កំណត់និពន្ធ៖ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិនឹងបញ្ចប់នៅខែកញ្ញានេះ ហើយអង្គការសហប្រជាជាតិនឹងចាប់ផ្ដើមគោលដៅថ្មីមួយដែលហៅថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានរយៈពេល១៥ឆ្នាំ។ គោលដៅទាំង១៧ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះគឺមានបំណងសំខាន់មួយដែលធានាឱ្យមានការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសុខុមាលភាពសម្រាប់ប្រជាជនទូទៅ។ នាង អ៊ុំ សូនីតានៃ VOA នៅរាជធានីភ្នំពេញបានធ្វើកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទទៅទីក្រុងញូវយ៉កជាមួយលោក Nik Sekhran នាយកផ្នែកការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃការិយាល័យកម្មវិធីអភិវឌ្ឍន៍របស់អ.ស.ប. (UNDP) សម្រាប់គោលនយោបាយ និងកម្មវិធីជំនួយ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖
Your browser doesn’t support HTML5
VOA៖ តើហេតុអ្វីបានជាអង្គការសហប្រជាជាតិចាប់ផ្តើមគោលដៅអភិវឌ្ឍន៍ថ្មីនេះ?
Nik Sekhran៖ ពិភពលោកកំពុងប្រឈមនឹងបញ្ហាធំមួយចំនួន។ សព្វថ្ងៃមនុស្ស៨៣៦លាននាក់នៅទូទាំងសកលលោកកំពុងរស់នៅក្នុងភាពក្រីក្រខ្លាំង ដែលពួកគេរកប្រាក់ចំណូលបានតិចជាង១,២៥ដុល្លារក្នុងមួយថ្ងៃ។ ពួកគេរស់នៅដោយខ្វះទឹកស្អាត ខ្វះទីជម្រក និងកង្វះតម្រូវការបឋមៗជាច្រើន។ លើសពីនេះទៅទៀត ពិភពលោកកំពុងតែរងការគំរាមកំហែងពីការផ្លាស់ប្តូរអាកាសធាតុ និងការប្រើប្រាស់ធនធានហួសដែនកំណត់។
VOA៖ វាគឺជាការចាប់ផ្តើមគោលដៅថ្មីមួយរបស់អង្គការសហប្រជាជាតិ ដូច្នេះលោកអាចប្រាប់បានទេថា អ្វីទៅជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះ? ហើយវាមានសារៈសំខាន់អ្វីខ្លះដល់ប្រជាជន ក៏ដូចជាពិភពលោកទាំងមូល?
Nik Sekhran៖ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពគឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តរបៀបវារៈនៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ដើម្បីបំពេញនូវចន្លោះប្រហោង ដែលគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នៃអង្គការសហប្រជាជាតិមិនបានបំពេញ ហើយក៏ដើម្បីដោះស្រាយបញ្ហាថ្មីមួយចំនួនដែលមិនត្រូវបានយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់នៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ដូចជាការធានាឲ្យបានការអភិរក្ស និងប្រើប្រាស់មហាសមុទ្រនៅលើពិភពលោកប្រកបដោយនិរន្តភាព និងការធានាការអភិវឌ្ឍឲ្យមានសន្តិភាព ដែលរួមបញ្ចូលនូវសង្គមទាំងមូល ដោយភាពយុត្តិធម៌ ហើយគោលដៅថ្មីនេះក៏យកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត និងវិសមភាពទៅគ្រប់វិស័យទាំងអស់។
VOA៖ តើលោកគិតថា គោលដៅថ្មីនេះនឹងមានផលប៉ះពាល់អ្វីខ្លះទៅដល់ប្រទេសនៅជុំវិញពិភពលោក ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជាជាដើម?
Nik Sekhran៖ វាអាចជួយច្រើន បើសិនជាមានកិច្ចខំប្រឹងប្រែងរួមគ្នាពីសំណាក់វិស័យសាធារណៈ រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នអភិវឌ្ឍន៍ ដូចជាកម្មវិធីអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍ និងធនាគារអភិវឌ្ឍន៍ ដូចជាធនាគារពិភពលោក ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម ដែលប្រទេសនៅជុំវិញពិភពលោកកំពុងជួបប្រទះ ឧទាហរណ៍ដូចជា ករណីនៅក្នុងប្រទេសកម្ពុជា ដែលមានបញ្ហាភាពក្រីក្រ បញ្ហាបរិស្ថាន។ល។ ជាងនេះទៅទៀតនោះ គោលដៅថ្មីនេះមានមហិច្ឆតាធំណាស់។ គោលដៅចម្បងដែលយើងចង់ធ្វើឲ្យបានសម្រេច គឺការកាត់បន្ថយភាពក្រីក្រខ្លាំងនៅជុំវិញពិភពលោកក្នុងឆ្នាំ២០៣០ ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
VOA៖ តើលោកអាចប្រាប់បានទេថា តើវានឹងជួយអ្វីខ្លះនៅក្នុងការលើកតម្កើងសិទ្ធិស្ត្រីនៅជុំវិញពិភពលោក ក៏ដូចជាសិទ្ធិស្ត្រីនៅក្នុងប្រទេសកម្ពុជាផងដែរនោះ?
