នាយក​សិទ្ធិមនុស្ស​អ.ស.បថ្កោលទោស​ស្ថានភាព​នៅក្នុង​ជំរំ​ឃុំខ្លួនជន​ចំណាកស្រុក​នៅ​អាមេរិក

  • Lisa Schlein

រូបឯកសារ៖ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោកស្រី Michelle Bachelet ចូលរួមក្នុងកិច្ចប្រជុំមួយនៅប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។

លោកស្រី Ravina Shamdasani អ្នក​នាំពាក្យ​របស់​លោកស្រី Bachelet បាន​ប្រាប់ VOA ថា​លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​ ដែល​ធ្លាប់​ជា​អតីតគ្រូពេទ្យកុមារ​ ជាម្តាយ​ម្នាក់​ ជាជីដូនម្នាក់​និង​ជា​អតីត​ប្រមុខ​រដ្ឋម្នាក់​ ​មាន​អារម្មណ៍​អាណិត​ជា​ពន្ធពេក​ចំពោះ​កុមារ​ទាំងនោះ។

ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោកស្រី Michelle Bachelet បាន​ប្រកាស​ថ្កោលទោស​ស្ថានភាព​នៅក្នុង​ជំរំ​ឃុំឃាំង​ជនភៀសខ្លួន​ និង​ពួកជនចំណាក​ស្រុក​នៅ​ព្រំដែន​ភាគខាងត្បូង​សហរដ្ឋអាមេរិក។

នាយកសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លោកស្រី Michelle Bachelet បាន​ហៅ​ស្ថានភាព​នៅក្នុង​ជំរំឃុំខ្លួន​ទាំងនេះ​ថា​ មាន​ស្ថានភាព​គួរឲ្យ​រន្ធត់ចំពោះ​កុមារនិង​មនុស្ស​ពេញវ័យ​ ដែល​ជាជនភៀសខ្លួន​និង​ជាជនចំណាកស្រុក​ ជាពិសេស​គឺ​ សម្រាប់កុមារ​តែ​ម្តង។

លោកស្រី Ravina Shamdasani អ្នក​នាំពាក្យ​របស់​លោកស្រី Bachelet បាន​ប្រាប់ VOA ថា​លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​ ដែល​ធ្លាប់​ជា​អតីតគ្រូពេទ្យកុមារ​ ជាម្តាយ​ម្នាក់​ ជាជីដូនម្នាក់​និង​ជា​អតីត​ប្រមុខ​រដ្ឋម្នាក់​ ​មាន​អារម្មណ៍​អាណិត​ជា​ពន្ធពេក​ចំពោះ​កុមារ​ទាំងនោះ។

លោកស្រី Shamdasani បានថ្លែងថា «លោកស្រី Bachelet មាន​ក្តីរន្ធត់​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​កុមារ​ទាំងនោះ​កំពុង​ប្រឈម។ ពួក​គេ​ត្រូវ​បង្ខំ​ឲ្យ​ដេក​នៅ​លើ​កំរាលឥដ្ឋ​ផ្ទាល់​នៅក្នុង​ជំរំ​ដែល​មាន​មនុស្ស​កកកុញ​ គ្មាន​សេវា​ថែទាំសុខភាព​ គ្មាន​ម្ហូបអាហារ​គ្រប់គ្រាន់​ ព្រាត់ប្រាស់​ពី​ឳពុកម្តាយ​របស់​ពួកគេ​ និងរស់នៅ​ក្នុង​ស្ថានភាព​ខ្វះ​អនាម័យ។ ស្ថានភាព​ទាំងនេះត្រូវ​បាន​កត់​ត្រា​ដោយ​ការិយាល័យ​អធិការកិច្ច​នៃ​ក្រសួងសន្តិសុខមាតុភូមិ»។

លោកស្រី Shamdasani បានថ្លែង​បន្ត​ទៀតថា​ ការដកហូត​សេរីភាព​ពី​កុមារ​និង​មនុស្ស​ពេញវ័យ​ដែល​ជាជនចំណាកស្រុក​គួរ​តែ​ជា​វិធានការ​ចុងក្រោយ។ លោកស្រី​បាន​ថ្លែង​បន្ថែម​ថា​ ការិយាល័យ​សិទ្ធិ​មនុស្សអង្គការ​សហប្រជាជាតិ​មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ដែល​មើល​ទៅ​ហាក់​ដូចជា​មាន​ទំនោរ​ទៅរក​ការតាម​ចាប់​ខ្លួន​ ការឃុំ​ខ្លួន​និង​ចាប់​បញ្ជូន​ជន​ចំណាកស្រុក​មិនធម្មតា​មួយ​ចេញ​ពី​ប្រទេស។

