ទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកកិច្ចការជនភៀសខ្លួនព្រមានថា ចំនួនមនុស្សដែលបានត្រូវបង្ខិតបង្ខំឱ្យចាកចេញពីផ្ទះសម្បែង ពួកគេទំនងជានឹងកើនលើស៦០លាននាក់ក្នុងឆ្នាំ២០១៥។ អង្គការ UNHCR បានចេញផ្សាយរបាយការណ៍របស់ផងខ្លួនអំពីនិន្នាការពាក់កណ្តាលឆ្នាំ២០១៥ ដែលទាក់ទិននឹងការបង្ខិតបង្ខំឱ្យមនុស្សចាកចេញពីផ្ទះសម្បែងពួកគេក្នុងពិភពលោកក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ។
របាយការណ៍នេះរបស់អង្គការ UNHCR មិនបានរួមបញ្ចូលជនភៀសខ្លួនរាប់សែននាក់ដែលបានធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ទៅកាន់ទ្វីបអឺរ៉ុបដោយឆ្លងកាត់សមុទ្រ មេឌីទែរ៉ានេ និងមនុស្សរាប់ពាន់នាក់ទៀតដែលស្វះស្វែងរកកន្លែងជ្រកកោនគេចពីសង្គ្រាមជាច្រើននៅទូទាំងពិភពលោកក្នុងរយៈពេលពាក់កណ្តាលចុងក្រោយនៃឆ្នាំនេះទេ។
ក៏ប៉ុន្តែសេចក្តីរាយការណ៍នេះនិយាយថា តួលេខទាំងនេះមានច្រើនហួសនិស្ស័យ និងនាំឱ្យមានការភ្ញាក់ផ្អើល។ តួលេខបង្ហាញថា ជនភៀសខ្លួនទាំងអស់នៅទូទាំងពិភពលោកមានលើសពី២០លាននាក់នៅពាក់កណ្តាលឆ្នាំ២០១៥ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ១៩៩២មក។ ការសុំសិទ្ធិជ្រកកោនបានកើនឡើង៧៨ភាគរយលើសពីឆ្នាំទៅមិញ ហើយចំនួនមនុស្សខ្ចាត់ព្រាត់ពីផ្ទះសម្បែងនៅខាងក្នុងប្រទេសបានកើនឡើងប្រមាណ២លាននាក់ដោយឡើងដល់ប្រមាណ៣៤លាននាក់។
លោក Adrian Edwards ដែលជាអ្នកនាំពាក្យរបស់អង្គការអ.ស.ប.ទទួលបន្ទុកកិច្ចការជនភៀសខ្លួន បាននិយាយប្រាប់ VOA ថា កម្រិតបច្ចុប្បន្ននៃចំនួនមនុស្សដែលបានត្រូវបង្ខិតបង្ខំឱ្យចាកចេញពីលំនៅដ្ឋានបានត្រូវទស្សន៍ទាយថា នឹងឡើងដល់ជាង៦០លាននាក់នៅមុនដំណាច់ឆ្នាំនេះ ដែលជាចំនួនមិនឆ្លាប់ឃើញមានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
«នៅពេលសព្វថ្ងៃនេះ ក្នុងចំណោមមនុស្សក្នុងពិភពលោក១២២នាក់មានម្នាក់ប្រឈមនឹងបញ្ហាក្លាយទៅជាជនខ្ចាត់ព្រាត់ពីផ្ទះសម្បែង។ ហើយការណ៍នេះនាំឱ្យមានការបារម្ភខ្លាំងណាស់ ពីព្រោះពួកគេប្រឈមបញ្ហាច្រើន នៅពេលពួកគេក្លាយទៅជាជនភៀសខ្លួន។ នៅពេលសព្វថ្ងៃនេះ ពួកគេនៅតែជាជនភៀសខ្លួនជាច្រើនឆ្នាំ ហើយមនុស្សខ្លះជាជនភៀសខ្លួនមួយជីវិតតែម្តង»។
លោក Edwards និយាយថា ប្រជារាស្ត្រស៊ីរីច្រើននាក់បានរត់គេចខ្លួនពីសង្គ្រាមនិងការធ្វើទុក្ខបុកម្នេញក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ។ លោកថ្លែងថា ជនជាតិស៊ីរីមានជិតមួយភាគបួននៃជនភៀសខ្លួន២០លាននាក់ក្នុងពិភពលោក ហើយមានប្រជារាស្ត្រស៊ីរីរាប់លាននាក់ទៀតបានខ្ចាត់ព្រាត់ពីលំនៅដ្ឋាននៅក្នុងប្រទេសពួកគេផ្ទាល់។
«ខ្ញុំចង់ចង្អុលបង្ហាញអំពីការពិតជាក់ស្តែងនៅក្នុងប្រទេសស៊ីរី ដែលមានមនុស្សជាង៦លាននាក់ខ្ចាត់ព្រាត់ពីផ្ទះសម្បែងនៅខាងក្នុងប្រទេស ហើយនៅក្នុងប្រទេសជាច្រើនទៀតក៏មានកំណើនចំនួនជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងដែរ។ នេះជាការបារម្ភធំមួយ ពីព្រោះការខ្ចាត់ព្រាត់ពីលំនៅដ្ឋានក្នុងប្រទេសជាញឹកញយជាការព្រមានដំបូងមួយដែលបង្ហាញថា នឹងមានលំហូរក្រុមជនភៀសខ្លួនក្នុងពេលអនាគត»។
សេចក្តីរាយការណ៍នេះនិយាយថា អត្រានៃការវិលត្រឡប់ទៅផ្ទះវិញដោយស្ម័គ្រចិត្តមានកម្រិតទាបបំផុតក្នុងរយៈពេលបីទសវត្សរ៍មកនេះ។ អង្គការ UNHCR និយាយថា រដ្ឋាភិបាលមានឆន្ទៈនយោបាយតិចតួចដើម្បីធ្វើការជាមួយគ្នាសម្រាប់ស្វែងរកដំណោះស្រាយដល់បញ្ហាជនភៀសខ្លួន និងជនខ្ចាត់ព្រាត់ពីលំនៅដ្ឋានដែលកើនខ្លាំងឡើងៗ៕
ប្រែសម្រួលដោយលោកឈឹម សុមេធ