អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍បានថ្លែងថា ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើឲ្យប៉ះពាល់ដល់កិច្ចខំប្រឹងប្រែងនៅក្នុងការស៊ើបអង្កេតលើករណីធ្វើឃាតលោក Jamal Khashoggi ដែលជាអ្នកកាសែតម្នាក់ ដោយលោកស្រីបានពណ៌នាហេតុការណ៍នេះថាជាអំពើឃោរឃៅ និងជាការធ្វើឃាតគិតទុកជាមុនដោយមន្រ្តីអារ៉ាប៊ីសាអូឌីត។
លោកស្រី Agnes Callamard អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលការសម្លាប់ក្រៅប្រព័ន្ធ ការប្រហារជីវិតនិងការកាត់ទោសក្រៅប្រព័ន្ធតុលាការ បានផ្សព្វផ្សាយពីការវាយតម្លៃរបស់លោកស្រីកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកស្រីបានបញ្ចប់ទស្សនកិច្ចនៅប្រទេសតួកគី។
លោក Khashoggi ដែលជាអ្នកសរសេរព័ត៌មានប្រឆាំងឲ្យកាសែត Washington Postដែលបានសរសេររិះគន់ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ត្រូវបានសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី២ ខែតុលា។ មកទល់នឹងពេលនេះសាកសពរបស់លោកនៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។
នៅអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីក្នុងប្រទេសតួកគីពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៣ខែកុម្ភៈ ក្រុមការងាររបស់លោកស្រី Callamard ដែលមានសមាជិក៤នាក់បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនិងក្រសួងយុត្តិធម៌ នាយកផ្នែកស៊ើបការសម្ងាត់របស់ប្រទេស និងរដ្ឋអាជ្ញាដែលដឹកនាំការស៊ើបអង្កេតករណីនេះ។
លោកស្រី Callamard បានធ្វើការសន្និដ្ឋានថា កិច្ចប្រឹងប្រែងរបស់តួកគីនៅក្នុងដំណើរការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ហ្មត់ចត់ ឯករាជ្យដោយ គ្មានលម្អៀងនិងដោយតម្លាភាពអនុលោមតាមច្បាប់អន្តរជាតិ បានរងការប៉ះពាល់ពីសំណាក់ប្រទេសអារ៉ាប៊ីសាអូឌីត៕