អ្នករាយការណ៍​ពិសេស​ អ.ស.ប. ស្នើ​ឲ្យ​រដ្ឋាភិបាល​គោរព​ឆន្ទៈ​ម្ចាស់​ឆ្នោត និង​សិទ្ធិ​នយោបាយ

រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាឱកាសចុងបញ្ចប់បេសកកម្មនៅការិយាល័យទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ថា OHCHR នាទីក្រុងភ្នំពេញ នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។ (VOA)

អ្នកស្រី​ រ៉ូណា ស្មីត​ បាន​សង្កត់​ធ្ងន់​ផងដែរ​ថា​ សិទ្ធិ​មនុស្ស​មិនគួរ​​ត្រូវ​បាន​លះបង់​សម្រាប់​សិ្ថរភាព​ និង​ការ​អភិវឌ្ឍ​នោះ​ទេ។

អ្នកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​(អ.ស.ប.)​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ពុធនេះ​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​ចូលរួម​នយោបាយ​ពេញ​លេញ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​គោរព​ឆន្ទៈ​នយោបាយ​របស់​ពួក​គេ​ ដែល​បាន​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ និង​ក្រុម​ប្រឹក្សា​ធ្វើ​ជា​តំណាង​របស់​ពួកគេ​នៅ​សភា ​និង​នៅ​ថ្នាក់​មូលដ្ឋាន។ ​អ្នកស្រី​ ស្មីត​ បាន​សង្កត់​ធ្ងន់​ផងដែរ​ថា​ សិទ្ធិ​មនុស្ស​មិនគួរត្រូវ​បាន​លះបង់​សម្រាប់​សិ្ថរភាព​ និង​ការ​អភិវឌ្ឍ​នោះ​ទេ។​

ការ​ថ្លែង​របស់​អ្នកស្រី​ ស្មីត​ យ៉ាង​ដូច្នេះ​ ធ្វើឡើង​ ក្រោយ​ជំនួប​អស់​រយៈ​ពេល​ជិត​ពីរ​ម៉ោងរបស់​អ្នកស្រី​ ជាមួយ​លោក​ កែវ រ៉េមី ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

នៅ​ពេល​ដើរ​ចេញ​ពី​កិច្ចប្រជុំ​ ដែល​ធ្វើ​ឡើង​នៅ​ស្នាក់​ការ​កណ្តាល​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ ប្រេសិត​អ.ស.ប.រូបនេះ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ ​អ្នកស្រី​មិន​បាន​ពិភាក្សា​ជាក់​លាក់​ទាក់​ទិន​ការ​រំលាយ​គណបក្ស​ប្រឆាំង​នោះ​ទេ។ ​អ្នកស្រី​ ស្មីត​ ថ្លែងថា៖​

«ប៉ុន្តែ​ខ្ញុំពិត​ជា​បាន​ពិភាក្សា​អំពី​សេចក្តី​ត្រូវការ​នៃ​សិទ្ធិ​ពេញ​លេញ​ដើម្បី​ចូលរួម​ធ្វើ​នយោបាយ​នៅ​កម្ពុជា​ ហើយ​សម្រាប់​ទស្សនៈ​នានា​របស់​ប្រជា​ពលរដ្ឋ​ដែល​ចូល​រួម​ការ​បោះឆ្នោត​ ត្រូវ​តែទទួល​ការ​បាន​គោរព​ និង​ត្រូវ​បាន​ទទួល​ស្គាល់»។​

នៅ​លើ​គណនី​ហ្វេសប៊ុករបស់ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ហៅកាត់​ថា​ OHCHR​ ក៏​បាន​ពណ៌នា​សង្ខេប​អំពី​ជំនួប​របស់​ប្រសិត​អ.ស.ប.រូប​នេះ​ និង​លោក​ កែវ រ៉េមី តំណាង​ភាគី​កម្ពុជា​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ផង​ដែរ។​

អ្នក​រាយ​ការណ៍​ពិសេស​នេះ​ត្រូវ​បាន​ស្រង់​សម្តី​ពី​ជំនួប​នោះ​ តាម​ន័យ​ដើម​ថា៖​

«សម្រាប់​ប្រជាជន​កម្ពុជា​ជា​ច្រើន​ដែល​បាន​ទៅ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ​និង​ឆ្នាំ​២០១៧​ អាសនៈ​តំណាង​របស់​ពួក​គេ​ត្រូវ​បាន​កាន់​កាប់​ដោយ​អ្នក​ដែល​ពួកគេ​មិន​បាន​បោះ​ឆ្នោត​ឲ្យហើយ​ថែមទាំង​មិនដែលស្គាល់​ផង។​ បញ្ហា​នេះ​បង្ក​ឲ្យ​មាន​កង្វល់​យ៉ាង​ខ្លាំង​អំពី​សិទ្ធិ​ចូលរួម​នយោបាយ»។​

អ្នកស្រី​បាន​បន្ថែម​ថា​ អ្នកស្រី​ក៏​បាន​លើក​ឡើង​នូវ​ករណី​បុគ្គល​ដែល​អ្នក​ស្រី​មាន​កង្វល់​ជាពិសេស​ តែ​អ្នកស្រី​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​នោះ​ទេ។ ​នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បាន​សរសេរ​លើគណនី​ហ្វេសប៊ុក​របស់​ OHCHR។​

ការអញ្ជើញ​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​រយៈពេល​១០​ថ្ងៃ​របស់​អ្នកស្រី​ ស្មីត ​លើក​ទីប្រាំ​នេះ​ ​ធ្វើ​ឡើង​នៅ​ក្រោយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ដាក់​ពាក្យ​ប្តឹងរំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ទទួល​បាន​ការគាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​៤០​ភាគរយ​ទាំង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​ និង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧។ ​តុលាការ​កំពូល​ដែល​បាន​ចេញ​សាល​ដីកា​រំលាយ​គណបក្ស​ជំទាស់​កាល​ពី​ឆ្នាំ​២០១៧ ក៏​បាន​ហាម​ឃាត់​មិន​ឲ្យ​មេដឹកនាំ និង​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន១១៨​នាក់ធ្វើ​នយោបាយ​ផង​ដែរ។​

នៅមុន​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំនេះ​ ប្រធាន​គណបក្ស​នេះ​គឺ​លោក​ កឹម សុខា​ ត្រូវបាន​ចាប់​ខ្លួនពី​បទ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ដោយការ​ឃុបឃិត​ជាមួយ​សហ​រដ្ឋអាមេរិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា។ ​បទ​ចោទ​នេះ​ត្រូវ​បាន​លោក​ កឹម សុខា​ និង​សហ​រដ្ឋ​អាមេរិក​បដិសេធ។​

រូបឯកសារ៖ លោក​ កែវ រ៉េមី​ ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/VOA)

លោក​ កែវ រ៉េមី​ ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្រោយ​ការ​ជួប​ពិភាក្សា​ជាមួយ​អ្នកស្រី​ ស្មីត ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ទុក​ឲ្យ​បញ្ហា​សិទ្ធិ​មនុស្ស​មក​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​កិច្ច​អភិវឌ្ឍ​សង្គម​នោះ​ទេ។ ​លោក​ថា​ ដើម្បី​ប្រយោជន៍​ពលរដ្ឋ​មួយ​ភាគ​ធំ​ រដ្ឋាភិបាល​ត្រូវ​ហ៊ាន ​អារ​កាត់​ចំណែក​រាំងស្ទះ​ណា​មួយ​ ដែល​លោកមិន​បាន​ផ្តល់​សេចក្តី​លម្អិត​ទេ។​

លោក​ កែវ រ៉េមី​ មាន​ប្រសាសន៍​ថា៖​

«តួនាទី​រដ្ឋាភិបាល​ ខុស​ពី​តួនាទី​ ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្សរបស់​គាត់។​ រដ្ឋាភិបាល ​ដើម្បី​គ្រប់​គ្រង​ប្រទេស​មួយ​ បើសិនជា​យើង​ចង់​ការ​ពារ​មនុស្ស​ធំ​ ចំនួន​ធំ​ណា​មួយ​រាប់​លាន​នាក់​ យើង​ត្រូវ​ហ៊ាន​អារ​កាត់​ ​ប៉ះពាល់​មិនខាន​ទេ​ នៅ​ជ្រុង​ណា​មួយ។ ​ហើយ​ជា​ពិសេសគឺ​យើង​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់»។​

