ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន រិះគន់​មេធាវី​​ក្រុម​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ថា​ញុះញង់​ពលរដ្ឋ​ឲ្យ​តវ៉ា


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅ​ក្នុង​​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​នរា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី ២៦ ខែតុលា ឆ្នាំ២០២០។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​ថ្លែង​សរសើរ​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់លោក​ផ្ទាល់ ដែល​មាន​គ្នា​ប្រមាណ​១៥០​នាក់​ ខណៈ​លោករិះគន់​មេធាវី​មួយ​ចំនួន​របស់​អង្គការ​សង្គម​ស៊ីវិល ​ដែល​លោក​ថា​«ញុះញង់​»ប្រជាពលរដ្ឋ​ឲ្យ​ចេញ​មុខ​តវ៉ា។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល ​និង​ពិនិត្យ​លទ្ធផល​ការងារ​របស់​សមាជិក​ក្រុម​មេធាវីរដ្ឋាភិបាល និង​ក្រុមមេធាវី​ស្ម័គ្រចិត្ត​ដែល​មាន​ឈ្មោះ​ថា«សម្តេច​តេជោ​សែន» ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​ត្រូវ​មាន​ការ​រៀបចំ​លិខិត​បទដ្ឋាន​នានា ទាក់ទង​នឹង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក ឲ្យ​មាន​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ និង​ទទួល​បាន​ថវិកា​រដ្ឋ គឺ​ចេញ​ពី​ថវិកា​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី។

លោក​មាន​ប្រសាសន៍​ថា៖ «ដំបូង​ ខ្ញុំ​គួរ​តែ​និយាយ​កោត​សរសើរ​ចំពោះ​មេធាវី​រាជ​រដ្ឋាភិបាល ដែល​បាន​ខិត​ខំ​ទៅ​លើ​ការងារ​ទាំង​ឡាយ ដែល​រាជ​រដ្ឋាភិបាល​បាន​ប្រគល់។ ហើយ​ខ្ញុំ​ទទួល​យកដោយ​ការ​ពេញ​ចិត្ត​នូវ​សំណើ​ដែល​ត្រូវ​ឲ្យ​មានលិខិត​បទដ្ឋាន​គតិយុត្តិ និង​រចនា​សម្ព័ន្ធចាត់​តាំង​ឲ្យ​បាន​ត្រឹមត្រូវ»។

លោក ហ៊ុន សែន ក៏​បាន​ណែនាំ​ថាក្រសួង​នីមួយៗ ប្រហែល​ជា​អាច​រៀបចំ​ឲ្យមេធាវី​សម្រាប់​ស្ថាប័ន​របស់​ខ្លួន។

លោក ហ៊ុន សែន ក៏​បាន​កោត​សរសេរ​ចំពោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​បាន​ផ្តល់​មេធាវី​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ប៉ុន្តែ​លោក​ថា​មេធាវី​មួយ​ចំនួនរបស់​ក្រុម​សិទ្ធិ​មនុស្ស បាន​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖ «ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ទទួល​ជំនួយ​ពី​បរទេស​ ជួយ​សេវា​ផ្លូវ​ច្បាប់ និង​ការពារ​ចំពោះ​ជន​ក្រីក្រ។ តែ​ខ្ញុំ​ក៏​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ឆ្លៀត​ធ្វើ​សកម្ម​ភាព​ញុះញង់ បង្កើត​ឲ្យ​មាន​បាតុ​កម្ម។ រឿង​ខ្លះ​ រុញ​ពីកំពង់​សោម រុញ​ពី​កោះកុង រុញ​ពី​ក្រចេះ [មក​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ]។ មាន​ក្រុម​មេធាវី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ មិន​មែន​យើង​មិន​ដឹង​ទេ តែ​ចំណុច​អវិជ្ជមាន​ទាំង​នេះ យើង​មិន​ដែល​បាន​និយាយ​ទេ»។

លោក ស៊ឹង សែន​ករុណា​ អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក មាន​ប្រសាសន៍​ថា​សមាគម​របស់​លោក​ក៏​បាន​ផ្តល់​មេធាវី​ដល់​ប្រជាពលរដ្ឋ​ ហើយ​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់ មិន​ដែល​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​តវ៉ា​នោះ​ទេ។ លោក​បន្ត​ថា​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​ជ្រើស​រើស​ ដើម្បី​ផល​ប្រយោជន៍​សម្រាប់​ពួកគេ។

