អង្គការសហប្រជាជាតិបានប្រាប់ឲ្យដឹង កាលពីថ្ងៃអង្គារថា សន្និសីទជាតិសម្រាប់ប្រទេសលីប៊ីដែលគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យ ដើម្បីនាំភាគីច្បាំងគ្នាមកជួបជុំគ្នា ទំនងមិនអាចធ្វើឡើងបានទេ បណ្តាលមកពីការប្រយុទ្ធគ្នារាលដាលកាន់តែធំឡើងនៅក្នុងរដ្ឋធានីទ្រីប៉ូលី។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Ghassan Salame បេសកកជនរបស់អង្គការសហប្រជាជាតិ បាននិយាយថា លោកនឹងសម្រេចធ្វើសន្និសីទជាតិឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន ក៏ប៉ុន្តែការប្រយុទ្ធគ្នានៅពេលបច្ចុប្បន្ននេះកំពុងលុបលើដំណើរការនយោបាយ។
លោក Salame និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖
«ខ្ញុំបញ្ជាក់ឡើងវិញថា ខ្ញុំនឹងធ្វើការសម្រេចជាងពេលណាទាំងអស់ដើម្បីធ្វើសន្និសីទជាតិនេះឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន នៅពេលដែលយើងមិនអាចអនុញ្ញាតឲ្យឱកាសនៅពេលបច្ចុប្បន្ននេះបាត់បង់នោះទេ។ យើងក៏មិនអាចសុំឲ្យពលរដ្ឋលីប៊ីចូលរួមសន្និសីទនោះ ស្របពេលដែលមានការបាញ់ផ្តក់កាំភ្លើងធំ និងការវាយប្រហារតាមអាកាស នៅពេលដែលយើងត្រូវធ្វើឲ្យប្រាកដថា អ្នកដែលសម្តែងនូវឆន្ទៈដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនិងជាតិមកពីគ្រប់ភាគីទាំងអស់ទូទាំងប្រទេសអាចចូលរួម និងអាចសម្តែងនូវការបញ្ចេញមតិដោយសេរី»។
លោកបេសកកជនបាននិយាយថា លោកនឹងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់ការវាយប្រហារកាន់តែខ្លាំងឡើងនៅពេលបច្ចុប្បន្ននេះ ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ហើយបានធ្វើឲ្យជនស៊ីវិលរាប់សិបនាក់ស្លាប់ រួមទាំងវេជ្ជបណ្ឌិត ២នាក់ផងដែរ៕