ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សទទូចដល់មេដឹកនាំពិភពលោកឱ្យគោរពសិទ្ធិមនុស្សក្នុងអំឡុងមានជំងឺរាតត្បាតកូវីដ១៩។
អ្នកស្រីមីឆែល បាឆឺឡេត (Michelle Bachelet) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទថាសិទ្ធិមនុស្សមិនគួរត្រូវគេរំលោភ «ក្រោមលេសវិធានការសង្គ្រោះបន្ទាន់ និងលើកលែងនោះទេ»។
អ្នកស្រីបាឆឺឡេត មានប្រសាសន៍ថាអំណាចក្នុងគ្រាមានអាសន្ន «គួរតែត្រូវបានគេប្រើទប់ស្កាត់ជំងឺរាតត្បាតឱ្យមានប្រសិទ្ធភាព គឺកុំប្រើលើសនេះឬតិចជាងនេះ» និង «មិនគួរក្លាយជាអាវុធមួយដែលរដ្ឋាភិបាលអាចប្រើប្រាស់ដើម្បីកម្ចាត់អ្នកប្រឆាំង គ្រប់គ្រងលើពលរដ្ឋ និងបន្តកាន់អំណាចដោយគ្មានពេលកំណត់ទេ»។
ការិយាល័យឧត្តមស្នងការបានចេញគោលការណ៍ណែនាំថ្មីលើវិធានការសង្គ្រោះបន្ទាន់ដោយអ្នកស្រីថ្លែងថា៖ «មានរបាយការណ៍ជាច្រើនពីតំបន់ផ្សេងៗដែលប៉ូលិសនិងកងកម្លាំងសន្តិសុខដទៃទៀតបានប្រើប្រាស់ជ្រុលហួស និងជួនកាលប្រើកម្លាំងប្រដាប់អាវុធដើម្បីបង្ខំពលរដ្ឋគោរពតាមបម្រាមឱ្យនៅផ្ទះឬបម្រាមគោរចរ»។
អ្នកស្រីបាឆឺឡេតបន្ថែមថា «គោលការណ៍ត្រូវគោរព» គឺវិធានការបន្ទាន់ត្រូវតែអនុវត្តដោយមនុស្សធម៌។ អ្នកស្រីបន្ថែមថាប្រសិនបើមិនគោរពតាមនីតិរដ្ឋទេគឺ «ស្ថានភាពសុខភាពគ្រាមានអាសន្នបានក្លាយជាគ្រោះមហន្តរាយសិទ្ធិមនុស្ស ដោយមានផលប៉ះពាល់អវិជ្ជមានស្ថិតនៅយូរជាងជំងឺរាតត្បាត»៕