លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បានសម្ដែងការព្រួយបារម្ភពាក់ព័ន្ធនឹងការព្រមានរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចថា នឹងប្រើគល់ឫស្សីវាយក្បាលអ្នកតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត។ ការសម្ដែងក្ដីបារម្ភនេះ ធ្វើឡើងក្នុងជំនួបរបស់លោកស្រី ជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃអង្គារនេះ ដែលជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរយៈពេលដប់ថ្ងៃរបស់លោកស្រីក្នុងប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចថ្ងៃដំបូងនាព្រឹកថ្ងៃអង្គារនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) បង្ហាញពីការព្រួយបារម្ភចំពោះការព្រមានពីអំពើហិង្សានានាមុនការបោះឆ្នោតជាតិនៅឆ្នាំក្រោយ រួមទាំងសារព្រមានប្រើគល់ឫស្សីវាយសំពងលើអ្នកតវ៉ាដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅឆ្នាំ២០១៨។
ការសម្ដែងក្តីបារម្ភរបស់អ្នករាយការណ៍សិទ្ធិមនុស្ស រ៉ូណា ស្មីត ធ្វើឡើងក្នុងជំនួបរបស់លោកស្រីជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ក្រោយកិច្ចប្រជុំបិទទ្វារដែលមានរយៈពេលជាង១ម៉ោង លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រីបានពិភាក្សារឿងរបាយការណ៍សិទ្ធិមនុស្ស ដែលនិងត្រូវដាក់ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនាពេលខាងមុខ និងបានក្រើនរំឭកពីអនុសាសន៍នានាដែលអង្គការសហប្រជាជាតិធ្លាប់បានផ្ដល់ដល់កម្ពុជា ក្នុងការរក្សាការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញផងដែរ។
ឆ្លើយនឹងសំនួររបស់ក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការព្រមានវាយសំពងក្បាលអ្នកតវ៉ាដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនាពេលខាងមុខ លោកស្រី រ៉ូណា ស្មីត បានឱ្យដឹងយ៉ាងខ្លីថា លោកស្រីពិតជាបានលើកឡើងពីការព្រួយបារម្ភនេះទៅកាន់លោក កែវ រ៉េមី ពិតមែន ក៏ប៉ុន្តែ លោក កែវ រ៉េមី ថា មិនមានបញ្ហាអ្វីដែលអាចប៉ះពាល់ដល់ការបោះឆ្នោតនោះទេ។
លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ក្នុងន័យដើមយ៉ាងដូច្នេះ៖
«ខ្ញុំបានលើកឡើងពីការព្រួយបារម្ភទាំងនេះផងដែរ ហើយឯកឧត្ដម (កែវ រ៉េមី) ក៏បានយល់ស្របថា វាគឺជាបញ្ហា ក៏ប៉ុន្តែវាមិនបានជួយអីនោះទេ មុនការបោះឆ្នោតនោះ»។
កាលពីថ្ងៃចន្ទសប្ដាហ៍កន្លងទៅ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា លោកនាយករដ្ឋមន្ត្រីនឹងប្រើកម្លាំងដើម្បីបង្ក្រាបទៅលើបក្សប្រឆាំង និងអ្នកគាំទ្របក្សប្រឆាំងណាដែលប្រឆាំងទៅនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០១៨ ដោយព្រមានសំពងក្បាលនឹងគល់ឫស្សី។
ក្រោយពីក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រិះគន់ធ្ងន់ៗជាច្រើនទៅលើរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ទាក់ទិននឹងការព្រមានហិង្សានោះ ក្រសួងសង្គមកិច្ចក៏បានចេញលិខិតកែតម្រូវសម្ដីរបស់រដ្ឋមន្ត្រីខ្លួនដោយអះអាងថា វាគ្រាន់តែ «ជាការក្រើនរំឭកដល់ប្រជាពលរដ្ឋ»ប៉ុណ្ណោះ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃក្នុងប្រទេសកម្ពុជាលើកនេះ ដើម្បីស្វែងយល់ពីការវិវត្តនៃការគោរពសិទ្ធិមនុស្ស និងត្រៀមធ្វើរបាយការណ៍របស់លោកស្រី ដាក់ជូនកិច្ចប្រជុំនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅខែកញ្ញាខាងមុខ។
យ៉ាងណាក៏ដោយ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានផងដែរថា ក្នុងជំនួបបិទទ្វារជាង១ម៉ោងនោះ លោកស្រី រ៉ូណា ស្មីត ពិតជាបានបង្ហាញការព្រួយបារម្ភពីការសារព្រមានវាយក្បាលអ្នកតវ៉ាដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនឹងគល់ឫស្សី។
ទោះជាយ៉ាងណា លោក កែវ រ៉េមី បានការពាររដ្ឋមន្ត្រីក្រសួងសង្គមកិច្ចដែលបានព្រមានវាយសំពងក្បាលអ្នកតវ៉ាដែលមិនទទួលស្គាល់លទ្ធផលឆ្នោតនឹងគល់ឫស្សីថា ជាការអប់រំតាមផ្លូវច្បាប់។
លោក កែវ រ៉េមី បញ្ជាក់យ៉ាងដូច្នេះ៖
«ខ្ញុំបានឆ្លើយតបទៅគាត់វិញថា ការលើកឡើងនេះគឺជាការព្រួយបារម្ភ ជាការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំនៅក្នុងរដ្ឋាភិបាល ដោយឈរទៅលើពីអតីតកាលប្រវត្តិសាស្ត្រ។ អាចនិយាយពីអតីតកាលកន្លងមក ឲ្យតែពេលបោះឆ្នោតហើយតែងមិនមានការទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។ ហើយចំណុចសំខាន់បំផុតមិនមែនជាការគំរាមកំហែងទេ គ្រាន់តែជាការអប់រំមួយតាមផ្លូវច្បាប់ ក៏ប៉ុន្តែគ្រាន់តែថាពាក្យសម្ដីរបស់គាត់នៃការប្រើនេះ វាបង្ហាញរូបភាពមួយដែលធ្វើឲ្យមានការប្រតិកម្មក្នុងវិស័យសិទ្ធិមនុស្ស»។
មុនពេលចាកចេញពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត ក៏ប្រាប់ក្រុមអ្នកសារព័ត៌មានផងដែរថា ក្នុងជំនួបជាមួយលោក កែវ រ៉េមី លោកស្រីក៏បានសម្ដែងក្ដីបារម្ភចំពោះការគោរពសិទ្ធិជនជាតិដើមភាគតិចនៅកម្ពុជា និងការបើកទឹកពន្លិចភូមិម្កររបស់ជនជាតិពូនង ដែលនៅក្បែរទំនប់វារីអគ្គិសនីសេសានក្រោម២ផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកស្រី រ៉ូណា ស្មីត ក៏គ្រោងជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងមន្ត្រីការទូតមួយចំនួនទៀតក្នុងប្រទេសកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកទីបួនរបស់អ្នករាយការណ៍សិទ្ធិមនុស្សរូបនេះ លោកស្រីក៏នឹងផ្ដោតសំខាន់ទៅលើសុវត្ថិភាពក្នុងការរស់នៅរបស់កុមារ ជាពិសេសពាក់ព័ន្ធនឹងការជួញដូរកុមារផងដែរ។
មុនចាកចេញពីប្រទេសកម្ពុជា លោកស្រី រ៉ូណា ស្មីត ក៏គ្រោងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី១៨ខាងមុខ នៅការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) ដើម្បីបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកទី៤របស់លោកស្រីមកកាន់ប្រទេសកម្ពុជា៕