មន្រ្តីម្នាក់របស់អង្គការសហប្រជាជាតិបានប្រាប់ VOA ថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានចរចាជាមួយកូរ៉េខាងជើងអំពីលទ្ធភាពនៃដំណើរបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានីព្យុងយ៉ាងដោយមន្រ្តីសិទ្ធិមនុស្សជាន់ខ្ពស់ម្នាក់របស់អង្គការសហប្រជាជាតិ។
ដំណើរបំពេញទស្សនកិច្ចនេះនឹងក្លាយជាឱកាសលើកទីមួយរបស់អង្គការសហប្រជាជាតិដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងដើម្បីសើរើពិនិត្យមើលប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសនោះ។ អង្គការសហប្រជាជាតិបានទាមទារជាយូរយារណាស់មកហើយឲ្យកូរ៉េខាងជើងអនុញ្ញាតឲ្យមានដំណើរបំពេញទស្សនកិច្ចដោយអ្នកស៊ើបអង្កេតម្នាក់ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ខ្លួនលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនោះ ក៏ប៉ុន្តែ កាលពីពេលមុន ប្រទេសកុម្មុយនិស្តនេះបានច្រានចោលសំណើបែបនេះទាំងអស់។
មន្រ្តីម្នាក់នៅឯការិយាល័យរបស់ស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា លោក Ri Su Yong រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានអញ្ជើញលោក Zeid Ra’ad al-Hussein ស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទៅបំពេញទស្សនកិច្ចនៅប្រទេសរបស់លោកក្នុងអំឡុងពេលនៃជំនួបរបស់អស់លោកកាលពីពេលថ្មីៗនេះក្នុងទីក្រុងញូវយ៉ក។ មន្រ្តីម្នាក់បានសរសេរអ៊ីម៉ែលមក VOA ថា «ការិយាល័យរបស់យើងបានស្វះស្វែងទាក់ទងជាមួយសាធារណរដ្ឋប្រជាធិបេតយ្យប្រជាមានិតកូរ៉េ ឬ DPRK ស្តីពីការពិភាក្សាលើបញ្ហាសិទ្ធិមនុស្ស។ ស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិស្វាគមន៍ការអញ្ជើញទៅបំពេញទស្សនកិច្ចប្រទេសនេះដែលធ្វើឡើងដោយរដ្ឋមន្រ្តីរបស់សាធារណរដ្ឋប្រជាធិបេតយ្យប្រជាមានិតកូរ៉េឬ DPRK ក្នុងអំឡុងនៃជំនួបរបស់អស់លោកក្នុងបុរីញូវយ៉ក។ យើងនឹងបន្តពិភាក្សាជាមួយ DPRK ដើម្បីប្រុងប្រៀបរៀបចំការងារនៃដំណើរបំពេញទស្សនកិច្ចនេះ»៕