អ្នកស្រី Christine Schraner Burgener បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ាបានជំរុញសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រឲ្យនៅតែរួបរួមគ្នាប្រឆាំងនឹងការប្រើកម្លាំងរបស់យោធាមីយ៉ាន់ម៉ានៅក្នុងការបង្ក្រាបដ៏ប្រល័យលើបាតុករ ដែលកំពុងបន្តតវ៉ាតាមដងផ្លូវប្រឆាំងនឹងរដ្ឋប្រហារយោធា។
អ្នកស្រី Schraner Burgener បាននិយាយថា៖ «ការគាបសង្កត់ [នៅមីយ៉ាន់ម៉ា] ត្រូវតែបញ្ឈប់»។ នេះបើយោងតាមសំណៅមួយច្បាប់នៃសុន្ទរកថារបស់អ្នកស្រីដែលបានចែកចាយជាមួយនឹងអ្នកកាសែត។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «វាជាការចាំបាច់ដែលថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវមានការតាំងចិត្តម៉ឺងម៉ាត់និងមិនផ្លាស់ប្ដូរនៅក្នុងការព្រមានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងឈរជាមួយនឹងប្រជាពលរដ្ឋមីយ៉ាន់ម៉ាឲ្យបានរឹងមាំ ដើម្បីគាំទ្រដល់លទ្ធផលជាក់ច្បាស់នៃការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំមុន»។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Schraner Burgener បានព្រមានថា ក្ដីសង្ឃឹមដែលប្រជាពលរដ្ឋមានលើអង្គការសហប្រជាជាតិ និងលើប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ «កំពុងធ្លាក់ចុះ» ហើយ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចលនិងអំពើហិង្សាអស់រយៈពេលជាងមួយខែមកហើយ បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល និងដាក់ឃុំអ្នកស្រី Aung San Suu Kyi និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី។ យោធាបាននិយាយថា ការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំមុន ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានឈ្នះភ្លូកទឹកភ្លូកដី មានការលួចបន្លំ។
ទាហាននិងប៉ូលិសបានបង្ក្រាបលើក្រុមបាតុករដោយប្រើគ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងជ័រ ដោយបានបាញ់មិនរើសមុខលើហ្វូងបាតុករ។
អ្នកស្រីបេសកជនពិសេសរបស់អង្គការសហប្រជាជាតិរូបនេះបានបញ្ជាក់កាលពីថ្ងៃសុក្រថា នៅក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ «អ្នកតវ៉ាស្លូតត្រង់ដោយសន្តិវិធី» ចំនួនប្រហែល ៥០ នាក់ ត្រូវបានសម្លាប់ ហើយអ្នកតវ៉ាជាច្រើននាក់ទៀតបានរងរបួស។
អ្នកស្រីបាននិយាយថា គិតត្រឹមថ្ងៃទី ២ ខែមីនា ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានដឹងថា មានមនុស្សប្រហែល ១.០០០ នាក់ កំពុងជាប់ឃុំ ឬបាត់ដំណឹង បន្ទាប់ពីត្រូវបានយោធាចាប់ដាក់ឃុំខុសច្បាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈមក។
អ្នកស្រីបានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ «សកម្មភាពរួមគ្នាត្រូវធ្វើជាបន្ទាន់។ តើយើងអាចអនុញ្ញាតឲ្យយោធាមីយ៉ាន់ម៉ាប្រព្រឹត្តិអំពើបែបនេះដោយគ្មានការទទួលខុសត្រូវច្រើនប៉ុណ្ណាទៀត?»។
ស្របពេលដែលអ្នកស្រី Schraner Burgener ថ្លែងដូចនេះតាមរយៈប្រព័ន្ធវីដេអូអនឡាញទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាតុកម្មប្រឆាំងរដ្ឋាភិបាលយោធាបានកើតឡើងម្ដងទៀតកាលពីថ្ងៃសុក្រនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ មានសេចក្ដីរាយការណ៍ថា នៅថ្ងៃនោះ យ៉ាងហោចណាស់មានបាតុករម្នាក់ត្រូវបានសម្លាប់។
អ្នកស្រី Schraner Burgener បាននិយាយថា សហគមន៍អន្តរជាតិត្រូវតែបញ្ជាក់ឲ្យបានច្បាស់ថា អ្នកប្រព្រឹត្តិការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «សិទ្ធិរស់រានមានជីវិត សិទ្ធិមានសេរីភាពនិងសុវត្ថិភាព សិទ្ធិរួចផុតពីទារុណកម្មនិងអំពើអាក្រក់ផ្សេងៗ និងសិទ្ធិមានសេរីភាពក្នុងការជួបជុំដោយសន្តិវិធី ត្រូវតែគោរព»។
អ្នកស្រី Schraner Burgener បានកាន់តំណែងជាបេសកជនអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ានេះអស់រយៈពេល ៣ ឆ្នាំមកហើយ និងបានចំណាយពេលជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
អ្នកស្រីបានព្យាយាមរៀបចំដំណើរត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ដើម្បីជួបជាមួយនឹងមន្ត្រីយោធា អ្នកជាប់ឃុំ សង្គមស៊ីវិល និងក្រុមបាតុករ។ មន្ត្រីយោធាមីយ៉ាន់ម៉ាបានប្រាប់អ្នកស្រីថា ពេលនេះមិនមែនជាពេលវេលាស័ក្តិសមសម្រាប់អ្នកស្រីធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ានោះទេ។
អ្នកស្រី Schraner Burgener បានអំពាវនាវជាថ្មីដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកុំឲ្យផ្ដល់ភាពស្របច្បាប់ ឬក៏ទទួលស្គាល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោយអ្នកស្រីបានជំរុញឲ្យមានការដោះលែងអ្នកទោសនយោបាយ និងឲ្យមានលទ្ធភាពបញ្ជូនជំនួយមនុស្សធម៌ចូលក្នុងប្រទេសមីយ៉ាន់ម៉ាដោយគ្មានការរារាំង។
អ្នកស្រីលើកឡើងដូច្នេះថា៖ «ខ្ញុំនឹងបន្តកិច្ចប្រឹងប្រែងរបស់ខ្ញុំក្នុងសាមគ្គីភាពជាមួយនឹងប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ ក្ដីសង្ឃឹមរបស់ពួកគេគឺអាស្រ័យលើការគាំទ្រនិងសកម្មភាពជាធ្លុងមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