ក្រុម​សិទ្ធិមនុស្ស​អ.ស.ប.​​ថា ​ច្បាប់​ថ្មី​របស់​ប៉ូឡូញ​បង្ក​ហានិភ័យ​ដល់​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ

រូបឯកសារ៖ លោក Rupert Colville​ អ្នក​នាំពាក្យ​សិទ្ធិ​មនុស្ស​អ.ស.ប.​ ថ្លែង​ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​​ឆ្នាំ​២០១៦។

ការិយាល័យ​សិទ្ធិ​មនុស្ស​អ.ស.ប​ព្រមាន​ថា​ ច្បាប់​ថ្មី​របស់​ប្រទេស​ប៉ូឡូញ​ដែល​សម្រួលការ​បណ្តេញ​ចៅក្រម​នោះ​បង្ក​ហានិភ័យ​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​នោះ។​

ច្បាប់​ដែល​ស្នើ​ដោយ​គណបក្ស​កាន់​អំណាច​ឈ្មោះ​គណបក្ស​ច្បាប់​និង​យុត្តិធម៌​របស់​ប្រទេស​ប៉ូឡូញ​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​សុក្រ​ ដោយ​សភាប្រទេស​នេះ។​
មន្ត្រី​អ.ស.ប.​និយាយ​ថា​ ​ច្បាប់​នេះ​ដាក់​កហិត​បន្ថែម​លើ​ឯករាជ្យ​ភាព​របស់​ចៅក្រម​ដោយ​រឹត​ត្បិត​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពួក​គេ​ទាក់​ទង​នឹង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។​

អ្នក​នាំពាក្យ​សិទ្ធិ​មនុស្ស​អ.ស.ប.​លោក​ Rupert Colville​ និយាយ​ថា ចៅក្រម​មិន​គួរ​នៅ​ក្រោម​ឥទ្ធិ​ពលនយោបាយ​ទេ​ ហើយ​ក៏​មិន​គួរនាំ​នយោបាយ​ចូល​ក្នុង​តុលាការ​ដែរ។ ទោះ​យ៉ាងណា​ លោក​ប្រាប់​វីអូអេ​ថា​ ​ចៅក្រម​ក៏ដូច​ជា​អ្នក​ដទៃ​ទៀត​ដែរ​ មាន​សិទ្ធិ​សម្រេច​អំពីមតិ​ផ្ទាល់​ខ្លួន​ និង​ចូល​ជាសមាជិក​នៅ​ក្នុង​សមាគម​ដែល​ពួកគេ​ជ្រើស​រើស។​ លោក​កត់​សម្គាល់​ថា ​ច្បាប់​ថ្មី​នេះ​រឹតត្បិត​សកម្មភាព​ទាំង​នេះ​យ៉ាង​ខ្លាំង។​

លោក​ Colville ​បន្ត​ថា ​ច្បាប់​នេះ​ក៏​អាច​រារាំង​មិន​ឱ្យចៅក្រម​បំពេញ​កាតព្វ​កិច្ច​ស្រប​ច្បាប់​របស់​ពួក​គេ​ក្រោម​ច្បាប់​សហភាព​អឺរ៉ុប​ ហើយ​ថែម​ទាំង​មិនអាច​អនុវត្ត​ច្បាប់​របស់​សហភាព​អឺរ៉ុប​ឱ្យ​បាន​ត្រឹមត្រូវ​ទៀត​ផង។ ​លោក​បន្ថែម​ថា ​ច្បាប់​នេះក៏​ខុស​ពី​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ផង​ដែរ។ ​

ប្រទេស​ប៉ូឡូញ​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​សមាជិក​៤៧​ប្រទេស​សម្រាប់​អាណត្តិ​២​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០២០។​ លោក​និយាយ​ថា​ ក្នុង​នាម​ជា​សមាជិក​ថ្មី​ ​ប្រទេសនេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​និង​សេរីភាព​មូលដ្ឋាន​កម្រិត​ខ្ពស់៕