លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប.)ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចោទសួរអំពីភាព «ពិតប្រាកដ» នៃជ័យជម្នះដែលគណបក្សគ្រប់គ្រងប្រទេស បានឈ្នះភ្លូកទឹកភ្លូកដី ចេញពីការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៨ ក្រៅពីបង្ហាញឲ្យឃើញថា កម្ពុជានឹងក្លាយជារដ្ឋឯកបក្សពេញមួយអាណត្តិថ្មី ហើយបាត់បង់លទ្ធិប្រជាធិបតេយ្យបែបសេរីនិយមពហុបក្ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃពុធ។
លោកស្រី ថ្លែងតាមខ្លឹមសារដើមថា៖
«ដូច្នេះប្រទេសកម្ពុជាក្លាយជារដ្ឋឯកបក្សយ៉ាងជាក់ស្តែង ហើយប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ត្រូវដាក់ទៅក្នុងប្រវត្តិសាស្ត្ររយៈពេល៥ឆ្នាំទៀត គឺ អាណត្តិនៃសភាបច្ចុប្បន្ន»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅសំឡេងឆ្នោតច្រើនលើសលុប នៅពេលមានគណបក្ស ១៩ទៀត ក្រៅពីគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត។ នៅទីចុងបញ្ចប់គណបក្សប្រជាជនទទួលបានអាសនៈសរុបចំនួន១២៥ ក្នុងរដ្ឋសភា ដែលរឿងនេះ ធ្វើឲ្យមានការរិះគន់ខ្លាំងពីប្រទេសលោកខាងលិច និងមន្ត្រីអ.ស.ប ផ្នែកសិទ្ធិមនុស្សថា ជាការបោះឆ្នោត«មិនពិតប្រាកដ»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាគឺ លោក ស្រី រ៉ូណា ស្មីត បានចោទសួរជាថ្មីចំពោះស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជា ហើយនឹង«ភាពពិតប្រាកដ» នៅពេលលោកស្រី ដាក់របាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បអំពីការដែលមានការធ្វើទុក្ខបុកម្នេញ ក្រុមជំទាស់ ចាប់លោកប្រធាន កឹម សុខា ដាក់គុកពីបទចោទក្បត់ជាតិ រឿងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល រំលាយគណបក្សសង្គ្រោះជាតិ រឹតត្បិតសេរីភាពព័ត៌មាន និងសង្គមស៊ីវិល ជាដើម មុនការបោះឆ្នោតសាកល។ លោកស្រីបន្តថា៖
«ការដេញដោល នយោបាយ ពហុភាគីគឺជាកត្តាចាំបាច់មួយដើម្បីមានការប្រកួត ប្រជែងនៅគ្រប់ការបោះឆ្នោត»។
លោកស្រី រ៉ូណា ស្មីត ដែលកោតសរសើរពីការបោះឆ្នោតនានា ដែលប្រព្រឹត្តទៅមុនការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨ ថា មានការរីកចម្រើនយ៉ាងប្រសើរឡើងនោះ បានបញ្ជាក់ទៀតថា៖
«ខ្ញុំលើកទឹកចិត្តដល់រដ្ឋាភិបាលឲ្យបង្កើតបរិយាកាសប្រសើរសម្រាប់ក្រុមអង្គការសង្គមស៊ីវិលធ្វើប្រតិបត្តិការ។ រឿងនេះគឺជាជំហានសំខាន់ក្នុងការបង្កើតលំហសេរីភាព សម្រាប់ការសួរដេញដោល ឲ្យបានយល់ដឹងអំពីបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចិរភាព និង សន្តិភាពជានិរន្តរ៍»។
រាជរដ្ឋាភិបាលកម្ពុជាកំពុងបញ្ចុះបញ្ចូលអន្តរជាតិឲ្យមានការទទួលស្គាល់រដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត ដែលមានការរិះគន់ខ្លាំងពីស.រ.អានិង សហភាពអឺរ៉ុប ប្រទេសលោកខាងលិចជាច្រើននោះ។
គណៈប្រតិភូជាច្រើនដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមថ្លែងសុន្ទរកថានៅបុរីញូវយ៉ក ក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៧៣ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែ កញ្ញា និងកិច្ចប្រជុំតំបន់ ហើយនឹងសាកលក្នុងប្រទេសមួយចំនួនទៀត៕