អង្គការ​សហ​ប្រជាជាតិ​បានឲ្យ​ដឹងថា​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាមបាន​ចាប់​ជនស៊ីវិល​២ម៉ឺន​នាក់​ជាខែលការពារ​មនុស្ស​នៅ​ក្រុង Raqqa

  • Lisa Schlein

រូបភាព​ឯកសារ៖ កាល​ពី​ថ្ងៃទី​១៧ កក្កដា ២០១៧ផ្សែង​ដោយសារ​ការវាយ​ប្រហារ​តាម​អាកាស​លើ​រដ្ឋឥស្លាម​នៅ​ Raqqa ភាគឦសាន​ប្រទេស​ស៊ីរី។

អង្គការ​សហ​ប្រជាជាតិ​កំពុង​ជំរុញ​ក្រុម​ការងារ​មនុស្ស​ធម៌ ​រួមទាំង​សមាជិកក្រុម​ចម្រុះ​ដែល​កំពុង​ប្រយុទ្ធ​ដណ្តើម​យក​ទីក្រុង Raqqa មកវិញនោះ​ ធ្វើ​អ្វី​ៗ​ដែល​អាច​ធ្វើ​បាន​ដើម្បី​ជួយ​មនុស្ស​ទាំងនោះ​ឲ្យ​គេច​ចេញ​ពី​ទីក្រុង​ដែល​មានការ​ប្រយុទ្ធ​គ្នា​នេះ‍។

មន្រ្តីជាន់​ខ្ពស់​ម្នាក់​របស់អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ថា ជនស៊ីវិល​២ម៉ឺននាក់​ដែល​ត្រូវ​បានចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្រុង Raqqa នៃ​ប្រទេស​ស៊ីរីនោះ បាន​ស្ថិត​នៅ​ក្នុង​ភាព​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ហើយ​គេត្រូវ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បីជួយ​ពួកគេ​ឲ្យ​គេច​ខ្លួនបាន។

លោកJan Egeland ជា​ទីប្រឹក្សា​ពិសេស​របស់​បេសកជន​ពិសេស​អង្គការ​សហ ប្រ​ជា​ជាតិ​ប្រចាំ​ប្រទេស​ស៊ីរី​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ជន​ស៊ីវិល​រាប់​ម៉ឺន​នាក់​ដែលជាប់​នៅ​ក្នុង​សង្កាត់​ខ្លះ​នៃ​ទីក្រុងRaqqaនៅ​ក្រោមការ​ត្រួតត្រា​របស់​ក្រុមរដ្ឋ​ឥស្លាមហួស​ពីការ​ស្មាន។

លោក Egeland បាន​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​អំពីការ​ខ្វះការ​ការ​ពារ​របស់​ពួកគេ​នៅពេល​ដែល​ការ​វាយ​ប្រហារ​ខាង​យោធា​ដើម្បី​ដណ្តើម​យក​ទី​ក្រុងរបស់​ស៊ីរី​ នោះពី​ក្រុមរដ្ឋ​ឥស្លាម​មក​វិញ​រីកកាន់​តែធំ​ឡើង។ លោក​និយាយ​ទៀត​ថា ​ជន​ស៊ី វិល​កំពុង​រង្គ្រោះ​កាន់​តែ​ខ្លាំង​ឡើង​មកពីការ​បាញ់ផ្តក់​យ៉ាង​ខ្លាំង​ដោយ​រដ្ឋាភិបាល​ស៊ីរី​ហើយ​នឹង​ការវាយ​ប្រហារ​តាម​អាកាស​ជាប្រចាំ​ដោយ​កងកម្លាំង​ក្រុមចម្រុះ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

លោក​បាន​ថ្លែងថា៖ «ការណ៍​នេះ​ហាក់​ដូចជា​ជន​ស៊ី​វិលទាំង​នោះមិន​អាច​គេចខ្លួន​ទេ ខ្ញុំគិតថា​ មិនមាន​ទីកន្លែង​ណា​នៅ​លើ​ផែនដី​នៅពេល​ឥឡូវនេះ​អាក្រក់​ជាង​សង្កាត់​៥​នោះ​សម្រាប់​មនុស្ស​២​ម៉ឺន​នាក់​នោះ​ទេ‍»។

លោក Egeland និយាយ​បន្តទៀត​ថា អង្គការ​សហ​ប្រជាជាតិ​កំពុង​ជំរុញ​ក្រុម​ការងារ​មនុស្ស​ធម៌ ​រួមទាំង​សមាជិកក្រុម​ចម្រុះ​ដែល​កំពុង​ប្រយុទ្ធ​ដណ្តើម​យក​ទីក្រុង Raqqa មកវិញនោះ​ ធ្វើ​អ្វី​ៗ​ដែល​អាច​ធ្វើ​បាន​ដើម្បី​ជួយ​មនុស្ស​ទាំងនោះ​ឲ្យ​គេច​ចេញ​ពី​ទីក្រុង​ដែល​មានការ​ប្រយុទ្ធ​គ្នា​នេះ‍។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា៖ «ពលរដ្ឋ​ដែល​ចេញ​មក​មិន​អាច​ប្រឈម​ការវាយ​ប្រហារ​តាម​អាកាសមិនថា​ការវាយ​ប្រហារ​នោះ​នៅ​ពេល​ណា​ឬទីកន្លែង​ណា​នោះ​ទេ។ តើ​នេះ​ជាពេល​ដែលអស់លោក ​អ្នក​ប្រកាស​ពីការ​ផ្អាក​ជំនួយ​មនុស្សធ៌ម​ដែល​យើង​បាន​ធ្វើ​នៅ​ទី​កន្លែង​ជា​ច្រើន រួមទាំង​ទីក្រុង Aleppo និង​ទី​កន្លែង​ផ្សេង​ទៀត​ដែរឬ។

​លោកEgelandទទួល​ស្គាល់ពីការ​លំបាកនៃការ​អនុម័ត​ការផ្អាកជំនួយ​មនុស្ស​ធម៌​នៅ​ក្នុងការ​ប្រយុទ្ធ​ដើម្បី​អនុញ្ញាតិ​ឲ្យ​ជន​ស៊ីវិល​រត់​គេច​ខ្លួន​នោះ។ លោក​និយាយ​ទៀត​ថា ​ការណ៍​នេះ​សំខាន់​បំផុត​ពី​ព្រោះ​តែ​អង្គការ​សហ​ប្រជាជាតិមិន មាន​ដៃគូ​ចរចា​នៅ​ក្រុង Raqqa ដែល​ជា​រដ្ឋ​ធានីដែល​បាន​ប្រកាស​ដោយ​ក្រុម​រដ្ឋឥស្លាម (ISIS)។

ខុស​ពីតំបន់​ផ្សេង​ៗ​ទៀត ​ដូចជា​ទីក្រុង Aleppo ដែល​នៅទី​នោះគេ​អាច​ធ្វើ​ឲ្យ​សម្រេច​នូវការផ្អាក​ជំនួយ​មនុស្ស​ធម៌នេះបាន លោក​និយាយ​ទៀត​ថា ​អង្គការ​សហប្រជាជាតិ​មិន​មានការ​ទាក់​ទង​ជាមួយ​ពួក​អ្នក​ប្រយុទ្ធ​របស់​ក្រុមរដ្ឋ​ឥស្លាម​ដែល​មាន​ចេតនាប្រើប្រាស់​ជន​ស៊ីវិល​ជា​ខែ​ល​ការពារនោះ។ យោងតាមអង្គការ​សិទ្ធិ​មនុស្ស Amnesty Internationalបាន​ប្រាប់​ឲ្យ​ដឹងថា ​មនុស្សរាប់​រយ​នាក់​បាន​ត្រូវគេ​សម្លាប់​ឬរង​របួស​ចាប់​តាំង​ពីការវាយ​ប្រហារដណ្តើម​យក​ទីក្រុង Raqqa ពី​ក្រុម​រដ្ឋ​ឥស្លាម​មក​វិញដែល​បាន​ចាប់ផ្តើម​នៅខែ​មិថុនា​មក៕

ប្រែ​សម្រួល​ដោយជឹង ​ប៉ូជីន