អ.ស.ប.បានព្រមានកាលពីថ្ងៃពុធ ទី១៣ ខែឧសភាថា បញ្ហាហិរញ្ញវត្ថុសាកលដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩អាចបណ្តាលឱ្យសេដ្ឋកិច្ចសាកលខាតបង់៨៥០ម៉ឺនលានដុល្លារក្នុងពេលជាងពីរឆ្នាំខាងមុខហើយជំរុញឱ្យមនុស្សជាង៣៤លាននាក់ក្រីក្រជាខ្លាំង។
លោក Elliott Harris ជាអ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់អ.ស.ប.។ លោកបាននិយាយថា៖ «នៅពេលនេះ យើងកំពុងប្រឈមនឹងការពិតជាក់ស្តែងនៃដំណើរសេដ្ឋកិច្ចមិនទៅមុខយ៉ាងធ្ងន់ធ្ងរ ដែលមានទំហំធំមិនធ្លាប់ឃើញចាប់តាំងពីដំណើរសេដ្ឋកិច្ចធ្លាក់ដុនដាបខ្លាំង» ដោយលោកបាននិយាយយោងដល់ដំណើរសេដ្ឋកិច្ចធ្លាក់ដុនដាបខ្លាំងជាសាកលដែលបានចាប់ផ្តើមនៅក្នុងស.រ.អា.ក្នុងឆ្នាំ១៩២៩ហើយបានរាលដាលនៅទូទាំងពិភពលោកបីបួនឆ្នាំបន្ទាប់មក។
នៅក្នុងរបាយការណ៍ពាក់កណ្តាលឆ្នាំស្តីពី «ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងសេចក្តីសង្ឃឹម» អ.ស.ប.បានទស្សន៍ទាយថា សេដ្ឋកិច្ចសាកលនឹងធ្លាក់ចុះចំនួន៣,២%នៅក្នុងឆ្នាំ២០២០ហើយនឹងងើបឡើងវិញបន្តិចនៅឆ្នាំក្រោយ។ គេរំពឹងថា ពាណិជ្ជកម្មពិភពលោកនឹងធ្លាក់ចុះ១៥%ផងដែរ។ ការខាតបង់សរុបក្នុងឆ្នាំ២០២០-២០២១មានចំនួន៨៥០ម៉ឺនលានដុល្លារន័យថាផលចំណេញទាំងអស់កាលពីបួនឆ្នាំកន្លងទៅនេះនឹងត្រូវរលាយអស់។
លោក Harris បាននិយាយថា៖ «វិបត្តិខាងសុខភាព និងខាងសេដ្ឋកិច្ចបង្កឱ្យមានការលំបាកដល់គោលនយោបាយដោះដូរ»។ លោកគូសបញ្ជាក់ថា រដ្ឋាភិបាលត្រូវទប់ទល់នឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ដោយនៅពេលជាមួយគ្នាដែរត្រូវបន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ចឱ្យមានតិចបំផុត។
លោកបានថ្លែងបន្ថែមថា៖ «តុល្យភាពរវាងការជួយស្រោចស្រង់ជីវិតមនុស្ស និងការរក្សាទុកការងារជាការពិបាកពីព្រោះវាជាការចាំបាច់ដូចគ្នា»។
មនុស្សជាង៤លាន៣សែននាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺកូវីដ១៩ដែលជាជំងឺបណ្តាលមកពីវីរុសកូរ៉ូណាហើយមានមនុស្សជិត៣សែននាក់បានបាត់បង់ជីវិតដោយសារជំងឺនេះ។
លោក Harris បានមានប្រសាសន៍ថា នៅពេលដែលការរាតត្បាតជាសាកលនៃជំងឺនេះបាននាំឱ្យគាំងសកម្មភាពនៅក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើននោះ ប្រទេសក្រីក្រមិនទាន់មានជំងឺនេះខ្លាំងនៅឡើយទេ ក៏ប៉ុន្តែមានការរងគ្រោះខាងសេដ្ឋកិច្ចដោយសារចំណងទាក់ទងរបស់ពួកគេជាមួយពួកប្រទេសអភិវឌ្ឍន៍។
លោក Harris បានកត់សម្គាល់ថា ឧស្សាហកម្មទំនិញប្រើប្រាស់ និងទេសចរណ៍បានរងផលប៉ះពាល់ខ្លាំងស្របពេលដែលផ្នែកដឹកជញ្ជូន និងឧស្សាហកម្មទំនិញប្រើប្រាស់បានធ្វើឱ្យមនុស្សឥតការងារធ្វើរាប់លាននាក់នៅទូទាំងពិភពលោកក្នុងពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។
