តាមតួលេខរបស់សាកលវិទ្យាល័យ Johns Hopkins ក្នុងសហរដ្ឋអាមេរិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ គឺមានចំនួនលើស១លាននាក់ហើយ ហើយអ្នកឆ្លងសរុបនៅទូទាំងពិភពលោកមានចំនួនជាង៣៣លាននាក់។
ដោយគូសបញ្ជាក់នូវការសោកស្តាយចំពោះការស្លាប់១លាននាក់ដោយកូវីដ១៩នេះ ដែលលោកហៅថា«ចំណុចគោលដ៏ឈឺចាប់» អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យពិភពលោក តស៊ូជម្នះនូវការប្រឈមដោយសារជំងឺឆ្លងរាតត្បាតនេះ និងសិក្សាដកពិសោធន៍នូវកំហុសឆ្គងដែលខ្លួនបានអនុវត្តក្នុងដំណាក់កាលដំបូងនៃការឆ្លងរាតត្បាតនេះ។
លោក Guterres លើកឡើងថា៖ «ភាពជាអ្នកដឹកនាំដែលមានការទទួលខុសត្រូវ គឺចាំបាច់ណាស់។ វិទ្យាសាស្រ្តចាំបាច់ណាស់។ កិច្ចសហប្រតិបត្តិការ មានតម្លៃខ្លាំង ហើយការផ្តល់ព័ត៌មានខុសនឹងធ្វើឲ្យមានគ្រោះមហន្តរាយដល់ជីវិត»។
ជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវគេជឿថា មានប្រភពចេញមកពីទីក្រុងវូហាន ប្រទេសចិនកាលពីឆ្នាំទៅ។
ខណៈដែលជំងឺរាតត្បាតនេះបានមកដល់ចំណុចដ៏អាក្រក់នេះ មន្ត្រីអង្គការសុខភាពពិភពលោកនិយាយថា តួលេខពិតប្រាកដនៃអ្នកឆ្លងនិងស្លាប់ អាចប្រហែលមានចំនួនលើសពីនេះទៅទៀត។
លោក Mike Ryan អ្នកជំនាញជាន់ខ្ពស់នៃការសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក WHO បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសក្នុងពេលថ្មីៗនេះថា តួលេខដែលបានបង្ហាញនាពេលបច្ចុប្បន្ននេះ អាចទាបជាងចំនួនពិតប្រាកដនៃអ្នកដែលឆ្លងជំងឺកូវីដ១៩ ឬអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នេះ។
ចំនួនអ្នកស្លាប់១លាននាក់នេះគឺស្ថិតក្នុងចំណោមអ្នកឆ្លងជាង៣៣,២លាននាក់ នៅជុំវិញពិភពលោក ដែលបានឈឺដោយសារជំងឺនេះ ហើយមានសញ្ញាកើនឡើងដែលថា ប្រទេសជាច្រើននៅលើពិភពលោក ជិតទទួលរងការផ្ទុះរាតត្បាតជំងឺកូវីដ១៩ ក្នុងរលកទី២ទៀតនៅពេលរដូវត្រជាក់ចូលមកដល់ ជាពិសេសសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងច្រើនជាងគេក្នុងចំណោមប្រទេសនានាលើពិភពលោក ដោយប្រទេសនេះមានអ្នកឆ្លងសរុបជាង៧,១លាននាក់ ដែលក្នុងនោះអ្នកស្លាប់មានចំនួនជាង២០៥.០០០នាក់។
ចំណែកប្រទេសឥណ្ឌាវិញ មានចំនួនអ្នកឆ្លងកូវីដ១៩បានកើនសរុបដល់៦លាននាក់ហើយ កាលពីថ្ងៃចន្ទ គឺឈរក្នុងលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក៕