ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃច័ន្ទ បានទាមទារឲ្យអាជ្ញាធរកម្ពុជា «បញ្ឈប់ជាបន្ទាន់»នូវការឃុំខ្លួន ការធ្វើទុក្ខបុកម្នេញនិងការប្រើប្រាស់កម្លាំងជ្រុលហួសទៅលើក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដោយបានហៅទង្វើទាំងនេះថា ជាការរំលោភសិទ្ធិរបស់ពួកគេ។
អ្នកស្រី Mary Lawlor អ្នករាយការណ៍ពិសេស អ.ស.ប ទទួលបន្ទុកឃ្លាំមើលស្ថានភាពអ្នកការពារសិទ្ធិមនុស្ស បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១៦ ខែវិច្ឆិកាថា៖ «ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរបាយការណ៍ ដែលគួរឲ្យជឿជាក់បានថា អ្នកការពារសិទ្ធិមនុស្សយ៉ាងតិច ២១ នាក់ បានរងការគំរាមកំហែង ការចាប់ខ្លួនតាមទំនើងចិត្ត និងការឃុំខ្លួនក្នុងរយៈពេល ៣ ខែកន្លងមកនេះ»។
អ្នកស្រីបាននិយាយបន្ថែមទៀតថា អ្នកស្រីបានពិនិត្យមើលរូបភាពដែលអាចមើលបានជាសាធារណៈដែលបង្ហាញពីការប្រើប្រាស់កម្លាំងជ្រុលហួសហេតុរបស់កងសន្តិសុខ ក្នុងការរារាំងអ្នកការពារសិទ្ធិមនុស្សដែលជាច្រើនជាស្ត្រី មិនឲ្យអនុវត្តសិទ្ធិជួបជុំគ្នាដោយសន្តិវិធីរបស់ពួកគេ។
អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេស អ.ស.ប ទទួលបន្ទុកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ក៏បានថ្លែងក្នុងសេចក្តីថ្លែងការណ៍នេះដែរថា អ្នកស្រីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផលប៉ះពាល់យូរអង្វែងទៅលើអង្គការសង្គមស៊ីវិល ហើយបានជំរុញឲ្យអាជ្ញាធរបញ្ចប់វិធីសាស្ត្រដ៏គ្រោះថ្នាក់ទៅលើក្រុមអ្នកការពារសិទ្ធិមនុស្ស។
ប្រតិកម្មរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់ អ.ស.ប នេះ ធ្វើឡើងក្រោយពីអ្នកការពារសិទ្ធិមនុស្សម្នាក់គឺលោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីចុងខែកក្កដា ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកអំពីការអះអាងថា មានការបាត់ដីរបស់អ្នកស្រុកនៅខេត្តត្បូងឃ្មុំ ដោយសារការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាម។
អ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ទៀត ដែលបានចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការឃុំខ្លួនលោក រ៉ុង ឈុន ក៏ត្រូវបានចាប់ខ្លួនផងដែរ។ បើតាមសេចក្តីថ្លែងការណ៍របស់ អ.ស.ប ដដែល មនុស្ស ១២ នាក់ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន និងប្រឈមមុខនឹងការចោទប្រកាន់ដែលអាចឲ្យពួកគេជាប់ពន្ធនាការរហូតដល់ ២ ឆ្នាំ បើត្រូវបានរកឃើញថា មានទោស។
ប៉ុន្តែ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានច្រានចោលការអំពាវនាវរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់ អ.ស.ប នេះ ដោយចាត់ទុកថារបាយការណ៍របស់ អ.ស.ប «មិនមានមូលដ្ឋានគ្រប់គ្រាន់និងគ្រប់ជ្រុងជ្រោយ» ហើយថារដ្ឋាភិបាលកម្ពុជាមិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ៕