អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បេសកជនពិសេសរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានព្រមាននាថ្ងៃព្រហស្បតិ៍នេះថា លទិ្ធប្រជាធិបតេយ្យនៅកម្ពុជាកំពុងស្ថិតក្នុងការគំរាមកំហែងពីចលនានានាដែលវាយប្រហារគណបក្សប្រឆាំង និងនៅគ្រាដែលការរំលាយគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជាអាចនឹងកើតមានក្នុងពេលឆាប់ៗខាងមុខ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយដែល VOA ទទួលបាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ អ្នកស្រីស្មីតបានលើកឡើងក្នុងន័យដើមថា៖
«ការរំលាយគណបក្សសង្គ្រោះជាតិនឹងប៉ះពាល់ដល់សំឡេង និងការជ្រើសរើសរបស់ប្រជាជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ក្នុងជួររដ្ឋាភិបាល ដែលបង្កឲ្យមានកង្វល់យ៉ាងខ្លាំងអំពីភាពជាតំណាងរបស់រដ្ឋាភិបាល»។
អ្នកស្រីបានបន្ថែមថា៖
«ខ្ញុំមានកង្វល់ផងដែរថា រដ្ឋាភិបាលកំពុងធ្វើរឿងនេះ ដោយនិយាយអំពីនីតិរដ្ឋជាការសំអាង»។
ការថ្លែងព្រមានរបស់អ្នកស្រី រ៉ូណា ស្មីត កើតមានឡើងតែមួយថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប្រកាសឲ្យដឹងជាសាធារណៈនៅចំពោះមុខក្រុមកម្មកររាប់ពាន់នាក់ថា នឹងមានការបែងចែកអាសនៈសភារបស់គណបក្សនយោបាយមួយ ដែលលោកមិននិយាយចំឈ្មោះតែត្រូវគេដឹងថា ជាគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកកឹម សុខា ដែលកំពុងជាប់ឃុំ ក្រោមបទសង្ស័យថា បានប្រព្រឹត្តអំពើក្បត់ជាតិ។ ការថ្លែងព្រមានរបស់ប្រេសិតអង្គការសហប្រជាជាតិរូបនេះ ក៏បានកើតមានឡើង បន្ទាប់ពីក្រសួងមហាផ្ទៃបានចាប់ផ្តើមដំណើរការនីវិធីដើម្បីរំលាយគណបក្សប្រឆាំងដ៏ធំមួយគឺ គណបក្សសង្គ្រោះជាតិកម្ពុជា (Cambodia National Rescue Party)។
ស្របគ្នានោះដែរ ក្រុមតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន បានស្នើធ្វើវិសោធនកម្មច្បាប់ចំនួនបួន ដែលពាក់ព័ន្ធនឹងដំណើរការរៀបចំការបោះឆ្នោត។ សេចក្តីស្នើវិសោធនកម្មច្បាប់នេះត្រូវគេមើលឃើញថា ជាដំណើរឈានដល់ការយកអាសនៈសភារបស់គណបក្សប្រឆាំងទៅចែកឲ្យគណបក្សនយោបាយផ្សេងទៀត ដែលមិនត្រូវបានជ្រើសរើសឲ្យធ្វើជាតំណាងពលរដ្ឋនៅសភា តាមការបោះឆ្នោតនៅឆ្នាំ២០១៣។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចការអភិវឌ្ឍន៍សង្គម បានចាត់ទុកថា ការដណ្តើមយកកៅអីសភារបស់គណបក្សប្រឆាំងទៅចែកឲ្យគណបក្សផ្សេងគឺជា ចេតនាប្រឆាំងនឹងឆន្ទៈនយោបាយរបស់ពលរដ្ឋខ្មែរ ដែលបានចូលរួមបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំ ២០១៣។
«ការដកយកអាសនៈពីពលរដ្ឋ ប្រមាណជាបីលាននាក់ជាង ដែលគាំទ្រគណបក្សមួយហ្នឹង ហើយយកទៅឲ្យអ្នកដទៃហ្នឹង វាខុសពីមតិពលរដ្ឋហ្នឹងបាត់ទៅហើយ។ អានេះវា យើងមិននិយាយរឿងច្បាប់ទេ យើងនិយាយពីសង្គមវិញ អាហ្នឹងវាខុសបាត់ហើយ។ វាធ្វើឲ្យពលរដ្ឋជាងពាក់កណ្តាលប្រទេសហ្នឹងបានត្រូវគេយកទំនុកចិត្តរបស់គាត់ហ្នឹង យកទៅហែកចែកគ្នា ដូចហែកចែកនំអីចឹងណា៎»។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន កាលពីថ្ងៃពុធ បានថ្លែងការពារចំណាត់ការនៃក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចរបស់លោកថា ស្នើធ្វើវិសោធនកម្មច្បាប់នេះជាការធ្វើឲ្យមានគណបក្សនយោបាយច្រើនក្នុងរដ្ឋសភា។ លោកហ៊ុន សែន អះអាងផងដែរថា អ្វីដែលកម្ពុជាកំពុងធ្វើគឺការអនុវត្តច្បាប់ដើម្បីរក្សាស្ថិរភាពនយោបាយក្នុងប្រទេស។
អ្នកស្រី ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានព្រមានផងដែរថា សកម្មភាពធ្វើច្បាប់ទាំងឡាយណាដែលប្រាសចាកពីខ្លឹមសាររដ្ឋធម្មនុញ្ញនៅកម្ពុជានឹងមិនស្របតាមគោលការណ៍គោរពសិទ្ធិមនុស្សនានាទេ ហើយវានឹងធ្វើឲ្យប្រទេសនេះជួបផលវិបាកនៃការគ្រប់គ្រងប្រទេស។
ក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រីស្មីតបានលើកឡើងក្នុងន័យដើមថា៖
«កម្ពុជាសម័យទំនើបត្រូវបានបង្កើតឡើងទៅជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស ដោយត្រូវគោរព និងការពារសិទ្ធិមនុស្ស។ រដ្ឋធម្មនុញ្ញរបស់កម្ពុជាបានព្យាយាមទប់ស្កាត់ការវិលត្រឡប់ មកវិញនូវរដ្ឋឯកបក្ស។ អ្នកដែលបានព្រាងរដ្ឋធម្មនុញ្ញសុទ្ធតែបានដឹងច្បាស់អំពីផលវិបាក ដែលកើតចេញពីរបៀបគ្រប់គ្រងឯកបក្ស»។
នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាដែលមានតែតំណាងរាស្ត្រពីគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានសម្រេចឱ្យគណៈកម្មាធិការជំនាញសភាពិនិត្យឡើងវិញនូវសេចក្តីស្នើវិសោធនកម្មច្បាប់បែងចែកអាសនៈសភារបស់គណបក្សដែលត្រូវរំលាយ ហើយរង់ចាំបន្តនីតិវិធីទៅមុខទៀត៕