អង្គការសហប្រជាជាតិបានទទូចកាលពីថ្ងៃចន្ទថា ក្រោយពីការដួលរលំរបបដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad ក្នុងប្រទេសស៊ីរីមក ការទទួលខុសត្រូវរបស់លោកនិងអ្នកផ្សេងទៀតត្រូវតែមានចំពោះឧក្រិដ្ឋកម្មដ៏គួរឲ្យរន្ធត់ដែលបានប្រព្រឹត្តឡើងក្នុងអំឡុងពេលលោកគ្រប់គ្រងប្រទេស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Volker Turk បានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការធានានូវយុត្តិធម៌ បន្ទាប់ពីការដួលរលំរបស់របបលោក Assad។ លោក Assad ត្រូវបានបណ្តេញចេញពីអំណាចក្រោយពីការកៀបសង្កត់ដ៏ឃោរឃៅអស់រាប់ទសវត្សរ៍ក្រោមការដឹកនាំរបស់លោកនិងក្រោយពីមានសង្គ្រាមស៊ីវិលនៅស៊ីរីអស់ពេលជិត ១៤ ឆ្នាំកន្លងមកនេះ។
លោក Turk បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីសថា៖ «អន្តរកាលនយោបាយណាក៏ដោយត្រូវតែធានាថាជនដៃដល់នៃការរំលោភបំពានធ្ងន់ធ្ងរត្រូវតែទទួលខុសត្រូវ និងធានាថាអ្នកទទួលខុសត្រូវទាំងនោះត្រូវតែយកមកកាត់ទោស»។
ពេលគេសួរថាតើលោក Assad ស្ថិតក្នុងចំណោមជនទាំងឡាយដែលគួរតែត្រូវបាននាំយកមកកាត់ទោសឬក៏អត់ លោក Turk បានសង្កត់បញ្ជាក់អំពីតម្រូវការចាំបាច់ «សម្រាប់ការជំនុំជម្រះដ៏យុត្តិធម៌ទាក់ទងនឹងជនទាំងឡាយណាដែលគេមានមូលដ្ឋានហ្មត់ចត់ក្នុងការជឿថាជនទាំងនោះបានប្រព្រឹត្តឧក្រិដ្ឋកម្មឃោរឃៅ»។
លោក Turk បានទទូចថា៖ «ការណ៍នេះក៏រួមបញ្ចូលផងដែរនូវអតីតប្រធានាធិបតីស៊ីរីនិងជនណាដែលកាន់តំណែងដឹកនាំជាន់ខ្ពស់។ [វា] ចាំបាច់ដាច់ខាតដែលត្រូវប្រមូលភ័ស្តុតាងនិងរក្សាវាឲ្យបានល្អិតល្អន់សម្រាប់ការប្រើប្រាស់នៅពេលអនាគត»។
លោកបានបន្ថែមទៀតថា៖ «អន្តរកាលនេះត្រូវតែធានាថាសោកនាដកម្មនៃអ្នកដែលបានបាត់ខ្លួនក៏ត្រូវតែដោះស្រាយផងដែរ។ លោកបានចង្អុលបង្ហាញថាមានមនុស្សជាង ១០០.០០០ នាក់បានបាត់ខ្លួនក្នុងអំឡុងពេលសង្គ្រាមស៊ីវិល។
ការលើកឡើងរបស់លោក Turk ទាំងនេះបានធ្វើឡើងក្រោយពីលោក Assad បានភៀសខ្លួនចេញពីស៊ីរី ពេលពួកឧទ្ទាមដែលដឹកនាំដោយក្រុមអ៊ិស្លាមនិយមបានវាយលុកចូលទីក្រុងដាម៉ាសដោយញ៉ាំងឲ្យមានការអបអរសាទរទូទាំងប្រទេសនិងនៅបរទេសបន្ទាប់ពីរបបគ្រប់គ្រងបែបជិះជាន់របស់លោក Assad បានឈានដល់ទីបញ្ចប់៕