អង្គការ​សហប្រជាជាតិ​ប្រឈម​មុខ​នឹង​ឧបសគ្គជាច្រើន ខណៈ​កំពុង​ត្រៀម​ប្រារព្ធ​ខួប​ទី៧៥​របស់​ខ្លួន

  • Lisa Schlein

ទង់ជាតិ​បក់​រវិចៗ​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

ពិភពលោកកំពុង​​ត្រៀម​សង្កេត​មើល​ការ​ប្រារព្ធ​ខួប​៧៥ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ​សហប្រជាជាតិ ខណៈ​ពេល​ដែល​ស្ថាប័ន​ពិភពលោក​មួយ​នេះ​ទំនង​ជា​មាន​លទ្ធភាព​កាន់​តែ​តិច​ទៅៗ​ក្នុង​ការ​រក្សា​សន្តិភាព និង​សន្តិសុខ​ពិភពលោក។

អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២ នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ដើម្បី​រារាំង​មិន​ឱ្យ​មាន​ជម្លោះ​ដ៏​អាក្រក់​នេះ​កើត​ឡើង​ម្តង​ទៀត។ ប្រទេសស្ថាបនិក​ចំនួន​៥១​ប្រទេស​សង្ឃឹម​ថា ស្ថាប័ន​ថ្មី​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ ខណៈ​ដែល​ស្ថាប័ន​មុន​ ដែល​មាន​ឈ្មោះ​ថា សម្ព័ន្ធ​ប្រជាជាតិ បាន​បរាជ័យ​ក្នុង​ការ​រក្សា​សន្តិភាព​ និង​សន្តិសុខ​ពិភពលោក។

អគ្គលេខាធិការរង​របស់​អង្គការ​សហប្រជាជាតិ​ លោក Fabrizio Hoschschild គឺ​ជា​ទីប្រឹក្សា​ពិសេស​ទទួល​បន្ទក​ត្រៀម​រៀបចំ​ខួប​លើក​ទី៧៥​របស់​អង្គការ​សហប្រជាជាតិ។ លោក​ទទួល​ស្គាល់​ថា ស្ថាប័ន​ពិភពលោក​មួយ​នេះ​មាន​ភាព​ខ្វះខាត ប៉ុន្តែ​លោក​បាន​ប្រាប់ VOA ថា ជម្លោះ​ទាំង​នោះ​អាច​នឹង​កាន់​តែ​មាន​ភាព​តានតឹង​ និង​មាន​កាន់​តែ​ច្រើន និង​យូរ​ជាង​នេះ ប្រសិន​បើ​មិន​មាន​វត្តមាន​អង្គការ​សហប្រជាជាតិ​នោះ​ទេ។ លោក​បាន​បន្ថែម​ថា លើស​ពី​នេះ​ទៅ​ទៀត ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​មហាអំណាច​ច្បាស់​ជា​មិន​អាច​គេច​ផុត​នោះ​ទេ។

លោក​បាន​និយាយ​ថា៖

«ប៉ុន្តែ​នៅ​ពេល​នេះ ទាក់ទង​នឹង​សេចក្តីសម្រេច​សម្រាប់​ជម្លោះ ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​មិន​បាន​បំពេញ​ និង​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ។ ហើយ​ប្រហែល​ជា​ភស្តុតាង​ដ៏​ឈឺចាប់​បំផុត​មួយ​គឺ​ការ​ស្លាប់​របស់​មនុស្ស​រាប់​ម៉ឺន​នាក់ ដោយសារ​តែ​ជម្លោះ​នៅ​ប្រទេសស៊ីរី»។​

លោក Hoschschild​ បាន​និយាយ​ថា ប៉ុន្តែ​ក្រៅ​ពី​ចំណុច​ខ្វះខាត​នេះ មាន​សមិទ្ធិផល​ល្អៗ​ជាច្រើន​ក្នុង​រយៈពេល​៧៥ឆ្នាំ​នេះ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​មនុស្ស សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក។

លោក​បាន​និយាយ​ថា៖

«ប្រសិន​បើ​យើង​គិត​ពី​បញ្ហា​សុខភាព​វិញ អាយុរស់​ជា​មធ្យម​របស់​មនុស្ស​គឺ​មាន​ចំនួន​ប្រមាណ​៥០ឆ្នាំ​ នៅ​ពេល​ដែល​អង្គការ​សហប្រជាតិ​ត្រូវ​បាន​បង្កើត។ សព្វ​ថ្ងៃ​នេះ វា​មាន​ចំនួន​ប្រមាណ​៧៥ឆ្នាំ។ ប្រជាជន​រស់​នៅ​បាន​យូរ​ជាង​មុន​២៥ឆ្នាំ។ ប្រសិនបើ​យើង​គិត​ពី​ការ​លុបបំបាត់​ភាពក្រីក្រ កម្រិត​នៃ​ភាពក្រីក្រ​មាន​ចំនួន​៥០% នៅ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​បង្កើត​ឡើង។ សព្វ​ថ្ងៃ​នេះ​ វា​បាន​ថយ​ចុះ​នៅ​សល់​តែ​១០%​ប៉ុណ្ណោះ»។

ព្រឹត្តិការណ៍​សំខាន់ៗ​ត្រូវ​បាន​គេ​រៀបចំ​ មុន​ឈាន​ទៅ​ដល់​ការ​ប្រារព្ធ​ខួប​លើក​ទី​៧៥​របស់​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃទី២៤ ខែតុលា។ កម្មវិធី​ទាំង​នោះ​រួម​មាន វេទិកា​យុវជន​ទ្រង់ទ្រាយ​ធំ​នៅ​ចុង​ខែ​មីនា នៅ​ក្នុង​បុរី​ញូវយ៉ក និង​កម្មវិធី​មួយ​នៅ​ក្នុង​ក្រុង San Francisco នៅ​ថ្ងៃទី២៦ ខែមិថុនា ដើម្បី​ប្រារព្ធ​ខួប​ចុះ​ហត្ថលេខា​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ឆ្នាំ១៩៤៥។

នៅ​ថ្ងៃទី២១ ខែកញ្ញា មេដឹកនាំ​ពិភពលោក​នឹង​ជួបជុំ​គ្នា​នៅ​ក្នុង​បុរី​ញូវយ៉ក​សម្រាប់​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​សហប្រជាជាតិ ដោយ​មាន​ការ​បើក​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ មេដឹកនាំ​ទាំង​នោះ​នឹង​ពិភាក្សា​លើ​មតិយោបល់ និង​អនុសាសន៍​ដែល​ប្រមូល​បាន​នៅ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​បង្កើន​កិច្ចសហការ​ក្នុង​សាកលលោក៕