ការផ្តន្ទាទោសទៅលើអ្នកសារព័ត៌មានឯករាជ្យចំនួនបីនាក់ កាលពីដើមខែមករា គឺជាឧទាហរណ៍ចុងក្រោយនៃភាពកាន់តែសឹករិចរិលនៃសេរីភាពនៅក្នុងការបញ្ចេញមតិនៅប្រទេសវៀតណាម។ អ្នកសារព័ត៌មានជាបុរសទាំងបីនាក់នេះ ត្រូវបានរកឃើញថា មានទោសពីបទបំពានសន្តិសុខជាតិ និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។
អ្នកនាំពាក្យផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិអ្នកស្រី Ravina Shamdasani និយាយថា អ្នកសារព័ត៌មានឯករាជ្យ អ្នកសរសេរប្លុក អ្នកបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត និងសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនផ្អែកលើច្បាប់ដែលគ្មានមូលដ្ឋានច្បាស់លាស់។
ចំពោះករណីអ្នកសារព័ត៌មានដែលត្រូវបានផ្តន្ទាទោសនាពេលថ្មីៗនេះ អ្នកស្រីបានលើកឡើងថា បុរសទាំងបីនាក់នេះត្រូវបានដាក់ឃុំខ្លួនអស់រយៈពេលយ៉ាងយូរមុនសវនាការ។ អ្នកស្រីបានបន្ថែមថា មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរថា សិទ្ធិរបស់ពួកគេនៅក្នុងការទទួលបានសវនាការប្រកបដោយយុត្តិធម៌ គឺមិនត្រូវបានគោរព។
អ្នកស្រីបានថ្លែងថា៖ «ពួកគេត្រូវបានឃុំខ្លួនដោយមិនឲ្យមានទំនាក់ទំនងជាមួយអ្នកខាងក្រៅ។ ពួកគេមិនអាចជួបគ្រួសារ។ ពួកគេមិនអាចស្វែងរកមេធាវី។... ហើយនៅក្នុងករណីដទៃទៀត យើងឃើញមានការប្រព្រឹត្តអំពើមិនគប្បីដាក់ ហើយយើងក៏ឃើញថា មានបុគ្គលត្រូវការជំនួយផ្នែកសុខាភិបាល ដែលមិនត្រូវបានគេគិតគូរនោះទេ»។
អ្នកស្រី Shamdasani ក៏បានបង្ហាញក្តីកង្វល់ផងដែរថា រាល់បុគ្គលណាដែលព្យាយាមសហការជាមួយនឹងការិយល័យឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានរងការគំរាមកំហែង និងការប្រព្រឹត្តអំពើមិនគប្បីដាក់។ អ្នកស្រីបន្តថា ការណ៍នេះរារាំងពួកគេពីការសហប្រតិបត្តិការជាមួយនឹងអង្គការសហប្រជាជាតិ និងចែករំលែកព័ត៌មានពីបញ្ហាសិទ្ធិមនុស្សប្រកបដោយប្រសិទ្ធភាព។
អ្នកស្រីបានថ្លែងថា៖ «ឥឡូវនេះ របៀបនៃការប្រព្រឹត្តអំពើមិនគប្បីនិងការគំរាមកំហែងដែលពួកគេប្រឈមមុខរួមមាន ការបៀតបៀន ការដាក់បម្រាមលើការធ្វើដំណើរ ការបាត់បង់ការងារ ការវាយប្រហារលើរូបរាងកាយ ក៏ដូចជាការចាប់ខ្លួនការឃុំខ្លួន និងការធ្វើទារុណកម្ម។ ដូច្នេះ វាសំខាន់ដែលពួកយើងត្រូវបង្ហាញការព្រួយបារម្ភលើបញ្ហានេះ»។
អ្នកស្រី Shamdasani បានបន្ថែមថា ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បន្តលើកឡើងពីករណីទាំងនេះជាមួយនឹងរដ្ឋាភិបាលវៀតណាម ដោយអំពាវនាវឲ្យមានការបញ្ឈប់ការចោទប្រកាន់មកលើពលរដ្ឋពីការប្រើប្រាស់សិទ្ធិរបស់ពួកគេ នៅក្នុងការបញ្ចេញមតិ។
អ្នកស្រីបានបន្ថែមថា ពលរដ្ឋគួរតែអាចប្រើប្រាស់នូវសិទ្ធិរបស់ពួកគេដោយមិនភ័យខ្លាចពីការសងសឹកនោះទេ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា