មន្រ្តី​សិទ្ធិ​មនុស្ស​អ.ស.ប.​បារម្ភ​ខ្លាំង​អំពី​សេចក្តី​ព្រាង​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត​ (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ លោកស្រី ​Rhona Smith ​និង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​របស់​ស្ថាប័ន​អន្តរ​ជាតិ​មួយ​នេះ ​បាន​បង្ហាញ​ក្តី​បារម្ភ​ខ្លាំង​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ នឹង​រឹតត្បិត​សេរីភាព​របស់​ប្រជា​ពលរដ្ឋ ​ក្នុង​នោះ​មាន​សេរីភាព​ដើរ​ហើរ​ សេរីភាព​ប្រមូល​ផ្តុំ​ និង​សេរីភាព​បញ្ចេញ​មតិ។​

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ «ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន»​ ត្រូវ​បាន​រិះគន់​ដោយ​អង្គការ​អន្តរ​ជាតិ​មួយ​ចំនួន​ថា​ នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ក្នុង​ការ​រឹត​ត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ និង​ការ​គ្រប់គ្រង​អំណាច​បន្ថែម​ទៀត​របស់​គណបក្សកាន់​អំណាច។​

កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មេសា អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​កត់​សម្គាល់​ក្តី​បារម្ភ​នេះ​ នៅ​ក្នុង​លិខិត​មួយ​ទៅ​រដ្ឋាភិបាល​កម្ពុជា។​

លោកស្រី ​Rhona Smith​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ថា៖ ​«យោង​តាម​អ្នក​ជំនាញ​ឯករាជ្យ ​ប្រសិន​ជា​ត្រូវ​បាន​អនុម័ត​ ​ច្បាប់​នេះ​អាច​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​សិទ្ធិ​ខាង​សមាគម​ និង​សិទ្ធិ​ជួប​ជុំ​ដោយ​សន្តិវិធី​ ហើយ​និង​សិទ្ធិ​ក្នុង​ការ​ដើរ​ហើរ​ ដូច​មាន​ចែង​ក្នុង​កតិកា​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ»។

លោកស្រី​បន្ត​ថា៖​ «អ្នក​ជំនាញ​ឯករាជ្យ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ព័ត៌មាន​ស្តីពី​វិធានការ​ទាំង​ឡាយ​ដែល​ត្រូវ​អនុវត្ត​ ដើម្បី​ធានា​អនុលោមភាព​នៃ​សេចក្តីព្រាង​ច្បាប់​នេះ​តាម​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា​ ក្រោម​ច្បាប់​និង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

នៅ​ក្នុង​លិខិត​ដាក់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ អ្នក​រាយ​ការណ៍​ពិសេស​រូប​នោះ ​រួម​ជាមួយ​មន្រ្តី​ជំនាញ​សិទ្ធិ​មនុស្ស​៣​នាក់​ទៀត​ បាន​បង្ហាញ​ក្តី​បារម្ភ​ខ្លាំង ​អំពី​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​មានន័យ​ទូលាយ​ នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ ​អំពី​ការ​ផ្តល់​អំណាច ​និង​ការ​ដាក់​ទោស​ទណ្ឌ។​ លោកស្រី​ក៏​បាន​កត់​សម្គាល់​ថា លោកស្រី​យល់​ពី​សេចក្តី​ត្រូវ​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​បង្កើត​ច្បាប់​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​រាតត្បាត​វីរុស​កូរ៉ូណា។​

លោក ​Pradeep Wagle​ តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ បាន​ប្រាប់ ​VOA ​តាម​អ៊ីម៉ែល​ នៅ​ថ្ងៃ​ពុធ​នេះ​ថា ​លិខិត​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​នោះ​ ត្រូវ​បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ នៅ​ទីក្រុង​ហ្សឺណែវ​ ប៉ុន្តែ​មិន​ទាន់​អាច​បញ្ជាក់​ថា​ តើ​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​កម្ពុជា ​ឬ​យ៉ាងណា​ទេ។​

គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ ដោយ​ការពារ​ថា ​ការ​រៀបចំ​ច្បាប់​នេះ ​«មិន​មាន​ចរិត​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ឬ​ជា​ឧបករណ៍​ប្រមូល​អំណាច​ ដូច​ការ​ចោទ​ប្រកាន់​បែប​អគតិ​របស់​ក្រុម​ប្រឆាំង​មួយ​ក្តាប់​តូច​នោះ​ទេ»។

គណៈ​កម្មាធិការ​បញ្ជាក់​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​ «មាន​តម្លៃ​ក្នុង​ការ​ការពារ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ សិទ្ធិ​ទទួល​បាន​នូវ​សន្តិភាព​ ស្ថិរភាព​សង្គម ​និង​ការ​អភិវឌ្ឍ»​ ហើយ​សេចក្តី​ព្រាង​ច្បាប់​នេះ​ «កាន់​យក​បទដ្ឋាន​និង​ស្តង់ដារ​កណ្តាល​មួយ​ពោល ​គឺ​មិន​តឹង​រ៉ឹង​ជាង​គេ​ពេក​ ហើយ​ក៏​មិន​ធូរ​រលុង​ជាង​គេ​ពេក​ដែរ​ដោយ​កម្ពុជា​បាន​ធ្វើ​ការ​សិក្សា​ពី​គំរូ​នៃ​ការ​អនុវត្ត​របស់​បណ្តា​ប្រទេស​ប្រជា​ធិបតេយ្យ»។

