មន្ត្រីអ.ស.ប.​៖​ អ.ស.ប.​បានឆ្លើយតបនឹង​សំណើ​កម្ពុជា​សុំផែនទី​ហើយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​នៅ​ក្នុង​អំឡុង​ពិធី​សម្ពោធ​ស្ពាន​អ្នកលឿង​ដ៏​វែង​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។

បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ស្នើ​សុំ​ខ្ចី​ផែនទី​កម្ពុជា​ដែល​បាន​តម្កល់ទុក​នៅ​ឯ​អ.ស.ប.ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា ​វៀតណាម ​ដែល​កំពុង​ក្លាយ​ជា​បញ្ហា​ដ៏​រសើប​នោះ​ មន្ត្រី​អ្នក​នាំពាក្យ​លោក​អគ្គលេខាធិការ​អ.ស.ប.ម្នាក់​គឺ​នាង ​Eri Kaneko ​បាន​ថ្លែង​បញ្ជាក់​ប្រាប់​វីអូអេ​ពី​ទីក្រុង​ញូវយ៉ក​មក​ថា ​ខ្លួន​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ព័ត៌មាន​ខ្លះហើយ។​

«អ.ស.ប.បាន​ផ្តល់​ជូន​កម្ពុជា​នូវ​ព័ត៌មាន​ដែល​ទាក​ទង​នឹង​ការ​ស្នើសុំ​ ដែល​យើង​ អាច​រក​ឃើញ​ហើយ។​ ហើយ​យើង​នឹង​បន្ត​ស្វែងរក​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ ដែល​កម្ពុជា​ត្រូវការ»។​

មន្ត្រី​អ.ស.ប.បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​ថា​ តើ​ព័ត៌មាន​អ្វីខ្លះ​ដែល​អ.ស.ប.​បាន​ផ្តល់​ជូន​កម្ពុជា​នោះ។​

ក្នុងសារ​លិខិត​កាលពី​ថ្ងៃទី៦ ​ខែកក្កដា ​ឆ្នាំ​២០១៥​ ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​បាន​ស្នើទៅលោក​អគ្គលេខា​ធិការ​អ.ស.ប. បាន់ គីមូន​ ដើម្បី​សុំខ្ចី​ផែន​ទី​ខ្នាត​១​ភាគ​១០០០០០ ​ដែល​កម្ពុជា​បាន​យក​ទៅ​តម្កល់ទុក​នៅ​ឯ​អ.ស.ប.កាលពី​ឆ្នាំ​១៩៦៤។ ​ការ​ស្នើ​សុំ​នេះ​ធ្វើឡើង​ ប៉ុន្មាន​ថ្ងៃ​ក្រោយពីពលរដ្ឋ​ កម្ពុជា ​និង​ពលរដ្ឋ​វៀតណាម​ហើយ​នឹង​ឆ្មាំ​ព្រំដែន​វៀតណាម​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ជាង​១០​នាក់​រង​របួស​ក្នុង​ខេត្ត​ស្វាយរៀង​នោះ។​

ក្រោយ​ពេល​ដែល​មាន​ការ​ផ្តល់​ព័ត៌មាន​ខ្លះ​ពី​អ.ស.ប. លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​សរសេរ​លិខិត​បី​ផ្សេង​គ្នា​ទៅ​កាន់​លោក​បារ៉ាក់ អូបាម៉ា ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ ​លោក​ Francois ​Hollande ​ប្រធានាធិបតី​បារាំង ​និង​លោក ​David Cameron ​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ ដើម្បី​សុំ​ខ្ចី​ឯកសារ​សំខាន់ៗ​ ទាក់ទិន​នឹង​ផែនទី​១​ភាគ​១០០.០០០​និង​សុំ​អ្នក​ជំនាញ​ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ ផែនទី​ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​សព្វថ្ងៃ។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​គ្រប់​គ្រង​អំណាច​ជាង​៣០​ឆ្នាំដោយ​ចាប់​ផ្តើម​ពី​ការ​លើក​បន្តុប​ដោយ​វៀតណាម​នោះ​ បាន​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ប្រើ​ពាក្យ​សម្តីដែល​ប៉ះពាល់​ដល់​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម។ ភាគ​ច្រើន​ លោក​ហ៊ុន សែន​គ្រាន់​តែ​បាន​បញ្ជាក់កម្រិតត្រឹម​តែ​ខ្ចីផែនទី​មក​គឺ​ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​ និង​រក​យុត្តិធម៌​ ដែល​លោក​ហើយ​នឹង​រដ្ឋាភិបាល​លោក​រង​ការ​ចោទ​ប្រកាន់​ពី​គណបក្ស​ជំទាស់​ជាច្រើន​ទសវត្ស​ថា​ បាន​ធ្វើ​ឲ្យ​បាត់​ទឹក​ដី​កម្ពុជា។​

តែលោក​បាន​បញ្ជាក់​ច្បាស់ៗ​ថា ការ​បោះ​បង្គោល​ព្រំដែន​ដែល​បាន​ធ្វើ​៨៣​ភាគ​រយ​ហើយ ហើយ​សល់​១៧​ភាគ​ទៀត​នោះ​ ក៏​អាច​សើរើ ​និង​ធ្វើ​ការ​ត្រួត​ពិនិត្យ​បាន​ដែរ។ ​គេជឿ​ថា​ នេះ​ជា​ការ​បញ្ជាក់​ច្បាស់លាស់​ដ៏​កម្រ​មួយ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នេះ។​

