មន្ត្រី​អ.ស.ប​បញ្ជាក់​ពី​កិច្ចសហការ​ជាមួយ​នឹង​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​​រំលោភ​សិទ្ធិ​មនុស្ស

  • Nick Long

ទាហាន​​បេសកកម្ម​ MONUSCO របស់​អ.ស.ប​ពីរ​រូប​ឈរ​ល្បាត​នៅ​កំពង់​ផែ​ក្រុង​ Goma ភាគខាង​កើត​ប្រទេស​កុងហ្គោ។ ​

មន្ត្រី​អ.ស.ប​បាន​បញ្ជាក់​អំពី​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ហៅ​កាត់​ថា MONUSCO ​ដែលពី​មុន​មក​បាន​ធ្វើ​ការ​ជាមួយ​នឹង​មន្រ្តី​យោធា​កុងហ្គោ​ ដែលជាប់​សង្ស័យ​ពី​ការ​ប្រព្រឹត្ត​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។ ​លោក Martin Kobler ប្រធាន​បេសកកម្ម បាន​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា កិច្ច​សហការ​នោះ​បានកើតឡើង​ជា​ញឹក​ញយ​ណាស់។

ប្រធាន​បេសកកម្ម ​MONUSCO នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ លោក​ Martin Kobler​ បាន​ផ្តល់សេចក្តី​អត្ថាធិប្បាយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ មីនា​កន្លង​ទៅ​នេះ នៅការិយាល័យ​អ.ស.ប​ក្នុង​ទីក្រុង​ញូវយ៉ក ដោយ​និយាយ​ថា កាល​ពី​មុនមកបេសកកម្ម​នេះ​បាន​លះបង់​គោលការណ៍​នានា​របស់​អ.ស.ប​ «ច្រើនពេក» ដើម្បី​អាច​ធ្វើ​ការ​ជាមួយ​នឹង​មន្រ្តី​យោធា​កុងហ្គោ​ ដែល​ជាប់​សង្ស័យ​ពី​បទ​រំលោភ​បំពាន​ផ្សេងៗ។​

ក្រោយកិច្ចប្រជុំក្រុមប្រឹក្សា​សន្តិសុខរបស់​អ.ស.ប ​ លោក Kobler បានមាន​ប្រសាសន៍​បន្ត​ថា ​មាន​ឧត្តមសេនីយ៍​ពីរ​រូប​ ​ដែល​បេស​កកម្មលោក​បាន​សម្រេចកាលពីខែកុម្ភៈ​ថា មិន​អាច​គាំទ្រ​បាន​ត​ទៅ​ទៀត​ទេ ​ដោយ​សារ​តែ​គោលនយោបាយ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប។ ការសម្រេច​នេះ​ បាន​ធ្វើ​ឲ្យ​ បេសកកម្ម​ MONUSCO មិនបាន​រួមចំណែកក្នុង​ការវាយ​ប្រហារ​ធំៗ ដែល​ដឹក​នាំ​ដោយ​ឧត្តមសេនីយ៍​ទាំង​នោះ​ប្រឆាំង​នឹ​ងក្រុម​ឧទ្ទាម​ FDLR នៅ​រវ៉ាន់ដា​ទេ។

កាលពី​ថ្ងៃសុក្រ ប្រធាន​ការិយាល័យ​បេសកកម្ម​ MONUSCO លោក Daniel Ruiz បាន​ប្រាប់ វីអូអេ​អំពី​សេចក្តី​ថ្លែង​ការណ៍​លើក​ឡើង​ដោយប្រធាន​របស់​លោក​នៅ​ទីក្រុង​ញូវយ៉ក។

លោក​ Ruizនិយាយថា៖

«យើង​តែងតែ​មាន​វត្តមាន​ក្នុង​ការ​ធ្វើការ​ជាមួយ​មន្ត្រី​ទាហាន​កុងហ្គោ​ ហើយ​យើង​ឧស្សាហ៍ធ្វើ​ការ​ជា​មួយ​អង្គភាព ឬមន្ត្រីដែល​ជាប់សង្ស័យ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។ ត្រូវ​មាន​ការ​ចងចាំ​ថា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​យ៉ាងរ៉ាំរ៉ៃ​នា​ពេល​ថ្មីៗ​នេះ ហើយ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្សបែបនេះ​តែង​តែ​កើត​មាន​នៅ​កន្លែង​ដែល​មានសង្គ្រាម​ស៊ីវិល»។ ​

លោក Martin ​ Kobler ក៏​បាន​ប្រាប់​អ្នក​សារព័ត៌មាននៅ​ទីក្រុង​ញូវយ៉កផងដែរ​ថា កាល​ពី​មុន​បេសកកម្ម​នេះបាន​គាំទ្រឧត្តមសេនីយ៍​ពីរ​រូប​នេះ ពីព្រោះ​មាន​ការ​គិត​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ​ បានដាក់​ទោសទណ្ឌ​ទៅ​លើ​ពួកគេ ហើយ​រឿងក្តី​របស់​ពួកគេ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​រដ្ឋ​អាជ្ញា​យោធា។ ក៏​ប៉ុន្តែ ការ​ធ្វើ​ដូចនេះ​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ករណី​មួយ​ចំនួន។

