ផលវិបាកពីច្បាប់បោះឆ្នោតថ្មី គឺត្រូវបានបង្ហាញឲ្យឃើញភ្លាមៗ។ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាជ្ញាធរនីការ៉ាហ្គា បានប្រើប្រាស់នូវអ្វីដែលខ្លួនហៅថា កំណែទម្រង់ក្រោមច្បាប់ថ្មី ដើម្បីរំលាយគណបក្សនយោបាយចំនួនពីរ។ ពួកគេ ក៏បានធ្វើការស៊ើបអង្កេតបទព្រហ្មទណ្ឌទៅលើបេក្ខជនចម្បងដែលអាចឈរឈ្មោះជាប្រធានាធិបតី គឺអ្នកស្រី Cristiana Chamorro ផងដែរ។
អ្នកនាំពាក្យនៃឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស អ្នកស្រី Marta Hurtado និយាយថា អាជ្ញាធរកំពុងស៊ើបអង្កេតអ្នកស្រី Chamorro ពីបទលាងលុយកខ្វក់។
អ្នកស្រី Hurtado បានថ្លែងថា៖ «ការស៊ើបអង្កេតផ្អែកទៅលើច្បាប់ប្រឆាំងនឹងការលាងលុយ ការផ្តល់ហិរញ្ញវត្ថុដល់ភេរជន និងការដាក់ពង្រាយអាវុធបង្កវិនាសកម្មទ្រង់ទ្រាយធំ ដែលត្រូវបានអនុម័តឡើងកាលពីខែសីហា ឆ្នាំ២០១៨។ ច្បាប់ដ៏មានន័យទូលំទូលាយនេះ បានបង្កឲ្យមានការព្រួយបារម្ភជាទូទៅថា ប្រហែលអាចត្រូវយកមកប្រើប្រាស់ដើម្បីបំបិទសំឡេងប្រឆាំងរដ្ឋាភិបាល។ បទចោទប្រកាន់ប្រឆាំងនឹងអ្នកស្រី Chamorro រួមមាន ការប្រើប្រាស់ខុសគោលដៅនូវមូលនិធិដែលទទួលបានពីប្រភពអន្តរជាតិ»។
ប្រធានាធិបតីនីការ៉ាហ្គាលោក Daniel Ortega បានក្លាយជាកម្លាំងផ្នែកនយោបាយចម្បងមួយនៅក្នុងប្រទេស ចាប់តាំងពីគណបក្ស Sandinista របស់លោក បានទម្លាក់មេដឹកនាំលោក Anastasio Somoza ដែលមានការគាំទ្រពីក្រោយដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៧៩។ លោកបានកាន់តំណែងជាប់រហូតចាប់ពីការបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីសារជាថ្មីនៅឆ្នាំ ២០០៦មក។ គូប្រជែងរបស់លោកកាលពីគ្រានោះគឺ អតីតប្រធានាធិបតីលោកស្រី Violeta Chamorro ដែលជាម្តាយរបស់អ្នកស្រី Cristiana Chamorro។
អ្នកស្រី Hurtado និយាយថា នគរបាលជាតិ ក៏បានពង្រឹងចំណាត់ការរឹតត្បិតការធ្វើដំណើររបស់មេដឹកនាំបក្សប្រឆាំងដទៃទៀតផងដែរ។
អ្នកស្រី Hurtado បានថ្លែងថា៖
«នៅក្រោមកាលៈទេសៈទាំងនេះ ការរំលាយគណបក្សនយោបាយ និងការផ្តួចផ្តើមការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌអាចធ្វើឲ្យបេក្ខជនបក្សប្រឆាំងខកខានបំពេញលក្ខខណ្ឌឈរឈ្មោះ។ ហើយពិតណាស់ នេះមិនត្រឹមតែប៉ះពាល់ដល់សិទ្ធិក្នុងការឈរឈ្មោះបោះឆ្នោតរបស់បេក្ខជនដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់សិទ្ធិរបស់អ្នកបោះឆ្នោតក្នុងការជ្រើសរើសបេក្ខជនដែលពួកគេចង់បានផងដែរ»។
ច្បាប់បោះឆ្នោតថ្មី គឺជាចំណាត់ការចុងក្រោយក្នុងចំណោមចំណាត់ការជាបន្តបន្ទាប់ អនុវត្តដោយសភាជាតិនីការ៉ាហ្គា ដែលរឹតត្បិតលើសេរីភាពក្នុងការបញ្ចេញមតិរបស់សកម្មជនការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន មេដឹកនាំនយោបាយ និងសង្គមនានា។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាលនីការ៉ាហ្គាបញ្ឈប់ការបៀតបៀនសមាជិកគណបក្សប្រឆាំង និងអ្នកសារព័ត៌មាន។ ហើយការិយាល័យនេះ កំពុងជំរុញឲ្យអាជ្ញាធរធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដែលខ្លួននិយាយថា បំពានសិទ្ធិមនុស្ស និងគំរាមកំហែងដំណើរការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា