ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអនុម័តសេចក្ដីសម្រេចមួយដោយមានការបោះឆ្នោតគាំទ្រចំនួន ៣២ សំឡេង បោះឆ្នោតអនុប្បវាទ ១៣ សំឡេង និងបោះឆ្នោតប្រឆាំងចំនួន ២ សំឡេង។ មានតែប្រទេសរុស្ស៊ី និង អេរីត្រេ ប៉ុណ្ណោះដែលបានបោះឆ្នោតបដិសេធមិនធ្វើការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ វាជាការបញ្ជាក់មួយថា រុស្ស៊ីកំពុងក្លាយជាប្រទេសឯកោ ពីព្រោះសូម្បីតែសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន គឺ ចិន គុយបា និង វ៉េណេស៊ុយអេឡា ក៏សម្រេចចិត្តបោះឆ្នោតអនុប្បវាទ ជាជាងឈរប្រកៀកស្មាគ្នានៅខាងរុស្ស៊ីដើម្បីបដិសេធសេចក្ដីសម្រេចនេះ។
បើទោះបីជាប្រទេសបេឡារុស មិនមែនជាសមាជិកក្រុមប្រឹក្សានេះក៏ដោយ ប៉ុន្តែប្រទេសនេះបានឡើងទៅកាន់វេទិកា ដើម្បីថ្លែងការពាររុស្ស៊ី ដែលជាសម្ពន្ធមិត្តរបស់ខ្លួន។ លោក Andrei Taranda ដែលជាទីប្រឹក្សាបេឡារុស ក៏បានយកឱកាសនោះវាយបកទៅលើការរិះគន់អំពីសម្ភន្ធភាពនៃប្រទេសរបស់លោកជាមួយទីក្រុងមូស្គូ។
លោកថ្លែងតាមរយៈអ្នកបកប្រែដែលមានខ្លឹមសារដូច្នេះថា៖
«ប្រទេសលោកខាងលិចមួយចំនួន បានថ្កោលទោសបេឡារុស ចំពោះការគាំទ្រទៅលើការឈ្លានពានលើអ៊ុយក្រែន។ ប៉ុន្តែ យើងត្រូវតែមានភាពស្មោះត្រង់ចំពោះខ្លួនយើង។ តើអ្នកណាជាអ្នកបញ្ឆេះភ្លើងនៃជម្លោះនេះឡើងនៅអ៊ុយក្រែន? វាមិនដូចសហស្ថាបនិកនៃសេចក្ដីសម្រេចនោះ បេឡារុសមិនបញ្ជូនសព្វាវុធ ឬ ទាហានទៅកាន់តំបន់មានជម្លោះទេ។ លើសពីនេះទៀត ពុំមានទាហានបេឡារុសនៅលើទឹកដីអ៊ុយក្រែននោះដែរ»។
លោកថ្លែងថា ផ្ទុយទៅវិញ ប្រទេសប៉ូឡូញ ត្រូវបានគេរាយការណ៍ថា បានបញ្ជូនទាហាន ២០០ នាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន តែលោកមិនបានបង្ហាញពីភស្តុតាងនៃការអះអាងនោះទេ។
សេចក្ដីថ្លែងការណ៍របស់បេឡារុស ទទួលបានការចាប់អារម្មណ៍តិចតួចប៉ុណ្ណោះ។ ប្រទេសជាច្រើនមកពីតំបន់ផ្សេងនៃពិភពលោក ដូចជា សហភាពអឺរ៉ុប អាហ្វ្រិក អាស៊ី និងអាមេរិកខាងត្បូង បានឡើងថ្លែងជាបន្តបន្ទាប់ ថ្កោលទោសការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ អ្នកស្រី Sheba Crocker គឺជាឯកអគ្គរដ្ឋទូតតំណាងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ និង អង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ។ អ្នកស្រីថ្លែងថា រុស្ស៊ី ត្រូវតែទទួលខុសត្រូវលើការវាយប្រហារដោយយោធាលើអ៊ុយក្រែន ដែលធ្វើឡើងដោយគ្មានការពិចារណា គិតទុកជាមុន និងដោយគ្មានហេតុផល។
អ្នកស្រីថ្លែងដូច្នេះថា៖ «ជីវិតជនស៊ីវិលរាប់លាននាក់កំពុងជួបហានិភ័យ មិនថាពួកគេជាជនជាតិអ៊ុយក្រែន ឬមិនមែនជាអ៊ុយក្រែននោះទេ នៅពេលដែលទាហានរុស្ស៊ីបើកការបាញ់ប្រហារនៅលើដងផ្លូវនានានៃទីក្រុងកៀវ នៅពេលពួកគេទម្លាក់គ្រាប់បែកលើគេហដ្ឋាននានាក្នុងតំបន់ដែលមានអ្នកស្រុករស់នៅ នៅពេលពួកគេបាញ់ផ្តក់ទៅលើកូនសិស្សសាលាមតេ្តយ្យ និងនៅសាលារៀនរបស់ពួកគេ។ រុស្ស៊ី ត្រូវតែទទួលខុសត្រូវនៅចំពោះមុខក្រុមប្រឹក្សានេះ»។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សបានអំពាវនាវឲ្យគណៈកម្មការស៊ើបអង្កេតនេះធ្វើការស៊ើបអង្កេតទៅលើអំពើហិង្សាទាំងអស់ និងការរំលោភបំពានសិទ្ធិមនុស្ស ដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ គណៈកម្មការនេះមានកាតព្វកិច្ច ប្រមូល វិភាគ និងរក្សាការពារភស្តុតាងទាំងអស់ ដើម្បីប្រើប្រាស់ក្នុងនីតិវិធីផ្លូវច្បាប់ណាមួយនាពេលអនាគត ដែលអាចនឹងកើតចេញពីការស៊ើបអង្កេតរបស់ពួកគេ៕
ប្រែសម្រួលដោយលោក នៀម ឆេង