លោក ​Brad Adam​ នាយក​អង្គការ​សិទ្ធិ​មនុស្ស​ Human​Rights ​Watch​ ប្រចាំ​តំបន់​អាស៊ី​បាន​លើក​ឡើង​ថា​ ច្បាប់​នេះ ផ្តល់​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​នូវ​អំណាច​មិន​កំណត់​ស្ទើរ​តែ​ទាំង​អស់​ក្នុង​នោះ​មាន​អំណាច​អាជ្ញាសឹក​ផង​ដែរ។​

នៅ​លើ​វេបសាយ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ លោក​ Brad Adams ​និយាយ​ថា៖ «ហើយ​វា​[ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន] ក៏​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាន​សារ​អ៊ីម៉ែល និង​ស្តាប់​ការ​សន្ទនា តាម​ទូរស័ព្ទ ដែល​មិន​ចាំបាច់​សម្រាប់​សុខភាព​សាធារណៈ»។ លោក​បន្ថែម​ថា៖ «យើង​កំពុង​ឃើញ​ការ​បកស្រាយ​នៃ​ការ​ឆ្លើយ​តប​បែប​នេះ​នៅ​ក្នុង​ប្រទេស​ថៃ កម្ពុជា និង​ចិន ដែល​រដ្ឋាភិបាល​ព្យាយាម​បំបិទ​ការ​រិះគន់»។

កាល​ពី​សប្តាហ៍​មុន រដ្ឋសភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាបាន​អនុម័តសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ខណៈ​រដ្ឋាភិបាល​បាន​និង​កំពុងដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ដើម្បី​បញ្ចៀស​ការ​ឆ្លង​វីរុស​កូរ៉ូណា។

លោក ម៉ម ប៊ុននាង សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​ព្រឹទ្ធសភា​ពិនិត្យ​បញ្ចប់​រួច​ហើយ។​ លោក​បន្ត​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ពិនិត្យ​ដោយ​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​គ្រោង​នឹង​អនុម័ត​ដោយ​សមាជិក​ព្រឹទ្ធ​សភា​ នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ។​

លោក​បាន​ថ្លែង​ថា៖ ​«ស្អែក​ហ្នឹង​បាន​ដឹង​ថា​វា​យ៉ាង​ម៉េច។ ​ហើយ​ឆ្លង​ផុត​អាហ្នឹង​ហើយ​ ទៅ​ពេញ​អង្គ ​បាន​សមាជិក​សមាជិកា​ គេ​នឹង​ធ្វើ​ការ​សួរ​នាំ​បន្ត​ទៀត​ ពីព្រោះ​ច្បាប់​នេះ ​គឺ​ជា​ច្បាប់​សំខាន់​ដើម្បី​ដាក់​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន​នេះ ​គឺ​ជា​ច្បាប់​សំខាន់​ណាស់​ដើម្បី​សង្គម​ជាតិ​យើង​ទាំង​មូល»។​

សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល ​និង​សាធារណ​ជន​ដើម្បី​ចូលរួម​ផ្តល់​យោបល់​នោះ​ទេ។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ ​រដ្ឋាភិបាល​អាច​ហាម​ឃាត់​ ឬ​ដាក់​កំហិត​ទៅ​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ ដូច​ជា​ការ​ដើរ​ហើរ​ ការ​ជួប​ជុំ​ប្រមូល​ផ្ដុំ​ ការ​ប្រកប​មុខ​របរ​ ការ​ចែក​ចាយ​ព័ត៌មាន​ដែល​បង្ក​«ចលាចល​ ឬ​ដែល​នាំ​ឲ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ»​ និង​បើក​សិទ្ធិ​អំណាច​ឲ្យ​រដ្ឋាភិបាល​តាម​ដាន​ឃ្លាំ​មើល ​«ប្រព័ន្ធ​ទំនាក់​ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព»។​

ការ​រៀបចំ​ច្បាប់​ថ្មី​ជា​បន្ទាន់​នេះ​កើត​ឡើង​ ចំពេល​ដែល​កម្ពុជា​និង​ប្រទេស​នានា​នៅ​ទូទាំង​ពិភព​លោក​កំពុង​តែ​ប្រឈម​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ ហើយ​លោក ​ហ៊ុន ​សែន ​លើក​ឡើង​ថា​រដ្ឋាភិបាល​របស់​លោក​ខ្វះ​ឧបករណ៍​ផ្លូវ​ច្បាប់​ ដើម្បី​អនុវត្ត​មាត្រា​២២​ នៃ​រដ្ឋ​ធម្មនុញ្ញ​ស្ដីពី​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ ក្នុង​ករណី​ដែល​មាន​ព្រឹត្តិ​ការណ៍​ធ្ងន់ធ្ងរ​ណា​មួយ។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ​ ការ​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​អាច​ធ្វើ​ឡើង​ នៅ​ពេល​ប្រទេស​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ជាអាទិ៍​ គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម ​ឬ​ការ​ឈ្លាន​ពាន​ពី​កម្លាំង​បរទេស ​គ្រោះ​អាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ​បណ្តាល​មក​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ព្រម​ទាំង​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​ដែល​គំរាម​កំហែង ​ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​រីករាល​ដាល​ដល់​កម្រិត​ទូទាំង​ប្រទេស។​

កន្លងទៅ អង្គការ​ Human Rights Watch​ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ​ ដោយ​ពួក​គេ​ថា​ច្បាប់​នេះ​នឹង​ផ្តល់​អំណាច​ដល់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ដើម្បី​បង្រ្កាប​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។​

ប៉ុន្តែ​លោក ហ៊ុន សែន​ បាន​ថ្លែង​ការពារ​ថា​ច្បាប់​នេះ​មិន​មែន​ធ្វើ​ឡើង​ ដើម្បី​បំបិទ​មាត់​ក្រុម​ប្រឆាំង​នោះ​ទេ​ គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ ​ដែល​លោក​សំដៅ​លើ​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​នៅ​កម្ពុជា៕