លោក​មាន​ប្រសាសន៍​បន្ត​ថា៖​

«ហើយ​ការ​អនុវត្ត​ច្បាប់​ ប្អូនឯង​ដឹង​ហើយថា​ បើសិន​ជា​មិន​នាំគ្នា​គោរព​ច្បាប់​ទេ​ ម៉េច​នឹង​អាច​សង្គម​មួយ​ដឹកនាំ​ទៅ​តាម​ គេ​ហៅ​ថា​ ឲ្យ​វា​មាន​សន្តិភាព​ត្រឹមត្រូវ​បាន។​ ប្រទេស​មួយ​ដែល​ដឹកនាំ​ អត់​យក​ច្បាប់​មក​ធ្វើ​ជា​គោល​ទេ​ វា​អាច​ទៅ​ជា​អនាធិបតេយ្យ​ហើយ អាហ្នឹង!»​

ប៉ុន្តែ​គណនី​ហ្វេសប៊ុក​របស់​ OHCHR ​បាន​សរសេរ​ថា​ ​អ្នក​រាយ​ការណ៍​ពិសេស​ស្តី​ពី​កម្ពុជា​បាន​សង្កត់​ធ្ងន់​ថា៖​

«សិទ្ធិ​មនុស្ស ​ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ អាស្រ័យគ្នា​ទៅវិញ​ទៅ​មក។ ​សិទ្ធិ​ពលរដ្ឋ ​សិទ្ធិ​នយោបាយ ​និង​សិទ្ធិ​សេដ្ឋកិច្ច​ សង្គម​កិច្ច​ និង​វប្បធម៌​ សិទ្ធិ​ទាំង​អស់​នេះ​មាន​សារៈ​សំខាន់​ស្មើៗ​គ្នា។ ​មិន​គួរ​លះបង់​សិទ្ធិ​មនុស្សឡើយ»។​

ក្នុង​ការ​វាយ​តម្លៃ​ពីស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​បាន​ធ្វើឡើងនៅ​ក្នុងដំណើរ​ទស្សន​កិច្ច​លើកទីបួន​របស់​អ្នកស្រី​ ស្មីត ​កាល​ពីខែ​សីហា​ ឆ្នាំ​២០១៧​ អ្នក​ជំនាញ​ការ​សិទ្ធិ​មនុស្ស​រូបនេះ​ បាន​ឲ្យដឹង​ថា​ មាន​ការ​កើន​ឡើង​នៃ​និន្នាការ​ប្រើ​ច្បាប់​ជាច្រើន​មក​គាប​សង្កត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សហជីព​ និង​សកម្មជន​នយោបាយ។ ​អ្នកស្រី​ថ្លែង​ថា​ រាល់​ច្បាប់​ទាំង​អស់​ត្រូវតែ​ប្រើ​ប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ស្មើភាព​ចំពោះ​រាល់​គ្នា​ ដោយ​មិន​ប្រកាន់​ភាព​ខុស​ប្លែក​គ្នា​ដោយ​ប្រការ​ណា​ឡើយ។​

យ៉ាងណាក៏ដោយ ​ ​ក្រោយ​ជំនួប​ជាមួយ​អ្នកស្រី ​ស្មីត​ នៅថ្ងៃ​ពុធនេះ​ លោក​ កែវ រ៉េមី​ បាន​ថ្លែង​ថា​ ពេល​វេលា​នឹង​បង្ហាញ​ឲ្យ​អ្នកស្រី​ ស្មីត បាន​ឃើញ​ថា​ ចំណាត់​ការ​នានា​របស់​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​ថែ​រក្សា​ការ​អភិវឌ្ឍ​ និង​ស្ថិរភាព​នោះ​ ​គឺ​ជា​កិច្ច​ការ​ត្រឹមត្រូវ​មួយ។​

«ខ្ញុំ​ជឿជាក់​ថា​ ថ្ងៃណាមួយ​ ឥឡូវ​ហ្នឹង​គាត់​យល់​ខុសមកលើ​រដ្ឋាភិបាល​ ក៏​ប៉ុន្តែ​ថ្ងៃណាមួយ​ គាត់​នឹង​យល់​ត្រូវ​ គាត់​នឹង​យល់​ឃើញ​ថា​ រដ្ឋាភិបាល​ធ្វើ​ត្រូវ។ ​សំខាន់​បំផុត​ថា​ ខ្ញុំថា​ សំខាន់​ នៅ​ពេល​ដែលកម្ពុជា​ធ្វើ​ត្រូវ​ ​អ្នកឯង​យល់​ថា​ ធ្វើ​ត្រូវ​ ប្រហែល​ជា​អ្នក​ឯង​ប្តូរ​តួនាទី​ លែង​ទៅ​គ្រប់​គ្រង​សិទ្ធិ​មនុស្ស​ហើយ​ ដល់​ពេល​ហ្នឹង​អ្នក​ឯង​នឹង​កោត​សរសើរ​ពី​កម្ពុជា​ថា ​ពិតជា​ធ្វើ​ត្រឹមត្រូវ»។​