Nik Sekhran៖ សមភាពយ៉េនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីគឺជាគោលបំណងសំខាន់នៃគោលដៅទី៥នៅក្នុងគោលដៅអភិវឌ្ឍន៍មានចីរភាពនេះ។ យើងបានរកឃើញថា នៅពេលដែលពិភពលោកគ្មានការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍនោះ វានឹងធ្វើឲ្យមានវិសមភាពកាន់តែខ្ពស់ ហើយវានឹងប៉ះពាល់ដល់ការរីកចម្រើននៅក្នុងប្រទេស។ ដូច្នេះបើយើងផ្តល់អំណាចដល់ស្ត្រី នោះយើងនឹងនាំមកនូវសុខុមាលភាពដល់ប្រជាជនទាំងអស់គ្នា។ គោលដៅអភិវឌ្ឍន៍មានចីរភាពនេះកំពុងតែព្យាយាមធានាធ្វើឲ្យស្ត្រីមានសិទ្ធិស្មើគ្នាបុរសនៅក្នុងការទទួលបានការងារធ្វើ និងធានាថា ស្រ្តីមានសិទិ្ធរួមចំណែកក្នុងការអភិវឌ្ឍ។
VOA៖ តើលោកគិតថា ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍មានចីរភាពនេះនឹងជួបនឹងបញ្ហា ឬកង្វល់អ្វីខ្លះ?
Nik៖ វាគឺជារបៀបវារៈដែលមានមហិច្ឆតាធំណាស់ ហើយដើម្បីសម្រេចបានគោលដៅនេះគឺត្រូវមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងពិភពលោកទាំងមូល ដើម្បីធ្វើឱ្យមានការរួមចំណែកដែលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន រួមនឹងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។ ទាំងនេះគឺជាបញ្ហាប្រឈមធំមួយ។ លើសពីនេះ យើងនៅតែប្រឈមជាមួយបញ្ហាបច្ចុប្បន្ន។ យើងកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៅទៀត បើតាមការស្រាវជ្រាវនៅតំបន់អាស៊ីអាគ្នេយ៍ យើងបានដឹងថា អត្រាមានការងារធ្វើបានធ្លាក់ចុះ៤,៦ភាគរយ ដែលជាតួលេខគួរឲ្យកត់សម្គាល់។ ដូច្នេះយើងមានកង្វល់មួយចំនួនដែលទាក់ទងនឹងការធានាឲ្យប្រជាជនទាំងអស់ទទួលបានការងារធ្វើ ហើយប្រជាជនសរុបនឹងកើនឡើង១១ពាន់លាននាក់នៅឆ្នាំ២១០០ បើយោងតាមការសិក្សាចុងក្រោយ។ ដូច្នេះត្រូវមានការធានាឱ្យមានកំណើនអត្រាការងារធ្វើសម្រាប់ប្រជាពលរដ្ឋដែលកើនឡើង និងការធានាបំពេញតាមតម្រូវការបឋមរបស់ពួកគេ ព្រមទាំងកាត់បន្ថយវិសមភាពនៅលើពិភពលោក ព្រោះយើងចង់បានពិភពលោកដែលគ្មានភាពក្រីក្រខ្លាំង។ អ្វីទាំងអស់នេះហើយគឺជាបញ្ហាប្រឈមដែលយើងជួបប្រទះ។
VOA៖ ជាចុងក្រោយតើលោកមានអ្វីបន្ថែមទៀតទេ?
Nik Sekhran៖ ដើម្បីឲ្យគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនេះទទួលបានជោគជ័យ យើងត្រូវទាមទារឲ្យមានការគាំទ្រពីមនុស្សគ្រប់គ្នា។ យើងត្រូវការការចូលរួមពីសំណាក់វិស័យឯកជន វិស័យសាធារណៈ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក។ លើសពីនេះទៀត យើងត្រូវការប្រព័ន្ធផ្សព្វផ្សាយដើម្បីជួយផ្សព្វផ្សាយសារទៅដល់សាធារណជន និងរដ្ឋាភិបាល។ ទាំងអស់នេះគឺជារឿងសំខាន់ណាស់ ព្រោះយើងនឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានការចូលរួមនេះ៕