លោក​មាន​ប្រសាសន៍​ថា៖ «គាត់​ចង់​សម្រេច​ធ្វើ​បែប​ណា វា​ជា​សិទ្ធិ​សេរីភាព​ក្នុង​ផ្លូវ​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​ទាំង​ច្បាប់​ជាតិ និង​អន្តរ​ជាតិ​ជា​ដើម អាហ្នឹង​ជា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់។ ចំណែក​ខាងមេធាវី​ យើង​វិញ គឺ​យើង​ធ្វើ​តែ​ទៅ​តាម​នីតិវិធី​ផ្លូវ​ច្បាប់​ដែល​មាន​ចែងជា​ធរមាន​ហ្នឹង​ទេ»។

មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ត​ថា​វា​ជា​រឿង​ល្អ​ប្រសើរ​ ដែល​មាន​មេធាវី​ផ្តល់​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ប្រជា​ពលរដ្ឋ។ ប៉ុន្តែលោក​បារម្ភ​អំពី​ឥទ្ធិពល​របស់​មេធាវី​រដ្ឋាភិបាល ឬ​នាយករដ្ឋមន្រ្តី ដែល​លោក​ថា​អាច​មាន​គំនាប​ទៅ​លើ​តុលាការនៅ​ក្នុង​ការ​កាត់ក្តី។

លោក​មាន​ប្រសាសន៍​ថា៖ «ក៏​ប៉ុន្តែ​យើង​ក៏​មិន​ចង់​ឃើញ​អំពី​ក្រុម​មេធាវី​ណាមួយ ឬ​ក៏​ក្រុម​មេធាវី​ដែល​យក​ឥទ្ធិពល​របស់នាយករដ្ឋមន្រ្តី ទៅប្រើ​ជា​សម្ពាធ​ផ្សេងៗ​ជាមួយខាង​តុលាការ នោះ​ក៏​យើង​មិន​ចង់​ឃើញ​ដែរ។ សំខាន់​យើង​ចង់​ឃើញ​ភាព​ត្រឹម​ត្រូវ​និង​យុត្តិធម៌​នៃ​ក្រុមអ្នក​ពាក់ព័ន្ធ​ទៅ​នឹង​នីតិវិធី​ផ្លូវ​ច្បាប់​ទាំង​អស់​ហ្នឹង»។

លោក ស៊ឹង សែនករុណា បន្ត​ថា​កន្លង​ទៅ មាន​ការ​ខ្វះ​ខាត​មេធាវី​ការពារ​នៅ​តាម​បណ្តា​ខេត្ត សម្រាប់​សំណុំ​រឿង​ព្រហ្មទណ្ឌ​នានា ដែល​លោក​ថា​នេះ​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តុលាការ។

នៅ​តាម​តុលាការ​ក្នុង​បណ្តា​ខេត្ត​នីមួយៗ មាន​ប្រតិភូ​មេធាវី​ប្រចាំ​ខេត្ត ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​គណៈ​មេ​ធាវី ហើយ​ពួកគេ​មាន​តួនាទី​ជួយប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ពុំ​មាន​លទ្ធភាព​រក​មេធាវី និង​ការ​ស្នើ​សុំ​ពី​តុលាការ។

លោក គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្តរបស់​នាយករដ្ឋមន្រ្តី មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ថា​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​នាយករដ្ឋមន្រ្តី មាន​ចំនួន​១៣៨​រូប ដែល​មាន​នៅ​គ្រប់​បណ្តា​រាជធានី​ខេត្ត។ លោក​បន្ត​ថា​ក្រុម​មេ​ធាវី​ ក៏​បាន​ពិនិត្យ​មើល​ការ​ស្នើ​សុំ និង​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ តាម​ទំព័រ​ហ្វេសប៊ុក​របស់​នាយក​រដ្ឋមន្រ្តី និង​ជួប​ប្រជា​ពលរដ្ឋ​ដែល​ចេញ​មុខ​តវ៉ា​នៅ​កន្លែង​ផ្ទាល់៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG