ការិយាល័យរបស់ប្រេសិតអង្គការសហប្រជាជាតិប្រចាំនៅស៊ីរីបានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រេសិតរបស់ការិយាល័យនេះលោក Geir Pederson បានសង្កត់ធ្ងន់អំពីតម្រូវការនៅក្នុងការមានអន្តរកាលនយោបាយមួយដែលដឹកនាំដោយស៊ីរី នៅពេលលោកជួបពិភាក្សានៅក្នុងទីក្រុងដាម៉ាសជាមួយមេដឹកនាំក្រុមឧទ្ទាមដែលបានបណ្តេញប្រធានាធិបតីកាន់តំណែងយូររបស់ស៊ីរីលោក Bashar al-Assad ចេញពីអំណាច។
អន្តរកាលនេះគួរតែផ្អែកលើគោលការណ៍នៃសេចក្តីសម្រេចឆ្នាំ ២០១៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអំពាវនាវឲ្យមាន «អភិបាលកិច្ចដ៏គួរឲ្យទុកចិត្ត ប្រកបដោយបរិយាបន្ន និងគ្មានការប្រកាន់ក្រុមនិកាយសាសនា» ក្នុងអំឡុងរយៈពេល ៦ ខែខាងមុខ ព្រមទាំងបង្កើតដំណើរការធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីដោយមានការបោះឆ្នោតបន្ទាប់ពីនោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រេសិតអង្គការសហប្រជាជាតិលោក Geir Pederson។
ពេលជួបពិភាក្សាជាមួយលោក Ahmad al-Sharaa ដែលជាមេដឹកនាំក្រុមឧទ្ទាម លោក Pederson ក៏បាន «សង្កត់ធ្ងន់អំពីគោលបំណងរបស់អង្គការសហប្រជាជាតិក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋស៊ីរីផងដែរ»។
សេចក្តីថ្លែងការណ៍របស់ក្រុមឧទ្ទាមបានលើកឡើងថា លោក al-Sharaa បានពិភាក្សាពីតម្រូវការធ្វើបច្ចុប្បន្នភាពសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដើម្បីឆ្លុះបញ្ចាំងពីស្ថានការណ៍បច្ចុប្បន្ននៅស៊ីរី។
ដំណើរទស្សនកិច្ចរបស់លោក Pederson នេះគឺជាការប្រឡូករបស់អន្តរជាតិដ៏ទូលំទូលាយមួយជាមួយក្រុមឧទ្ទាមស៊ីរីចាប់តាំងពីពេលដែលលោក Assad ត្រូវបានទម្លាក់ចេញពីអំណាចមក ស្របពេលដែលស៊ីរីប្រឈមនឹងកលយុគនយោបាយនៅក្រោយការត្រួតត្រារបស់គ្រួសារត្រកូល Assad អស់ជាង ៥០ ឆ្នាំនិងតម្រូវការកសាងប្រទេសឡើងវិញទ្រង់ទ្រាយធំនៅក្រោយសង្គ្រាមស៊ីវិលដ៏បង្ហូរឈាម៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។