ប្រធាន​អ.ស.ប.​ផ្នែក​សិទ្ធិមនុស្ស​ស្នើ​ឲ្យ​មាន​សាមគ្គីភាព​នៅ​លីប៊ី​ប្រឆាំង​នឹង​ពួក​រដ្ឋ​អ៊ីស្លាម

រូបថតឯកសារ៖​ ព្រះ​អង្គម្ចាស់​នៃ​ប្រទេស​ហ៊្សកដានី​ Zeid Ra'ad Zeid al-Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅឯ​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​ អ.ស.ប.​ ក្នុង​ទីក្រុង​ហ្សឺណែវ កាលពី​ខែ​តុលា ឆ្នាំ​២០១៤។

ប្រធានអ.ស.ប.​ខាង​សិទ្ធិ​មនុស្ស​អំពាវ​នាវ​ដល់​ប្រជារាស្ត្រ​លីប៊ីឲ្យ​ពុះពារ​ឧបសគ្គ​នៃ​ការ​ខ្វែង​គំនិត​គ្នា​ខាង​នយោបាយ​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​ការ​បែក​បាក់​ ហើយ​រួបរួម​គ្នា​ប្រឆាំង​នឹង​ភាព​ជ្រុល​និយមនៅ​ក្រោយ​មាន​ការ​លាត​ត្រដាង​ថា ​ពួក​ជន​សកម្មប្រយុទ្ធ​នៃ​រដ្ឋអ៊ីស្លាម​បាន​កាត់​ក្បាល​កម្មករ​អេហ្ស៊ីប​កាន់​គ្រឹស្តសាសនា​២១​នាក់នៅ​ទីនោះ។

លោក​ Zeid Al Hussein​ អគ្គស្នងការ​អ.ស.ប.​ខាង​សិទ្ធិមនុស្ស​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖«ការ​សម្លាប់​យ៉ាង​ឃោរឃៅ​នៃ​ពួក​ជន​ទាំង​នេះ​និង​ការ​ប៉ុនប៉ង​យ៉ាង​អាក្រក់​ក្រៃលែង​ក្នុង​ការ​បង្ហាញ​ថា ​ការ​ធ្វើ​ឃាត​ជន​ទាំង​នេះ​ជា​ការ​ត្រឹមត្រូវ​និងលើក​តម្កើង​ការ​សម្លាប់​មនុស្ស​ទាំង​នេះ​នៅ​ក្នុង​វីដេអូ​មួយ​គួរ​ត្រូវ​ផ្តន្ទា​ទោស​ដោយ​មនុស្សគ្រប់​គ្នា...»។

លោក​ប្រធានាធិបតី​អេហ្ស៊ីប​ Abdel Fattah el-Sissi ​បាន​សុំ​ឲ្យ​អ.ស.ប.​នាំ​មុខ​គេ​ ដោយ​កាលពី​ថ្ងៃ​អង្គារ​លោក​បាន​សុំ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ឲ្យ​អនុម័តិ​សេចក្តី​សម្រេច​ចិត្ត​មួយ​អំពាវ​នាវ​ឲ្យមាន​អន្តរាគមន៍​យោធា​អន្តរជាតិ​ក្នុង​ប្រទេស​លីប៊ី។

ប្រទេស​ហ៊្សកដានី ​(Jordan) ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រជុំ​គ្រា​មាន​អាសន្ន​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.នៅ​ថ្ងៃពុធនេះ៕