជាប់​ពន្ធនាគារ​ហូត​ដល់​២​ឆ្នាំ បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស។

លោក ​ជិន ម៉ាលីន​ ដែល​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ ក្រុម​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប​ ធ្វើ​សេចក្តី​រាយការណ៍​ដោយផ្អែក​លើ​ប្រភព​មិន​គ្រប់​ជ្រុង​ជ្រោយ។

«យើង​ឃើញ​ថា ប្រភព​ព័ត៌មាន​ដែល​គាត់​លើក​ហ្នឹង​ គឺ​ជា​ប្រភព​ព័ត៌មាន​តែ​មួយ​ជ្រុង​ ហើយ​ជាពិសេស​គឺ​ចេញ​ពី​ក្រុម​និង​អង្គការ​ដែល​មាន​និន្នា​ការ​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​ទេ...មិន​បាន​ចេញ​ពី​ប្រភព​គ្រប់​ជ្រុង​ជ្រោយ​និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​នោះ​ទេ»។

អ្នក​នាំពាក្យ​រូប​នេះ ចាត់​ទុក​អ្នក​ចេញ​មុខ​តវ៉ា ហើយ​ត្រូវ​បាន​បង្រ្កាប​ដោយ​អាជ្ញាធរ ថា​ជា​ក្រុម​ដែល​មាន«​ចេតនា​បង្ក​ចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម សណ្តាប់​ធ្នាប់​សាធារណៈ»។

ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ មិន​ឆ្លើយ​តប​សំណួរ​របស់​វីអូអេ​ដែល​បាន​ផ្ញើ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​ជា​រឿយៗ​ បាន​ច្រាន​ចោល​របាយការណ៍​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​ផ្អែក​លើ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក​បន្ថែម​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តែ​ជា​រឿង​ចម្រូង​ចម្រាស បន្ទាប់ពី​សហភាព​អឺរ៉ុប​សម្រេចដក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធមួយ​ផ្នែក​លើ​ការ​នាំ​ទំនិញចេញពី​កម្ពុជា។

«យើង​មើល​ទៅ​លើ​ការ​ចាប់​ផ្តើម​នៃ​ការ​ផ្តាច់​អនុគ្រោះពន្ធ​ EBA(Everything But Arms ឬ​«គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ») ​២០​ភាគរយ​ ដែល​ក្នុង​សហគមន៍​អឺរ៉ុប​គេ​តម្រូវ​ឲ្យ​កម្ពុជា​យើង​សា្ត​ឡើងវិញ​នៃ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​ ហើយ​នៅ​ក្នុង​របាយការណ៍​របស់​គេ​ហ្នឹង​ គេ​បាន​លើក​ឡើង​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ហ្នឹង​វា​ក្លាយ​ទៅ​ជា​ការ​រំលោភ​ជា​ប្រព័ន្ធ។ អ៊ីចឹង​ហើយ បាន​ជា​យើង​មើល​ឃើញ​ថា​ អា​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តែ​ជា​បញ្ហា​ចម្រូង​ចម្រាស»។ ​

ប្រតិកម្ម​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​ អ.ស.ប​ កើត​មាន​ឡើង​ ក្រោយ​ពីអ្នក​ការពារ​សិទ្ធិ​មនុស្ស​ម្នាក់ ​គឺ​លោក រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កក្កដា ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​ដែល​អះអាងថា​ មាន​ការ​បាត់​ដី​របស់​អ្នក​ស្រុក​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​សារ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម។

ក្នុង​ការ​តវ៉ា​ប្រឆាំង​ការ​ឃុំខ្លួន​លោក ​រ៉ុង ឈុន​ នោះ​ ព្រះ​សង្ឃ​មួយ​អង្គ​ ក៏​ត្រូវ​បាន​ចាប់ផ្សឹក​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ផង​ដែរ។ សកម្មជន​ភាគ​ច្រើន​ ដែល​ត្រូវ​ចាប់​ខ្លួន​ចំពោះ​ការ​ចូល​រួម​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​ ត្រូវ​បាន​ចោទ​ពី​បទ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខសង្គម។ បទ​ចោទ​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​នេះ ត្រូវ​បាន​រិះគន់​ថា​ដើម្បី​បំបិទសំឡេង​តវ៉ា​របស់​ប្រជាពលរដ្ឋ៕

XS
SM
MD
LG