ក្រុមអ្នកត្រួតពិនិត្យអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនិងប្រទេសអ៊ីរ៉ង់បានព្រមព្រៀងគ្នាបន្តកិច្ចព្រមព្រៀងមួយស្តីពីការត្រួតពិនិត្យនូវសកម្មភាពអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់សម្រាប់រយៈពេលមួយខែទៀត។
លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញថា៖ «ឧបករណ៍និងការផ្ទៀងផ្ទាត់ហើយនិងសកម្មភាពត្រួតពិនិត្យដែលយើងបានព្រមព្រៀងគ្នា នឹងបន្តសកម្មភាពរបស់ខ្លួនក្នុងរយៈពេលមួយខែខាងមុខទៀតដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ»។
ការបន្តរយៈពេលមួយខែនេះកើតមានឡើងស្របពេលដែលកំពុងមានការចរចាគ្នាដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលបានកម្រិតកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការលើកលែងការដាក់ទណ្ឌកម្មមកលើប្រទេសនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បាននិយាយនៅថ្ងៃចន្ទម្សិលមិញថា ការដកចេញនូវទណ្ឌកម្មអាមេរិកដែលបានដាក់មកលើអ៊ីរ៉ង់ក្រោមអតីតរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នោះគឺជា «កាតព្វកិច្ចសីលធម៌និងផ្លូវច្បាប់មួយ» ហើយមិនមែនជាអ្វីសម្រាប់ប្រើប្រាស់ក្នុងការដាក់សម្ពាធទៅលើការចរចានោះទេ។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កើតមានឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយថាវានៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថាតើប្រទេសអ៊ីរ៉ង់នឹងអនុវត្តតាមជាមួយនឹងការរឹតបន្តឹងនូវកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងបំណងដើម្បីឲ្យមានការដកចេញនូវការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken បានប្រាប់កម្មវិធីប្រចាំសប្តាហ៍របស់បណ្តាញទូរទស្សន៍«ABC This Week» ថា៖ «ខ្ញុំគិតថា អ៊ីរ៉ង់ដឹងថា ខ្លួនត្រូវធ្វើអ្វីក្នុងការវិលត្រឡប់មករកការអនុវត្តនូវកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរនោះ។ ហើយអ្វីដែលយើងនៅមិនទាន់បានឃើញនៅឡើយនោះគឺថាតើអ៊ីរ៉ង់ មានការត្រៀមខ្លួនរួចហើយឬនៅហើយមានសុឆន្ទៈក្នុងការសម្រេចចិត្តធ្វើអ្វីដែលខ្លួនត្រូវធ្វើនោះឬយ៉ាងណា។ នេះជាការសាកល្បងមួយហើយយើងនៅមិនទាន់ឃើញមានចម្លើយពីខាងអ៊ីរ៉ង់នៅឡើយទេ»។
អ៊ីរ៉ង់បានចរចាជាមួយសហរដ្ឋអាមេរិកដោយប្រយោលតាមរយៈអ្នកការទូតពីប្រទេសមួយចំនួននៅក្នុងការស្តារឡើងវិញនូវកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានទប់ស្កាត់នូវមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះ។ អ៊ីរ៉ងធ្លាប់បាននិយាយថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ៕