កងកម្លាំង​អ.ស.ប.​សម្តែង​ក្តី​បារម្ភ​ដោយសារ «ការ​បំផ្លិចបំផ្លាញ» របស់​អ៊ីស្រាអែល​នៅ​លីបង់

រូបឯកសារ៖ នៅក្នុងរូបថតថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩ នេះ កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាន់ទង់ជាតិរបស់ពួកគេ ខណៈដែលពួកគេសង្កេតឃើញក្រុមជីកអ៊ីស្រាអែលប៉ុនប៉ងបំផ្លាញផ្លូវរូងក្រោមដីដែលសាងសង់ដោយក្រុម Hezbollah នៅជិតភូមិ Mays al-Jabal ភាគខាងត្បូងនៃប្រទេសលីបង់។

កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​លីបង់​បាន​សម្តែង​ក្តី​បារម្ភ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំពោះ​ការ​ខូចខាត «ដែល​កំពុង​បន្ត» ធ្វើឡើង​ដោយ​កងកម្លាំង​អ៊ីស្រាអែល​នៅ​ក្នុង​ប្រទេស​លីបង់​ប៉ែក​ខាងត្បូង បើ​ទោះបីជា​មាន​បទឈប់បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហេសបូឡា​ក៏ដោយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

បទឈប់បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហេសបូឡា​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ពោល​គឺ​ប្រហែល​ពីរ​ខែ​ក្រោយ​មក​បន្ទាប់ពី​អ៊ីស្រាអែល​បាន​បង្កើន​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​និង​បាន​បញ្ជូន​ទាហាន​ចូល​ក្នុង​ប្រទេស​លីបង់ ក្រោយពី​មាន​ការ​បាញ់គ្នា​ទៅវិញ​ទៅមក​ឆ្លង​ព្រំដែន​អស់​ពេល​ជិត​មួយ​ឆ្នាំ​មក។ ការ​បាញ់គ្នា​ឆ្លង​ព្រំដែន​នេះ​បាន​ចាប់ផ្តើម​ដំបូង​ដោយ​ក្រុម​ហេសបូឡា​ដោយសារតែ​សង្គ្រាម​នៅក្នុង​តំបន់​ហ្កាហ្សា។

តាំងពី​ពេល​នោះ​មក ភាគី​ជម្លោះ​បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​ថា​បាន​រំលោភ​បទឈប់បាញ់​នេះ។

នៅ​ក្រោម​កិច្ចព្រមព្រៀង​នៃ​បទឈប់បាញ់​នេះ កងកម្លាំង​រក្សា​សន្តិភាព​បណ្តោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​នៅ​លីបង់ (UNIFIL) និង​កងទ័ព​លីបង់​ត្រូវ​ដាក់ពង្រាយ​ឡើងវិញ​នៅ​ប៉ែក​ខាង​ត្បូង​របស់​លីបង់​ក្បែរ​ព្រំដែន​អ៊ីស្រាអែល ហើយ​កងកម្លាំង​អ៊ីស្រាអែល​ត្រូវ​ដកចេញ​ពី​លីបង់​ក្នុង​អំឡុង​ពេល ៦០ ថ្ងៃ។

កង​រក្សា​សន្តិភាព UNIFIL បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​បំផ្លិចបំផ្លាញ​ដែល​កំពុង​បន្ត​ធ្វើ​ឡើង​ដោយ​កងទ័ព​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​រស់នៅ តំបន់​ដី​កសិកម្ម និង​បណ្តាញ​ផ្លូវថ្នល់​នៅ​ប៉ែក​ខាងត្បូង​របស់​លីបង់»។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា៖ «នេះ​ជា​ការ​រំលោភ​លើ​សេចក្តីសម្រេច​លេខ ១៧០១» ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​បាន​បញ្ចប់​សង្គ្រាម​ចុងក្រោយ​បង្អស់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហេសបូឡា​នៅ​ឆ្នាំ ២០០៦។

កងកម្លាំង​អង្គការ​សហប្រជាជាតិ​ក៏​បាន​អំពាវនាវ​សារ​ជាថ្មី​ផងដែរ​ឲ្យ​កងទ័ព​អ៊ីស្រាអែល «ដកចេញ​ឲ្យ​ទាន់​ពេល​វេលា» ពី​ប្រទេស​លីបង់​និង​ឲ្យ «អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សេចក្តីសម្រេច​លេខ ១៧០១»៕