ប៉ុន្តែ​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​នឹង​មិន​ចាំ​ការ​សើរើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​នោះ​ទេ។​ ពួក​គេ​បាន​អះអាង​ថា​ គេ​នឹង​ធ្វើដំណើរ​ម្តង​ទៀត​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បីទៅ​ត្រួត​ពិនិត្យ​មើល​ព្រំដែន​ដែល​គេ​ចោទ​ថា ​វៀតណាម​បាន​ឈ្លាន​ពាន ​ដោយ​ការ​ធ្វើផ្លូវ ​បុស្តិ៍យោធា​ជួរ​មុខ​ ហើយ​នឹង​ជីក​ស្រះ​ចូល​ក្នុង​ទឹកដី​ខ្មែរ ​តែ​វៀតណាម​ថា​ ដី​ខ្លួន​ដែរ​នោះ។ ​លោក​អ៊ុំ សំអាន​ សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​ បាន​ថ្លែង​ថា ​ពលរដ្ឋ​ខ្មែរ​ សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​នឹង​ចាប់​ផ្តើម​ទៅមើល​ព្រំដែន​នៅក្នុង​ខេត្តស្វាយរៀង ​កន្លែង​ផ្ទុះ​អំពើ​ហិង្សា​ចុងក្រោយនេះ​ជាថ្មី​ម្តង​ទៀត​នៅថ្ងៃ​អាទិត្យ​ទី១៩​ ខែ​កក្កដា​ខាងមុខ​ ដោយលោក​និយាយ​ថា ​វៀតណាម​មិន​អើពើ​នឹង​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងការ​បរទេសដែល​សុំ​ឲ្យ​ផ្អាក​ការ​សាង​សង់​ផ្លូវ​នៅ​ទី​នោះ។​

«ទោះ​បី​ជា​មាន​ការ​ប្រឈម​យ៉ាង​ណា​ក៏ដោយ​ យើង​ត្រូវ​តែ​ទៅ​មើល​ឲ្យ​ដល់ថា​ តើ​ មាន​ការ​រំលោភ​ពី​សំណាក់​ប្រទេស​វៀតណាម​ ឬ​យ៉ាងណា?​ ​យើង​មិន​ចង់​បង្ក​ហិង្សា​ជាមួយប្រជា​ពលរដ្ឋ​វៀតណាម​ ក៏​ដូចជា​អាជ្ញាធរ​វៀតណាម​ កង​កម្លាំង​ប្រដាប់​អាវុធ​របស់​វៀតណាម​ដែរ។​ យើង​នឹង​សុំ​ការ​សហការ​ពី​អាជ្ញាធរ​ដែនដី​ ក្នុង​ខេត្ត​ស្វាយរៀង​ដើម្បី​ជូន​យើងទៅ​មើល​កន្លែង​រំលោភ​ពី​សំណាក់​ប្រទេស​វៀតណាម»។​

លោក​ថ្លែង​ថា​ ទោះ​ជា​មាន​ការ​រៀបចំ​កម្លាំង​ដែល​លោក​បាន​ឃើញ​តាម​បណ្តាញ ​ព័ត៌មាន​ក្តី​ក៏​លោក​បាន​អះអាង​ថា​ លោក​មិន​ខ្លាច​រអា មិន​ហ៊ានទៅ​ពិនិត្យ​មើល​ព្រំដែន​ទេ។​

របាយ​ការណ៍​ព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម​បាន​និយាយ​ថា​ ប្រទេស​វៀតណាម​ បាន​បដិសេធ​ថា​ គ្មាន​ការ​រៀបចំ​ចល័ត​កម្លាំង​ទ័ព​នោះ​ទេ។​

អ្នកនាំពាក្យអ.ស.ប.​បាន​ឲ្យ​ដឹងថា​ លោក​អគ្គលេខាធិការ​អ.ស.ប.បាន់ គីមូនបានកំពុង​ឃ្លាំមើល​បញ្ហា​ព្រំដែន​កម្ពុជា ​និងវៀតណាម​ ហើយ​គាំទ្រ​ភាគី​ទាំងពីរ​ក្នុង​ការ​ពិភាក្សា​គ្នា។​

ក្រោយពី​កិច្ច​ចរចា​គ្នា​កាលពី​ដើម​ខែ​កក្កដា​រវាង​គណៈ​កម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ ​ដែលគេ​អះអាង​ថាគ្មាន​លទ្ធផល​ធំដុំនោះ​ ប្រទេស​កម្ពុជាបាន​ផ្ញើរ​កំណត់​ទូត​ចុងក្រោយ​ទៅ​ប្រទេស​វៀតណាម​លើបញ្ហា​ចំនួន​បី​គឺ​ទី១​ សុំ​ឲ្យ​វៀតណាម​ លុប​ចោល​ស្រះ​ចំនួន​៨​កន្លែង​ក្នុង​ខេត្តរតនគីរី​ស្ថិត​នៅ​ចន្លោះ​បង្គោល​លេខ​៣០​ទៅ​៤០។​ ទី​២​សុំ​ឲ្យ​វៀតណាម​ផ្អាក​ការ​សាងសង់​បុស្តិ៍​យោធា​ជា​បន្ទាន់​ នៅ​ក្នុង​ភូមិ​ព្រែក​ស្បូវ ​ឃុំ​សំពៅ​លូន ​ស្រុក​កោះធំ ​ខេត្ត​កណ្តាល។​ ទី៣​ ​សុំ​ឲ្យ​វៀតណាម​ផ្អាក​ការ​សាង​សង់ផ្លូវ​នៅ​ស្រុក​ចន្ទ្រា​ និង​ស្រុក​កំពង់​រោទិ៍​ ខេត្ត​ស្វាយរៀង៕​