ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ញត្តិ​អនឡាញ​មួយ​នឹង​ដាក់​​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​​ជួយ​ស្តារ​ប្រជាធិបតេយ្យ​ខ្មែរ


រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

លោក​ សេង សោភ័ណ​ ប្រធាន​អង្គការ​គណ:កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​និង​ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​កាណាដា​ ប្រាប់​ ​VOA​ ​ថា​ ​ញត្តិ​នេះ​បង្កើត​ឡើង​​​ដើម្បី​ស្នើ​ដល់​អង្គការ​សហប្រជាជាតិ​ ​និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ថ្ងៃ​២៣​ ​ខែ​តុលា​ ​ឆ្នាំ​១៩៩១​ទាំងអស់​ ​រួមគ្នា​ជួយ​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា​ជា​បន្ទាន់។

អង្គការ​សង្គម​ស៊ីវិល​មួយ​កំពុង​ធ្វើ​យុទ្ធនាការ​ប្រមូល​ហត្ថលេខាគាំទ្រ​ពី​ពលរដ្ឋ​កម្ពុជា​ ​ដើម្បី​ផ្ញើ​ជូន​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៩១​ អង្គការ​សហប្រជាជាតិ​ ​និង​ស្ថាប័ន​អន្តរជាតិ​ធំៗ​ជា​ច្រើន​ទៀត​ឲ្យ​ជួយ​ដោះស្រាយ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ដែល​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ។

ញត្តិ​អេឡិចត្រូនិក​មួយ​ដែល​មាន​ឈ្មោះ​ថា​ «មួយ​លាន​ហត្ថលេខា​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ខួប​លើក​ទី​២៦»​ បាន​ចាប់​ផ្តើម​បង្ហោះ​លើ​គេហទំព័រ​ www.change.org កាល​ពី​ថ្ងៃ​ទី​១៤​ ​ខែ​តុលា​ ​ឆ្នាំ​២០១៧​ ​ដោយ​គណ:កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​ដែល​ជា​អង្គការ​មាន​ទីតាំង​ក្នុងប្រទេស​កាណាដា។

លោក​ សេង សោភ័ណ​ ប្រធាន​អង្គការ​គណ:កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​និង​ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​កាណាដា​ ប្រាប់​ ​VOA​ ​ថា​ ​ញត្តិ​នេះ​បង្កើត​ឡើង​ដើម្បី​ស្នើ​ដល់​អង្គការ​សហប្រជាជាតិ​ ​និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ថ្ងៃ​២៣​ ​ខែ​តុលា​ ​ឆ្នាំ​១៩៩១​ទាំងអស់​ ​រួមគ្នា​ជួយ​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា​ជា​បន្ទាន់។​

លោក​បន្ថែម​ថា​ ញត្តិ​នេះ​នឹង​ស្នើ​ឲ្យ​មាន​ការ​បញ្ឈប់​នូវ​បំណង​របស់​បក្ស​កាន់​អំណាច​ដែល​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច​ ​និង​គណបក្ស​ប្រឆាំង​វិល​មក​រក​តុ​ចរចា​ ដោះ​លែង​អ្នកទោស​នយោបាយ​ដែល​កំពុង​ជាប់ឃុំ​ ​និង​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រកប​ដោយ​យុត្តិធម៌​ និង​គ្មាន​ការ​គំរាមកំហែង។

លោក​ សេង សោភ័ណ​ បញ្ជាក់​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖​

«សុំ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ ​និង​ប្រទេស​ហត្ថលេខី​ទាំង​១៨​ប្រទេស​ ​ទាំង​អស់​ ​គឺ​មិន​អាច​នៅ​ប្រងើយ​កន្តើយ​ចំពោះ​ដំណើរការ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ​ដែល​កំពុង​កើត​មាន​នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ​ទេ»។

ប្រធាន​អង្គការ​រូប​នេះ​ ​បន្ថែម​ថា​ ញត្តិដែល​ប្រមូលបាន​មាន​ចំនួន​ជាង​៣.០០០​ហត្ថលេខា​ នឹង​ត្រូវផ្ញើ​ទៅ​អង្គការ​សហប្រជាជាតិ​ ​និង​ប្រទេស​ចំនួន​១៨​ ​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី​២៣​ ​ខែ​តុលា​នេះ។​ លោក សេង សោភ័ណ​ បញ្ជាក់​បន្ថែម​ថា​ បើ​ទោះបី​ជា​ញត្តិ​នេះ​ត្រូវ​ផ្ញើ​ទៅ​ស្ថាប័ន​ទាំង​នោះ​នៅ​ថ្ងៃ​ទី​២៣​ ​ខែ​តុលា​នេះ​ក្តី​ ​ប៉ុន្តែ​អ្នក​ដែល​ចង់​ចូល​រួម​នៅ​តែ​អាច​ចុះ​ហត្ថលេខា​គាំទ្របាន​ជា​បន្តបន្ទាប់។

​ការ​រំឭក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា​ឆ្នាំ​១៩៩១​ បាន​កើត​មាន​ឡើង​ពេល​ដែល​ប្រទេស​កម្ពុជា​ ​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ ​និង​ការ​ឈាន​ទៅ​រក​ការ​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ទាក់​ទិន​នឹង​ដំណើរការ​ប្រជាធិបតេយ្យ​និង​សេរី​ពហុបក្ស​ដែល​បាន​មក​ដោយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ កាល​ពី​២៦ឆ្នាំ​មុន​នោះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយ​រូប​ ​និង​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ធ្លាប់​បាន​លើក​ឡើង​ជាច្រើន​ដងថា​ ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ស្លាប់​បាត់​ទៅ​ហើយ។​ លោក​បញ្ជាក់​ពី​មូលហេតុ​ថា​ ធាតុ​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​ហើយ​ភាគី​ខ្មែរ​ក្រហម​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នេះ​ក៏​បាន​រលំ​រលាយ​ ​រីឯ​សហភាព​សូវៀត​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ​ក៏​បាន​ជួប​ការ​ប្រេះ​ស្រាំ​ និង​នាំ​ទៅ​ដល់​ការ​បំបែក​រដ្ឋ​ជា​ច្រើន​ផង​ដែរ។

​ក៏​ប៉ុន្តែ​ការ​លើក​ឡើង​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​ ​បាន​ត្រូវ​ច្រានចោល​ដោយ​អ្នក​ឃ្លាំមើល​ការ​វិវត្ត​នយោបាយ​ ​ដោយ​អះអាង​ឡើង​ថា​ ​ដរាប​ណាកម្ពុជា​គ្មាន​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ​ ​ដរាប​នោះ​កិច្ច​ព្រមព្រៀង​ដែល​មាន​ប្រទេស​ចំនួន​១៨​ជា​អ្នក​ផ្តល់​ការ​គាំទ្រ​នេះ​ នឹង​នៅ​តែ​មាន​សុពលភាព​ជានិច្ច៕

XS
SM
MD
LG