អង្គការ​សហប្រជាជាតិ​ព្រមាន​ពី​ការ​បាត់​បង់​ជីវិត​មនុស្ស​យ៉ាង​ច្រើន​​ដោយ​គ្រោះ​ទុរភិក្ស​ក្នុង​ខេត្ត​ភាគ​ខាង​កើត​នៅ​មីយ៉ាន់ម៉ា

រូបឯកសារ៖ ប្រជាជន​មីយ៉ាន់ម៉ា​ត្រូវ​ប្ដូរ​ទីលំនៅ​ដោយសារ​តែ​ការ​ប្រយុទ្ធ​គ្នា​នៅ​ប៉ែកពាយព្យ​ប្រទេស​មីយ៉ាន់ម៉ា រវាង​កងកម្លាំង​យោធា​ និង​ក្រុម​យុទ្ធជន​ដែល​ប្រឆាំង​នឹង​កងយោធា រដ្ឋ Chin ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​មួយ​រូប​និយាយ​ថា រដ្ឋ Kayah ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កំពុង​ឆ្ពោះ​ទៅ​រក​វិបត្តិ​មនុស្ស​ធម៌​ដ៏​ធ្ងន់​ធ្ងរ​មួយ​ ដោយ​មនុស្ស​រាប់ពាន់​នាក់​ កំពុងទទួល​រង​គ្រោះ​ទុរភិក្ស​គ្មាន​អាហារ​បរិភោគ​ បន្ទាប់​ពីរត់​គេច​ចេញពី​ផ្ទះ​សម្បែង​របស់​គេ ដោយ​សារ​តែ​ការ​វាយប្រយុទ្ធ​គ្នារវាង​កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​ និង​កង​កម្លាំងឧទ្ទាមជន​ជាតិ​ភាគតិច។

លោក Tom Andrews អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​សិទ្ធិមនុស្សក្នុង​ប្រ ទេស​មីយ៉ាន់ម៉ា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ ដោយ​បញ្ជាក់​ថា​ មនុស្ស​ប្រមាណ​ជាង​១សែន​នាក់​នៅ​ក្នុង​រដ្ឋ Kayah ដែល​ស្ថិត​នៅ​ជាប់​ព្រំ​ដែន​ជា​មួយ​ប្រទេស​ថៃ​ត្រូវ​បង្ខំចិត្ត​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​និង​ភូមិឋានរបស់​ខ្លួន​ដើម្បី​រត់គេច​ពីការ​ទម្លាក់​គ្រាប់បែក​និង​គ្រាប់​ផ្លោង​ របស់​កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​ ដោយ​ពួក​គេ​ជា​ច្រើន​នាក់​ បាន​រត់​ចូល​ទៅ​លាក់​ខ្លួនក្នុង​ព្រៃនៅ​ក្បែរ​នោះ​ ដោយ​គ្មាន​អាហារ​បរិភោគ ​ទឹក​និង​ទី​ជម្រក។

លោក Andrews និយាយ​ថា លោក​បាន​ទទួល​របាយការណ៍​ស្តីពី​កង​កម្លាំង​សន្តិសុខ​របស់​របប​យោធា​មីយ៉ាន់ម៉ា ដាក់​របាំង​ជា​ច្រើន​កន្លែងនៅ​ក្នុង​រដ្ឋ​នេះ​ដើម្បី​រារាំងមិន​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​តំបន់​ជន​ភៀស​ខ្លួន​ ក៏​ដូច​ជា​ដាក់​មីន​នៅ​តាម​ផ្លូវ​សាធារណៈ​ផង​ដែរ។

លោក​បាន​ព្រមាន​ថា «ការ​ស្លាប់​យ៉ាង​ច្រើន​ដោយ​សារ​តែ​ការអត់អាហារ​និង​ជំងឺ»អាច​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋ Kayah នេះ​ ប្រសិន​បើគ្មាន​សកម្មភាពជា​បន្ទាន់​ណា​មួយ​នោះ​ទេ។ លោក Andrews ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​ក្បែរ​ខាង​របស់​មីយ៉ាន់ម៉ា​ ធ្វើ​អ្វីៗគ្រប់​យ៉ាងទៅ​តាម​លទ្ធភាព​របស់​ខ្លួន​ដើម្បី​ផ្តល់​ជំនួយ​ឆ្លង​កាត់​ព្រំ​ដែន​មក​កាន់​ប្រទេស​មីយ៉ាន់ម៉ា។

ប្រទេស​មីយ៉ាន់ម៉ា​ បាន​ធ្លាក់​ចូលក្នុង​ភាព​ចលាចល​ ចាប់​តាំង​ពីក្រោយ​ថ្ងៃ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​កន្លង​មក ដែល​បាន​ទម្លាក់រដ្ឋាភិបាល​ស៊ីវិលនិង​មេដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ជ័យលាភី​ណូបែល​សន្តិភាព​លោកស្រី Aung San Suu Kyi៕