លោក Harris បាននិយាយប្រាប់អ្នកកាសែតថា៖ «នៅក្នុងប្រទេសអភិវឌ្ឍន៍ និងក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មនុស្សជាច្រើននាក់មានហានិភ័យធ្លាក់ក្នុងភាពក្រីក្រ ដោយមានការវាយតម្លៃបែបមានសុទិដ្ឋិនិយមបំផុតថា មនុស្ស១៦០លាននាក់ថែមទៀតនឹងរស់នៅក្នុងភាពទីទាល់ក្រមិនហួសពីឆ្នាំ២០៣០ទេ»។
មនុស្សជាង៣៤លាននាក់ក្នុងបណ្តាក្រុមជនទាំងនេះទំនងជានឹងធ្លាក់នៅក្រោមបន្ទាត់ក្រីក្រអន្តរជាតិមិនហួសពីដំណាច់ឆ្នាំនេះទេ។ ជនទាំងនេះជាក្រុមបុគ្គលដែលមានប្រាក់ចំណូលតិចជាង១ដុល្លារ៩០សេនក្នុងមួយថ្ងៃ។ គេទស្សន៍ទាយថា ប្រទេសនៅក្នុងទ្វីបអាហ្វ្រិកនឹងរងគ្រោះខ្លាំងបំផុតដោយនៅទីនោះមានមនុស្សក្រីក្រខ្លាំងចំនួនពាក់កណ្តាលនៃមនុស្សជាង៣៤លាននាក់នេះ។
លោក Hamid Rashid ជាប្រធានសាខាឃ្លាំមើលសេដ្ឋកិច្ចសាកល និងជាអ្នកនិពន្ធនាំមុខគេនៃរបាយការណ៍នេះរបស់អ.ស.ប.។ លោកបាននិយាយថា៖ «ពិភពលោកនឹងមានភាពធម្មតាជាថ្មីនៅក្រោយវិបត្តិជំងឺកូវីដ១៩។ ប្រសិនបើគ្មានការទំលាយភាពទាល់ច្រកក្នុងការផលិតថ្នាំវ៉ាក់សាំង និងការព្យាបាលជំងឺនេះទេ យើងនឹងប្រឈមការធ្លាក់ចុះខាងសេដ្ឋកិច្ចក្នុងរយៈពេលយូរគឺមានការរីកចម្រើនកម្រិតទាប មានលំហូរពាណិជ្ជកម្មសាកលតិចតួចមានការបណ្តាក់ទុនមានទឹកប្រាក់តិចតួច និងមានសកម្មភាពសេដ្ឋកិច្ចតែបន្តិចបន្តួច»។
លោក Rashid បានថ្លែងថា ទម្រង់នៃការប្រើប្រាស់និងការផលិតគ្រឿងឧបភោគបរិភោគនឹងមានការផ្លាស់ប្តូរជាមូលដ្ឋាន ហើយភាពស្វ័យប្រវត្តិ និងការធ្វើការដោយឌីជីថលនឹងមានកំណើនជាងមុនដែលអាចនាំឲ្យអ្នកធ្វើការខ្លះគ្មានការងារធ្វើជាអចិន្ត្រៃយ៍។
ប្រទេសជាច្រើនបានបញ្ចេញកញ្ចប់ថវិកាសារពើពន្ធដើម្បីជួយជំរុញសេដ្ឋកិច្ចនោះ ប៉ុន្តែការជំរុញនេះមិនស្មើគ្នាទេ។ នៅក្នុងប្រទេសសម្បូរធនធាន វិធានការនេះស្មើនឹង១០%នៃផលិតផលសរុបក្នុងស្រុក។ ចំណែកឯនៅក្នុងប្រទេសក្រីក្រវិញ វិធានការនេះស្មើតែពី០,៥%ទៅ១%នៃផលិតផលសរុបក្នុងស្រុកតែប៉ុណ្ណោះ។
ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនមានបញ្ហាសេដ្ឋកិច្ចជាស្រេចទៅហើយនៅមុនមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ដោយសារមានអតិផរណានិងការសងបំណុលដែលនៅពេលនេះមានផលប៉ះពាល់ដោយសារការចុះថយប្រាក់ចំណូលពីការដឹកជញ្ជូនទំនិញទៅលក់ឯប្រទេសក្រៅ ការចុះថយនៃវិស័យទេសចរណ៍ និងការថមថយប្រាក់ផ្ញើពីក្រុមអ្នកទៅធ្វើការឯប្រទេសក្រៅ។ របាយការណ៍នេះនិយាយថា ត្រូវមានការគាំទ្រជាអន្តរជាតិថែមទៀត។
នៅពេលដែលព័ត៌មានភាគច្រើនជាព័ត៌មានមិនល្អក៏ដោយ ក៏អ្នកចងក្រងសេចក្តីរាយការណ៍នេះនិយាយថា តើពិភពលោកត្រូវរៀបចំការរើបឡើងវិញបែបណាដែលមានសារៈសំខាន់។
លោក Rashid បានមានប្រសាសន៍ថា៖ «វិបត្តិបច្ចុប្បន្ននេះជាឱកាសមួយសម្រាប់កសាងភាពធន់ប្រឆាំងនឹងការរង្គោះរង្គើសេដ្ឋកិច្ច និងការរាតត្បាតជាសាកលនៃជំងឺឆ្លងក្នុងពេលអនាគត ពង្រឹងកិច្ចការពារខាងសង្គម កាត់បន្ថយភាពមិនស្មើគ្នា និងដោះស្រាយហានិភ័យនៃការប្រែប្រួលអាកាសធាតុដែលកំពុងកើនឡើង»៕
ប្រែសម្រួលដោយឈឹម សុមេធ