គណបក្ស​ប្រជាជន​កម្ពុជា​ប្រតិកម្ម​នឹង​អត្ថាធិប្បាយ​មន្ត្រី​អ.ស.ប.​អំពី​ច្បាប់​ប្រព័ន្ធ​យុត្តិធម៌

លោក​ ស៊ូរីយ៉ា​ស៊ូប៊ែឌី ​​(Surya P. Subedi) ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជួប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៤។

សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​នៅថ្ងៃ​ពុធ​នេះ​បាន​និយាយ​ថា ប្រតិកម្ម​របស់មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ទៅ​លើ​ការ​អនុម័ត​ច្បាប់​សម្រាប់កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​គឺ​ជារឿងមិន​អាច​ទទួល​យក​បាន។​

រដ្ឋ​សភា​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន​ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សម្រាប់​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ចំនួន​បី ​គឺ​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​ការ​រៀបចំ​អង្គការ​តុលាការ​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​របស់​អង្គ​ចៅក្រម​ និង​ព្រះ​រាជអាជ្ញា​ និង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម។​

ប៉ុន្តែ​កាល​ពី​ម្សិល​មិញ​នេះ​ លោក​ ស៊ូរីយ៉ា​ស៊ូប៊ែឌី (Surya P. Subedi) ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​លើក​ឡើង​ថា​ ការ​អនុម័ត​សេចក្តី​ពា្រង​ច្បាប់​ទាំង​នេះ​ធ្វើ​ឡើង​ដោយ​ប្រញាប់​ប្រញាល​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ច្បាប់​នេះខ្វះ​តម្លាភាព​ គណនេយ្យភាព​និង​ការ​ចូលរួម​ពី​ភាគី​ពាក់​ព័ន្ធ។​

នៅ​ថ្ងៃ​នេះ ​លោក​ជាម​ យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ​ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋ​សភា​ ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើងរបស់​អ្នក​រាយ​ការណ៍​ពិសេស​នៃអង្គការ​សហ​ប្រជាជាតិ​គឺ​ជា​ការ​លើក​ឡើង​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។​

«មិន​អាច​ទទួលយក​បាន​ទេ​តាម​សម្តី​របស់​លោក​ស៊ូរីយ៉ា​ស៊ូប៊ែឌី​ហ្នឹង។ ខ្ញុំ​សូម​ឲ្យ​គាត់​សិក្សា ​ស្រាវជ្រាវ​ច្បាប់​នៅ​កម្ពុជា​ឲ្យ​បាន​ច្បាស់។ ​គាត់​គ្រាន់​តែ​មក​នៅ​តំណាង​ឲ្យ​អង្គការ​សហ​ប្រជាជាតិ។ ​ហើយ​ប្រញាប់​ប្រញាល់អ្វី?​ ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​វិន័យ​ច្បាស់​លាស់​ គោរព​តាម​រដ្ឋធម្មនុញ្ញ​ គោរព​តាម​ព្រះ​មហា​ក្សត្រទាំងអស់។ ​អត់មាន​ប្រញាប់​ប្រញាល់​ដូច​គាត់​ថា ហ្នឹង​ទេ»។​

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ទី​ក្រុង​ហ្សឺណែវ ​លោក​ស៊ូរីយ៉ា​ ស៊ូប៊ែឌី (Surya P. Subedi)​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ​សេចក្តីព្រាង​ច្បាប់​ទាំង​បី​ខាង​លើអនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​រដ្ឋាភិបាល​នោះ​ មាន​អំណាច​ខ្លះ​លើ​ប្រព័ន្ធ​តុលាការ។ ​ហើយ​លោក​ក៏​បាន​បាន​សម្តែង​ការ​សោកស្តាយ​ដែល​សភា​កម្ពុជា​មិន​ទទួល​យកអនុសាស៍​ និង​ការ​ចូលរួមរបស់ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល។​

លោក​ស៊ូប៊ែឌី​បញ្ជាក់​ថា ដើម្បី​ធានា​ឲ្យ​បាន​នូវ​ឯករាជ្យ​ភាព​ពេញ​លេញ​ របស់​តុលាការ​ អំណាច​និតិប្រតិបត្តិ​ទាំងអស់​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​លើ​ការ​ចាត់​ចែង​ថវិកា​របស់​តុលាការ​ ឬ​ក៏​ការ​តែង​តាំងអង្គ​ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា។​

ក៏​ប៉ុន្តែ​លោក​ជាម យៀប​ពន្យល់​ដូច្នេះ​ថា ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​បើក​ទ្វា​រចំហ​ចំពោះ​មតិ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​កែ​លម្អជា​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ។​

«អញ្ចឹង​គឺ​ថា ​ទម្រាំច្បាប់​នេះ​ដល់​ដៃ​អ្នក​តំណាង​រាស្រ្ត​ [វាបាន​ឆ្លង​កាត់]​សុទ្ធ​តែក្រុម​ប្រឹក្សា​អ្នក​ច្បាប់​នៅ​គ្រប់​ក្រសួង​ នៅ​រដ្ឋសភា​ រដ្ឋាភិបាល​មិន​ដឹង​ប៉ុន្មាន​ផង​ទេ។ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​មិន​ទាំងចេះ​ផង ចេះ​តែ​លើក​ឡើង​គ្រប់​បែប​យ៉ាង។​ យើង​មិន​អាច​ទទួល​យក​បាន​ទេ»។​