លោក ​Kobler បាន​បញ្ជាក់​ថា មាន​មន្ត្រី​យោធា​ចំនួន ១១៨រូប​ ត្រូវបានជាប់ឈ្មោះ​ក្នុងបញ្ជី​ជន​ជាប់​សង្ស័យ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​របស់បេសកកម្ម​ MONUSCO ហើយ​បេសកកម្ម​មិន​គួរ​ធ្វើ​ការដោយ​សហការ​ជាមួយ​ពួកគេ​នោះ​ទេ។

ប៉ុន្តែ​នៅ​ឯ​ទីក្រុង​ Goma វិញ លោក Ruiz បាននិយាយ​ថា បេសកកម្ម​នេះ​មិន​បាន​លុប​ចោល​លទ្ធភាព​នៅក្នុង​ការ​សហការ​ជាមួយ​នឹង​ក្រុម​មន្រ្តី​ដែល​ជាប់​សង្ស័យ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នោះ​ទេ។​

លោក​បាន​បន្ត​ថា អ.ស.ប​មាន​គោល​នយោបាយ​ជារួម​មួយទៅលើ​គ្រប់ប្រតិបត្តិការ​រក្សា​សន្តិភាព ដើម្បី​ទប់​ស្កាត់ការរំលោភបំពាន​ផ្សេងៗ ក៏​ដូច​ជា​ចាត់​វិធានការ​នានា​នៅ​ក្នុង​ការ​ការពារ​ការ​រំលោភ​បំពាន​ទាំងនោះ។ នេះ​មិន​មាន​ន័យថា យើង​មិន​អាច​គាំទ្រអង្គភាព​ដែល​មាន​មន្ត្រី​ជាប់សង្ស័យ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នោះទេ។ ​មាន​វិធាន​ការ​ជាច្រើន​ដែល​យើង​អាច​ចាត់​ឡើង។ ឧទាហរណ៍ យើងអាចចាត់​មន្ត្រីសិទ្ធិមនុស្សឲ្យ​ធ្វើ​ការ​ជិតស្និទ្ធិ​នឹង​អង្គភាព​ទាំង​នោះ ឬ​ក្រុម​អ្នក​អង្កេតការណ៍​យោធា​នៅ​ពេល​ដែល​មាន​ប្រតិបត្តិការរួម។

លោកបាន​ធ្វើការ​សង្កត់​ធ្ងន់​ថា មិន​មាន​ការហាម​ឃាត់​ដាច់ខាត​ណាមួយ​ទៅ​លើ​ការ​សហការ​ជាមួយ​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​នោះ​ទេ។​

លោក Ruiz ក៏​បាន​លើកឡើង​ផង​ដែរថា យើងមិន​ត្រូវ​គិត​ថា​ ដោយ​សារ​តែមាន​មន្ត្រី​ជាប់សង្ស័យ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស យើង​មិន​អាច​ធ្វើ​ការងារ​ជាមួយ​នឹង​អង្គភាព​របស់​គាត់​នោះ​ទេ។ លោកបន្ថែមថា វា​អាស្រ័យ​ទៅលើស្ថានការណ៍​ជាក់ស្តែង​លើ​ករណីនេះ និង​ទៅ​លើ​វិធានការ​ចាត់​ឡើង​ដោយ​រដ្ឋាភិបាល ក៏​ដូចជា​អ.ស.ប។​

អ្នក​ឃ្លាំ​មើល​ប្រទេសកុងហ្គោ​និយាយ​ថា មិន​មាន​ការព្រមព្រៀង​គ្នា​នៅ​ក្នុង​ MONUSCO ទៅលើ​បញ្ហានេះទេ។ លោក​ Ruiz ដែល​ជាប្រធាន​ការិយាល័យ​ បាន​ក៏​បញ្ជា្កក់​ផង​ដែរ​ថា ពេល​ខ្លះ​មាន​ការ​ទាស់ទែង​គ្នា​រវាង​បុគ្គលិក MONUSCO ពិត​មែន។

លោក​ Ruiz បាន​និយាយ​ថា៖

«ពេល​ខ្លះខ្ញុំ​មិន​យល់ស្រប​នឹង​លោក​ កូប្លើដែរ ក៏​ប៉ុន្តែ​លោកជា​ចៅហ្វាយ​នាយ​របស់​ខ្ញុំ ដូចនេះ​ខ្ញុំ​ត្រូវ​ធ្វើ​តាម​លោក បើទោះជាខ្ញុំ​មិន​សូវ​ជាយល់ស្រប​នឹងលោករាល់ពេល​ក៏​ដោយ»។

លោក​បន្ថែម​ថា​ នៅ​ក្នុង​បែប​ផែន​ស្រដៀង​គ្នានេះដែរ ពេល​ខ្លះ​មាន​ការ​ទាស់ទែង​គ្នា​រវាង រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​ក្រុម​ការងារ​បេសកកម្ម MONUSCO តែទោះជាយ៉ាងណា មិន​ធ្លាប់​ដែល​មាន​ការបែក​បាក់ក្នុង​ទំនាក់ទំនង​ណា​មួយ​ទេ៕

ប្រែសម្រួលដោយ៖ ខាន់ សុគុំមនោ