កាលពីថ្ងៃចន្ទ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សលោក Volker Turk បានថ្កោលទោសការវាយប្រហារម្តងហើយម្តងទៀតរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន និងបាននិយាយថាលោកបារម្ភចំពោះពលរដ្ឋនៅអ៊ុយក្រែនក្នុងរដូវរងានេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Turk បាននិយាយថា ពលរដ្ឋ «ជាប់ក្នុងវដ្តនៃភាពភ័យខ្លាចតាមរយៈការវាយប្រហារជាបន្តរបស់រុស្ស៊ីលើអគារស៊ីវិលដូចជាមន្ទីរពេទ្យ សាលារៀន និងផ្សារធំៗជាដើម និងតាមរយៈរលកវាយប្រហារម្តងហើយម្តងទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលដែលធ្វើឱ្យដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស [អ៊ុយក្រែន]»។
លោក Turk ថ្លែងក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា៖ «ខ្ញុំបារម្ភចំពោះពលរដ្ឋអ៊ុយក្រែនក្នុងរដូវរងាដែលនឹងមកដល់ឆាប់ៗនេះ»។
លោក Turk ថា លោកមានអារម្មណ៍មួហ្មងដោយសារផលប៉ះពាល់នៃការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនាពេលថ្មីៗនេះលើជនស៊ីវិល ដែលក្នុងនោះរួមទាំងនៅក្នុងតំបន់ Kursk របស់រុស្ស៊ីផងដែរ។ កងកម្លាំងអ៊ុយក្រែនបានរុលចូលទ្រង់ទ្រាយធំទៅក្នុងតំបន់នោះដែលនៅជាប់ព្រំដែនអ៊ុយក្រែនកាលពីថ្ងៃទី ៦ ខែសីហា។
ការិយាល័យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សថា ខ្លួនបានស្នើសុំអាជ្ញាធររុស្ស៊ីកាលពីខែមុនដើម្បីចូលទៅមើលតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមនេះនៅក្នុងប្រទេសរុស្ស៊ី ដែលក្នុងនោះរួមទាំងតំបន់ Belgorod តំបន់ Briansk និងតំបន់ Kursk ផងដែរ។ តែលោក Turk បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរុស្ស៊ីបានបដិសេធសំណើរបស់លោក៕