លោក​យ៉ែម ប៉ុញ្ញរិទ្ធ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​គាំទ្រ​ដល់​ជំហរ​នៃ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ។​

«ឲ្យ​មាន​ការ​ពន្យារ​ពេល​ ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ឲ្យ​ពិត​ប្រាកដ​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​យើង​ពិត​ប្រាកដ ​ពីព្រោះ​បច្ចុប្បន្ន​នេះ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ​ប្រព័ន្ធ​តុលាការ​នេះ​មិន​មាន​ឯករាជ្យ ​និង​អព្យាក្រិត្យ​ពិត​ប្រាកដ​ទេបាទ»។

សេចក្តីព្រាង​ច្បាប់ស្តី​ពី​ការ​រៀបចំ​អង្គការ​តុលាការ​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​របស់​អង្គ​ចៅក្រម​ និ​ងព្រះ​រាជអាជ្ញា​ និង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រមត្រូវ​បាន​បញ្ជូន​ដល់ព្រឹទ្ធ​សភា​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​ ​ហើយ​គណៈ​កម្មការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធ​សភា​នឹងពិនិត្យ។​

លោក​ស៊ូប៊ែឌី​ក៏​បាន​អំពាវនាវ​ឱ្យ​ព្រឹទ្ធ​សភា ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​មើល​ច្បាប់​ទាំង​នេះ​ក្នុង​ពេល​បន្ទាប់​ទៀត។​

លោក​អ៊ុំ​ សារិទ្ធ ​អគ្គលេខាធិការ​ព្រឹទ្ធ​សភា​ពន្យល់​ថា ​ព្រឹទ្ធ​សភា​នឹង​ពិនិត្យ​ជាក់​ស្តែង​លើ​ស្ថានភាព​នៃ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នោះ។​

«ហើយ​បើយើង​មិន​ពិនិត្យ​និង​មិន​ផ្តល់​យោបល់ក្នុង​រយៈ​ពេល​កំណត់​ទេ​ សេចក្តី​ព្រាងច្បាប់​ដែល​រដ្ឋសភាអនុម័ត​រួច​ហើយ​ហ្នឹង ​គេ​នឹង​យក​ទៅ​ប្រើ។​ អញ្ចឹង​យើង​មិន​ថា ​ពន្យារ ​ឬ​ថា​ លើក​បាន​នោះ​ទេ»។​

ដោយ​ឡែក​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម​ រង្ស៊ី​បាន​ប្រកាស​ជា​ផ្លូវការថា ​ខ្លួន​នឹង​ចូលរួម​ប្រជុំ​ព្រឹទ្ធ​សភា​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែកនេះ​ទេ។​

កិច្ច​ប្រជុំ​ព្រឹទ្ធ​សភា​នៅថ្ងៃ​ស្អែក​នេះ​នឹង​ផ្តោត​លើ​ការ​ពិភាក្សា​ និង​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​មួយ​ចំនួន​ដែល​បញ្ជូន​ដោយ​រដ្ឋសភា។

ព្រឹទ្ធ​សភា​គណបក្ស​សម​ រង្ស៊ី​ចាត់​ទុក​ថា​ ​កិច្ច​ប្រជុំ​នោះ​មិន​បាន​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ។​បន្ថែម​ពី​នោះ​ដែរ ​កាលពី​ថ្ងៃច័ន្ទ​ទី​ ២៦​ខែ​ឧសភា​កន្លង​ទៅ ​អង្គ​ការ​សង្គម​ស៊ីវិល​ជា​ច្រើន​ស្ថាប័ន​ក៏​បាន​ចេញសេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ថ្កោល​ទោសការ​អនុម័ត​របស់​រដ្ឋ​សភា​កម្ពុជា​លើ​ការ​អនុម័ត​ច្បាប់​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ ដោយ​សំអាង​ថា ​ខ្លឹមសារ​នៃ​ច្បាប់​ទាំង​៣​នេះ​មាន​ចន្លោះ​ប្រហោង។ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​បាន​ទទូច​ចង់​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជាសាធារណៈ​ និង​ទូលំទូលាយដើម្បី​ធានា​ថា ​ច្បាប់​ទាំងនោះ​ស្រប​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ។​

អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ផ្ញើរ​លិខិត​មួយ​ទៅ​កាន់​ព្រឹទ្ធ​សភា​កម្ពុជា​ឲ្យ​ពន្យារ​ពេល​ការ​ពិភាក្សា​ និង​ត្រួត​ពិនិត្យ​លើ​ច្បាប់​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការនេះ​ដែរ។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា ​ប្រសិន​បើ​ព្រឹទ្ធ​សភា​កម្ពុជា​អនុម័ត​ច្បាប់​ទាំង​នោះ​ជា​បន្ត​ទៀត ​វា​នឹង​អាច​ប៉ះពាល់​នីតិរដ្ឋ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា៕