ក្រុមមន្ត្រីអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានបង្ហាញសុទិដ្ឋិនិយមអំពីការទទួលបានជំនួយមនុស្សធម៌សម្រាប់ស៊ីរី ខណៈបណ្តាប្រទេសអឺរ៉ុបបន្តទាក់ទងជាមួយក្រុមឧទ្ទាមដែលបានបណ្តេញប្រធានាធិបតីដ៏យូរអង្វែងលោក Bashar al-Assad ចេញពីតំណែង។
ប្រធានផ្នែកមនុស្សធម៌នៃអង្គការសហប្រជាជាតិលោក Tom Fletcher បានថ្លែងកាលពីថ្ងៃអង្គារថាលោកបានពិភាក្សាប្រកបដោយការស្ថាបនា» ជាមួយមេដឹកនាំក្រុមឧទ្ទាមលោក Ahmed al-Sharaa ហើយថាអង្គការសហប្រជាជាតិមាន«មូលដ្ឋានសម្រាប់ការបង្កើនជំនួយមនុស្សធម៌ដ៏សំខាន់»។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានស្វាគមន៍ការប្តេជ្ញាមួយពីរដ្ឋាភិបាលចាំផ្ទះដឹកនាំដោយលោក Mohammed Bashir ដែលជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ស៊ីរី ដើម្បីការពារបុគ្គលិកមនុស្សធម៌ ជួយបើកការអនុញ្ញាតដល់ក្រុមមនុស្សធម៌ឱ្យឆ្លងព្រំដែននិងជួយពន្លឿនការអនុញ្ញាតនិងទិដ្ឋាការសម្រាប់បុគ្គលិកមនុស្សធម៌។
លោក Guterres បានថ្លែងថា «ខណៈពលរដ្ឋស៊ីរីឆក់យកឱកាសដើម្បីកសាងអនាគតឱ្យកាន់តែប្រសើរ សហគមន៍អន្តរជាតិត្រូវគាំទ្រពួកគេ»។
ប្រេសិតពិសេសបារាំងសម្រាប់ស៊ីរីលោក Jean-Francois Guillaume បានថ្លែងក្នុងអំឡុងពេលទស្សនកិច្ចមួយទៅកាន់ស៊ីរីកាលពីថ្ងៃអង្គារថាបារាំង«កំពុងត្រៀមស្ថិតនៅជាមួយពលរដ្ឋស៊ីរី» ក្នុងអំឡុងពេលអន្តរកាលនេះ។
លោក Guillaume ស្ថិតក្នុងចំណោមប្រេសិតចុងក្រោយដែលធ្វើដំណើរទៅស៊ីរីដើម្បីពិភាក្សាជាមួយអ្នកដែលដឹកនាំសម័យអន្តរកាលនេះ។
ក្រសួងការបរទេសអាល្លឺម៉ង់បានថ្លែងកាលពីថ្ងៃអង្គារថា មន្ត្រីការទូតរបស់ខ្លួននឹងធ្វើកិច្ចពិភាក្សាដំបូងៗជាមួយមេដឹកនាំក្រុមឧទ្ទាមនៅទីក្រុងដាម៉ាស។
ប្រធានគោលនយោបាយការបរទេសអឺរ៉ុបអ្នកស្រី Kaja Kallas បានថ្លែងថាប្លុកនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនជំនួយមនុស្សធម៌ដល់ស៊ីរី ហើយថាខ្លួនត្រូវមើលយ៉ាងណាដើម្បីគាំទ្រដល់ «ការបង្កើតដំណើការលទ្ធិប្រជាធិបតេយ្យនៅស៊ីរី»៕