បេសកជន​អ.ស.ប​ថា​ភាគី​ជម្លោះ​ស៊ូដង់​យល់ព្រម​ចរចា​គ្នា

ទាហាន​អាមេរិក​អម​ដំណើរ​ពលរដ្ឋ​អាមេរិក​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ប្រទេស​ស៊ូដង់ ​ឡើង​នាវា​យោធា​អាមេរិក នៅ​កំពង់ផែ​ក្រុង Port Sudan កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៣។

ក្រុម​ឧត្ដមសេនីយ៍​ដែល​កំពុង​ច្បាំង​គ្នា​នៃ​ប្រទេស​ស៊ូដង់​បាន​យល់ព្រម​បញ្ជូន​អ្នកតំណាង​ដើម្បី​ធ្វើ​ការចរចា​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ នេះ​បើ​តាម​មន្ត្រី​កំពូល​ម្នាក់​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​នោះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press នៅ​ថ្ងៃ​ចន្ទ​នេះ ​ខណៈភាគី​ទាំង២​នៅ​តែប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​រដ្ឋធានី ​ថ្វីបើ​មាន​ការ​បន្ត​ការ​ឈប់​បាញ់​គ្នា​ដ៏​ប្រេះ​ស្រួយ​រយៈ​ពេល​៣ថ្ងៃ​ក៏ដោយ។

ការចរចា​មុន​ដំបូង​នឹង​ផ្តោត​លើ​ការ​បង្កើត​បទ​ឈប់​បាញ់​គ្នា​«ប្រកប​ដោយ​ស្ថិរភាព​និង​ទុកចិត្ត​បាន»​ដែល​ត្រូវ​ឃ្លាំមើល​ដោយ​«ពួក​អ្នក​សង្កេតការណ៍​ជាតិ​និង​អន្តរជាតិ»។ នេះ​បើ​តាម​លោក Volker Perthes។ ការ​ឈប់​បាញ់​គ្នា​បណ្តោះអាសន្នជា​បន្តបន្ទាប់​មួយ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ​បាន​កាត់បន្ថយ​ការប្រយុទ្ធ​នៅ​ក្នុង​តំបន់​ខ្លះ​តែប៉ុណ្ណោះ ខណៈ​ដែល​តំបន់​ផ្សេង​ទៀត ការប្រយុទ្ធ​យ៉ាង​សាហាវ​បាន​បន្ត​ដែល​បាន​បណ្តេញ​ជនស៊ីវិល​ចេញពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ហើយ​បាន​រុញច្រាន​ប្រទេស​នេះ​ឱ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​មនុស្សធម៌។

លោកPerthes ​បាន​ព្រមាន​ថា​ ផែនការ​សម្រាប់​ការ​ចរចា​នៅ​កំពុង​ធ្វើ​នៅ​ឡើយ។ រហូត​មក​ទល់​ពេល​នេះ​ មាន​តែ​ពួក​យោធា​តែ​មួយ​គត់​បាន​ប្រកាស​ថា​ខ្លួន​បាន​ប្រុងប្រៀប​ដើម្បី​ចូលរួម​ការចរចា​នេះ ​ដោយ​គ្មាន​ព័ត៌មាន​មកពី​គូប្រឆាំង​របស់​ពួកគេ​គឺ​កង​កម្លាំងគាំទ្រ​រហ័ស​ឬ Rapid Support Forces។ ការចរចា​ណា​ក៏​ដោយ​នឹង​ក្លាយ​ជា​សញ្ញា​នៃ​ការ​ជឿនលឿន​ដ៏​សំខាន់​មួយចាប់តាំង​ពី​ការ​ប្រយុទ្ធ​បាន​ផ្ទុះឡើង​នៅ​ថ្ងៃ​ទី១៥ ខែ​មេសា​រវាង​កងទ័ព​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ Mohammed Hamdan Dagalo។ មនុស្ស​ប្រហែល​៥៣០ ​នាក់ ​រួម​ទាំង​ជន​ស៊ីវិល​និង​ពួក​អ្នកប្រយុទ្ធ​បាន​ត្រូវ​សម្លាប់​ចាប់តាំង​ពី​នោះ​មក​ហើយ​ជន​ស៊ីវិល ​៤ពាន់​៥រយ​នាក់​បាន​រងរបួស។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​របស់​ស៊ូដង់។

ក្នុង​ខណៈ​នោះ​ដែរ ​សហរដ្ឋ​អាមេរិក​បាន​ជម្លៀស​ជនស៊ីវិល​អាមេរិកាំង​លើក​ទី១​របស់​ខ្លួន​ចេញពី​ប្រទេស​ស៊ូដង់។ ដោយ​មាន​ការ​តាម​មើល​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​របស់​យោធា​សហរដ្ឋ​អាមេរិក ​ពលរដ្ឋ​អាមេរិកាំង​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះថ្នាក់​តាម​ផ្លូវ​ពី​រដ្ឋធានី​ខាទុំ​ ទៅកាន់​ទីក្រុង​កំពង់ផែ​ស៊ូដង់​នៃ​សមុទ្រ​ក្រហម។ នៅ​ថ្ងៃ​ចន្ទ​នេះ នាវា​ដឹក​ជញ្ជូន​រហ័ស​របស់​កង​នាវា​សហរដ្ឋ​អាមេរិក​បាន​ដឹក​មនុស្ស៣០៨​នាក់​ពី​កំពង់ផែ​ស៊ូដង់​ទៅកាន់​កំពង់ផែ Jeddah ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ នេះ​បើ​តាម​ពួក​មន្ត្រី​អារ៉ាប៊ីសាអូឌីត។

ស្នូ​ផ្ទុះ​និង​ការ​បាញ់​កាំភ្លើង​បាន​ត្រូវ​គេ​ឮ​នៅ​ក្នុង​ផ្នែក​នានា​នៃ​រដ្ឋធានី​ខាទុំ​ហើយ​នឹង​ទីក្រុង Omdurman នៅ​ក្បែរ​នោះ​នៅ​ថ្ងៃ​ចន្ទ​នេះ។ នេះ​បើ​តាម​ពួក​អ្នក​ស្រុក។ ភាគី​ទាំង២​បាន​ប្រកាស​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា ពួកគេ​នឹង​គោរព​ការបន្ត​ការ​ឈប់​បាញ់​គ្នា​រយៈពេល​៧២​ម៉ោងកាលពី​សប្តាហ៍​មុន។ សហរដ្ឋ​អាមេរិក​និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ដឹកនាំ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​ធ្វើ​ឱ្យ​ឧត្ដមសេនីយ៍​ឈប់​ប្រយុទ្ធ​គ្នា បន្ទាប់​មក​ចូលរួម​នៅ​ក្នុង​ការចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ។

ថ្លែង​មកពី​កំពង់​ផែ​ស៊ូដង់ ​បេសកជន​របស់​អង្គការ​សហប្រជាជាតិ​លោក Perthes​ បាន​និយាយ​ថា​ពួកគេ​នៅ​ប្រឈម​បញ្ហា​លំបាកៗ​ដើម្បី​ធ្វើ​ឱ្យ​ភាគី​ទាំង២​គោរព​បទ​ឈប់​បាញ់គ្នា៕