អ.ស.ប៖ ករណី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​អេរីត្រេ​គួរ​តែ​​បញ្ជូន​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ

ក្រុម​ជន​ភៀសខ្លួន​ត្រូវ​ថត​បាន​នៅអំឡុងពេលទស្សនកិច្ច​របស់​​មន្រ្តី​ឧត្តមស្នងការ​​ជាន់ខ្ពស់​សម្រាប់​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​​លោក Antonio Guterres ទៅ​កាន់​ជំរុំ​ជនភៀសខ្លួន​ជនជាតិ​អេរីត្រេ​នៅ​ក្រុង Kassala ភាគខាង​ត្បូងប្រទេស​ស៊ូដង់ កាល​ពី​ថ្ងៃទី១២ ខែមករា ឆ្នាំ​២០១២។

ករណី​រំលោភ​សិទ្ធិ​មនុស្ស ​ដែល​កាន់តែ​មានការ​រីករាល​ដាលជា​ប្រព័ន្ធ​នៅក្នុង​ប្រទេស អេរីត្រេ​ (Eritrea)​ គួរ​តែ​ត្រូវ​បានបញ្ជូន​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ពីបទ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ដែល​រួមបញ្ចូល​ទាំង​ការ​បង្កើត​ទាសភាព​ និងការ​ធ្វើ​ទារុណកម្ម​ផង​ដែរ។ នេះបើ​តាមការ​អះអាង​របស់​គណៈកម្មការ​ស៊ើបអង្កេត​របស់​អ.ស.ប​នៅថ្ងៃ​ពុធ​នេះ។

គណៈកម្មការ​នេះ​បាន​និយាយ​ក្នុង​របាយការណ៍​មួយថា ​ប្រទេស​អាហ្រ្វិក​ខាងកើត​ដ៏ តូច​មួយ​នេះ​គ្មានការ​រីកចម្រើន​ស្ទើរ​តែទាំង​ស្រុង​ ចំពោះ​ការទប់​ស្កាត់​ការរំលោភ​សិទ្ធិ មនុស្ស​ដ៏ធ្ងន់ធ្ងរ​ ដែល​អង្គការ​បានកត់ត្រា​លើកដំបូង​កាល​ពីមួយ​ឆ្នាំមុន។

ជនភៀស​ខ្លួន​អេរីត្រេ​ស្ថិតក្នុង​ចំណោម​ក្រុមជន​ភៀសខ្លួន​ទំហំ​ធំ​ជាងគេ​បង្អស់​ដែល​បានឆ្លង​សមុទ្រ​មេឌីទែរ៉ានេ ​ដើម្បី​ស្វះស្វែង​រកជីវភាព​ប្រសើរ​ក្នុង​សហភាព​អឺរ៉ុប។ របាយការណ៍​ថ្មីនេះ​និយាយថា​ មានជន​ជាតិ​អេរីត្រេ​ចំនួន​៤៧.០២៥នាក់ ​បាន​ដាក់​ពាក្យ សុំសិទ្ធិ​ជ្រក​កោនក្នុងឆ្នាំ​២០១៥។

ក្រុមមន្ត្រី​សិទ្ធិមនុស្ស​និយាយ​ថា​ លោក Isaias Afwerki ​ប្រធានាធិបតីប្រទេស​អេរីត្រេ​ដែល​បាន​កាន់​អំណាច​ក្រោយ​អាណានិគម​អ៊ីតាលី​តាំង​ពី​ឆ្នាំ​១៩៩១ ​នោះ ​កាន់តែ​ផ្តាច់​ការ​គៀប​សង្កត់​ឡើង​ បង្ក្រាប​ក្រុមជំទាស់​ បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​និងបំបិទសិទ្ធិ​ក្រុម​សង្គម​ស៊ីវិល៕