ប្រធានផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Turk បាននិយាយកាលពីថ្ងៃចន្ទថា ការបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា «និងការបញ្ចៀសកុំឱ្យមានជម្លោះក្នុងតំបន់ទាំងមូល គឺជាអាទិភាពបន្ទាន់និងដាច់ខាត»។
លោក Turk បានថ្លែងក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីសថា៖ «យើងដឹងថា សង្គ្រាមហៀរធ្លាយដល់មនុស្សជំនាន់ក្រោយ ដោយបង្កជាវដ្តនៃសម្អប់បើគេមិនដោះស្រាយបុព្វហេតុនៃសង្គ្រាមនេះ។ សង្គ្រាមក្នុងតំបន់ហ្កាហ្សាគឺជាឧទាហរណ៍ដ៏ប្រចក្សមួយ»។
លោក Turk បានគូសបញ្ជាក់អំពីការវាយប្រហារ «ដ៏រន្ធត់» របស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល ការភៀសខ្លួនដោយបង្ខំរបស់ពលរដ្ឋតំបន់ហ្កាហ្សា ១ លាន ៩ សែននាក់ ការជាប់ឃុំរបស់ជនជាតិអ៊ីស្រាអែល ១០១ នាក់ជាចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា និង «ប្រតិបត្តិការដ៏បំផ្លិចបំផ្លាញនិងផ្តាច់ផ្តិលជីវិត» ក្នុងតំបន់ West Bank ដែល «កំពុងធ្វើឱ្យស្ថានការណ៍កាន់តែមានភយន្តរាយ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃអាទិត្យថានឹងបន្តសង្គ្រាមប្រឆាំងនឹងជនសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា ស្របពេលសង្គ្រាមនេះឈានចូលដល់ខែទី ១២។ លោកបាននិយាយថាប្រទេសរបស់លោក «ហ៊ុមព័ទ្ធដោយមនោគមវិជ្ជាឃោរឃៅដែលដឹកនាំដោយក្រុមបិសាចអ៊ីរ៉ង់»។
សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីបបានចំណាយពេលរាប់ខែមកហើយដើម្បីព្យាយាមសម្រុះសម្រួលឱ្យមានបទឈប់បាញ់និងការដោះលែងចំណាប់ខ្មាំង តែការចរចាបានជាប់គាំងម្តងហើយម្តងទៀត៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។