នៅថ្ងៃ​ពុធ​នេះ ​អ្នកស្រី​ រ៉ូណា ស្មីត​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប. ក៏​បាន​ចូល​ជួប​ពិភាក្សា​ជាមួយ​លោក​ យូរ ឧត្តរា​ អនុប្រធាន​តុលាការ​កំពូល។ ព័ត៌មាន​ដែល​បាន​ចែក​រំលែក​លើ​គណនី​ហ្វេសប៊ុករបស់​ OHCHR ​បាន​ឲ្យ​ដឹង​ថា​ អ្នកស្រី ​ស្មីត​ បាន​លើក​ឡើង​ពី​ឯករាជ្យ​ភាព​តុលាការ ​ការ​បែង​ចែក​អំណាច ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ការហាម​ប្រាម​ជា​រួម​ មិន​ឲ្យ​សមាជិក​គណបក្សសង្គ្រោះជាតិ​ចំនួន​១១៨​រូប​ធ្វើ​សកម្មភាព​នយោបាយ។

រូបឯកសារ៖ លោក ​ហ្សេដ រ៉ាអាដ អាល ហ៊ូសសេន (Zeid Ra'ad Al Hussein) ឧត្តមស្នងការ​សិទ្ធិ​មនុស្សអ.ស.ប.។

ដោយ​ឡែក​ ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​គឺ​លោក ​ហ្សេដ រ៉ាអាដ អាល ហ៊ូសសេន ​(Zeid Ra'ad Al Hussein)​ បាន​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សអ.ស.ប.​ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​នៅ​ប្រទេស​កម្ពុជា ​លោក​មាន​កង្វល់ជា​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​នូវ​វិធាន​ការ​បង្ក្រាប​លើ​ទស្សនៈ​ផ្ទុយគ្នា​ និង​ការ​បិទលំហ​នយោបាយ​ និង​សង្គម​ស៊ីវិល។ ​បទ​ប្បញ្ញត្តិដែល​មាន​ពាក្យ​ពេចន៍​ចែង​ក្នុង​ន័យមិនជាក់លាក់ត្រូវបាន​គេប្រើប្រាស់​ដើម្បី​បំបិទ​មាត់​អង្គការ​សង្គមស៊ីវិល ​អ្នក​សារ​ព័ត៌មាន​ សមាជិក​ និង​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ផ្សេងៗ។​ នេះ​បើយោង​តាម​ព័ត៌មាន​ដែល​បាន​ចែក​រំលែក​លើ​គណនី ​Facebook ​របស់ ​OHCHR។​

លោក​អះអាង​ថា​ ចាប់តាំង​ពី​ក្រុម​ប្រឹក្សានេះ​បាន​ជួប​ប្រជុំ​ចុង​ក្រោយ​មក​ តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​ ដក​ហូត​សិទ្ធិ​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង​ ការធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ​និង​ក្រម​ព្រហ្ម​ទណ្ឌ​ កាល​ពី​ពេល​ថ្មីៗ​ ទំនង​ជា​កាន់តែ​ធ្វើ​ឲ្យ​ថម​ថយ​បន្តិច​ម្តងៗ​នូវសិទ្ធិ​នយោបាយ ​និង​សេរីភាព​ជា​មូលដ្ឋាន។​

លោក​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖

«ខ្ញុំ​កត់​សម្គាល់ ​និង​សូម​ស្វាគមន៍​ការ​រីក​ចម្រើន កាលពី​ពេល​ថ្មីៗ​នេះលើ​ការ​កា​រពារ​សង្គម​ និង​ប្រាក់​ឈ្នួល​អប្បបរមា ​ប៉ុន្តែ​ខ្ញុំ​ក៏​អំពាវនាវ​ផង​ដែរ​ដល់​រដ្ឋាភិបាល ​សូម​ឲ្យធានា​សិទ្ធិ​នយោបាយ​របស់​ប្រជា​ពលរដ្ឋ​ គោរព​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ ​សិទ្ធិ​ក្នុងការ​បង្កើត​សមាគម​ និង​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សូម​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​តួអង្គ​នយោបាយ​ផ្សេងៗ»៕