មន្ត្រីកំពូលទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក Zeid Ra'ad al Hussein បានថ្កោលទោសទៅលើការធ្វើទុក្ខបុកម្នេញ និងការរីករាលដាល នៃការវាយប្រហារយ៉ាងឃោរឃៅជាលក្ខណៈប្រព័ន្ធ ប្រឆាំងនឹងពួកជនអំបូររ៉ូហ៊ីងយ៉ាក្នុងប្រទេសមីយ៉ាន់ម៉ា និងចាត់ទុកទង្វើទាំងនេះអាចក្លាយទៅជាអំពើប្រល័យពូជសាសន៍។
នៅក្នុងពេលចាប់ផ្តើមបើកកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទ ស្តីពីស្ថានភាពបច្នុប្បន្ននៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនៅភាគខាងជើងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា លោក Zeid Ra'ad al Hussein បានថ្លែងថា មានរបាយការណ៍ដែលគួរឲ្យជឿកទុកចិត្តបានជាច្រើន អំពីស្ថានភាពសន្តិសុខក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានពណ៌នាថា ការវាយប្រហារជាបន្តបន្ទាប់នៅក្នុងខែសីហាដោយក្រុមឧទ្ទាម «គឺមានចេតនានិងសំដៅទៅលើជនស៊ីវិល» កាលពីខែសីហា ក្រោយពីមានការវាយប្រហារដោយក្រុមឧទ្ទាម។
លោកបានថ្លែងបន្តទៀតថាសកម្មភាពទាំងនេះ បានបណ្តាលឲ្យមនុស្សជាង៦សែននាក់ភៀសខ្លួនចេញពីក្រុង Cox's Bazar ទៅប្រទេសបង់ក្លាដែស ដែលក្នុងនោះចំនួនជាងកណ្តាលនៃពួកគេ ត្រូវបានប៉ាន់ស្មានថាជាជនអំបូររ៉ូហ៊ីងយ៉ារស់នៅភាគខាងជើងរដ្ឋ Rakhine។ ដោយសារតែគ្មានសមាជិកនៃសហគមន៏អន្តរជាតិណាមួយ ត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់រដ្ឋ Rakhine លោក Zeid បានថ្លែងថា «គេមិនអាចដឹងពីចំនួនពិតប្រាកដនៃអ្នកដែលជាប់ឃុំឃាំង ចំនួនអ្នកបាត់ខ្លួន និងចំនួនអ្នកដែលត្រូវគេសម្លាប់ និងស្លាប់នៅតាមផ្លូវធ្វើដំណើរនោះទេ»។
លោកថ្លែងបន្តថា ដោយសារតែគ្មានការទទួលស្គាល់ពីរដ្ឋអស់រយៈពេលរាប់ទសវត្សរ៍ ព្រមទាំងប្រឈមនឹងការរើសអើងប្រឆាំងនឹងជនអំបូររ៉ូហ៊ីងយ៉ាជាលក្ខណៈប្រព័ន្ធ ភូមិឋាន ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងការរស់នៅរងការបំផ្លិចបំផ្លាញ «តើមាននរណាម្នាក់អាចកំណត់បានទេ ថាអ្វីៗទាំងអស់នេះគឺជាទង្វើនៃអំពើប្រល័យពូជសាសន៍ឬយ៉ាងណានោះ?»។ហើយនៅចុងបញ្ចប់លោក Zeid បានបញ្ចាក់ថា ការចាត់ទុកថាជាអំពើប្រល័យពូជសាសន៍បាន លុះត្រាតែតុលាការមានសមត្ថកិច្ច អាចកំណត់ថាទង្វើនានារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាទៅលើជនអំបូររ៉ូហ៊ីងយ៉ាទាំងនោះគឺជាអំពើប្រល័យពូជសាសន៍៕