លោកស្រី Shamdasani បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «នេះ​ជារឿង​គួរឲ្យ​ព្រួយបារម្ភ​ជាពិសេស​នៅក្នុង​ករណី​កុមារ​ដែល​ព្រាត់ប្រាស់​ចេញ​ពីក្រុមគ្រួសារ​របស់​ពួកគេ​ និង​ត្រូវ​បាន​ជាប់ឃុំ​នៅក្នុង​ជំរំ​ដែល​មាន​ស្ថានភាព​គួរ​ឲ្យ​រន្ធត់​ទាំងនេះ។ ទីភ្នាក់ងារ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ជាច្រើន​ទៀត ​បាន​រក​ឃើញ​ថា​ ជំរំ​ឃុំខ្លួន​កុមារ​ចំណាកស្រុក​ប្រហែល​ជា ​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ ​អមនុស្សធម៌ ឬ​អាចធ្វើ​បាប​កុមារ​តាមទម្រង់​ផ្សេងៗ​ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​អន្តរជាតិ»។

លោកស្រី Shamdasani បាន​ថ្លែង​ទៀត​ថា​ កុមារ​មិន​គួរត្រូវ​បាន​ចាប់ឃុំ​ខ្លួន​នៅក្នុង​ជំរំ​ឃុំ​ខ្លួន​អន្តោប្រវេសន៍​ ឬព្រាត់ប្រាស់​ពី​ក្រុមគ្រួសារ​របស់​ពួកគេ​ឡើយ។ លោកស្រីថា ទង្វើ​ទាំងអស់​នេះ​អាច​មាន​គ្រោះថ្នាក់​ដល់​ការលូតលាស់​ទាំង​ផ្នែក​ស្មារតី​និង​រាងកាយ​របស់​កុមារ​ទាំងនេះ។

លោក Kevin McAleenan រដ្ឋមន្រ្តី​ស្តីទី​ក្រសួងសន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃអាទិត្យ​កន្លង​ទៅ ​នៅ​តែ​អះអាង​ថា​ របាយការណ៍​អំពី​ស្ថានភាព​កខ្វក់ គ្មាន​អាហារ​និង​ទឹកគ្រប់គ្រាន់​ទាំងនេះ​ មិនទាន់​មាន​ការបញ្ជាក់​នៅ​ឡើយ​ទេ។ តាម​រយៈ​បទសម្ភាសន៍​តាម​ទូរទស្សន៍​នាពេលថ្មីៗ​នេះ​ លោករដ្ឋមន្រ្តី​ស្តីទី​បាន​និយាយ​ថា

ចំណាត់ការ​នានា​កំពុង​ត្រូវ​បាន​អនុវត្ត​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ជំរំ​ឃុំខ្លួន​មានភាពប្រសើរ​ឡើង។ សមាជិកសភា​សហរដ្ឋអាមេរិក​មួយចំនួន​ក៏​កំពុងអំពាវនាវ​ឲ្យ​បង្កើន​ការ​យកចិត្ត​ទុកដាក់​លើ​ជនចំណាកស្រុក​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​សហរដ្ឋអាមេរិក​ផងដែរ។

ក្រុមជនចំណាកស្រុក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ភ្នាក់ងារ​ល្បាត​ព្រំដែន​អាមេរិក​នៅឆ្នាំ​នេះ​មាន​ចំនួន​ច្រើន​បំផុត​ចាប់តាំង​ពី​ឆ្នាំ២០១៧មក។ គ្រាន់​តែ​នៅក្នុង​ខែឧសភា ភ្នាក់ងារ​នានា​បាន​ឃុំខ្លួន​ជនភៀសខ្លួន​ និង​ជនចំណាកស្រុក​ជិត១សែន ៣ម៉ឺន ៣ពាន់​នាក់ ដែល​ក្នុងនោះ​មាន​កុមារ​ដែល​គ្មាន​សាច់ញាតិ​មក​ជាមួយ​ចំនួនជាង​១ម៉ឺន ១ពាន់ ៥រយនាក់​ផងដែរ។

លោកស្រី Shamdasani បាន​ប្រាប់ VOA ថា​ ការ​ធ្វើ​ចំណាកស្រុក​គឺ​ជា​បញ្ហា​ស្មុគស្មាញ​ខ្លាំង​ណាស់។ លោកស្រី​បាន​ថ្លែង​ទៀត​ថា ​សហរដ្ឋអាមេរិក​ ប្រទេសម៉ិកសិក​ និង​បណ្តា​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្តាល​ត្រូវ​តែ​ធ្វើ​ការរួមគ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​ឫសគល់​បង្ក​ឲ្យ​ក្រុមជនចំណាកស្រុក​ទាំងនេះ​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ។ អ្នកស្រី​បាន​ថ្លែង​បន្ថែម​ទៀតថា​ វិបត្តិនេះ​ចាំបាច់​ត្រូវ​តែ​បញ្ចប់​តាមរយៈ​ការយកចិត្តទុក​ដាក់​ចំពោះ​សិទ្ធិ​របស់​ក្រុមជន​ចំណាកស្រុក​ទាំងនេះ​ជាចម្បង​ និង​ដាក់​ឲ្យ​បញ្ហានេះ​ជាបញ្ហាសំខាន់​នៅក្នុង​គោលនយោបាយ​នានា​ដែល​ត្រូវ​បាន​អនុម័ត៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា