ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​វៀតណាម​ដោះលែង​អ្នក​កាសែត​ដែល​ជាប់ទោស


អ្នក​កាសែត​របស់​សមាគម​អ្នក​កាសែត​ឯករាជ្យ​វៀតណាម លោក Pham Chi Dung​ (ស្ដាំ) លោក Le Huu Minh Tuan (កណ្ដាល) និង​លោក​ Nguyen Tuong Thuy (ឆ្វេង) ឈរ​នៅ​ចន្លោះ​ប៉ូលិស ក្នុង​អំឡុងពេល​នៃ​សវនាការ​របស់​ពួកគេ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក ​បាន​អំពានាវ​ដល់​ប្រទេស​វៀតណាម​ឲ្យ​ដោះលែង​មនុស្ស​ទាំងអស់​ដែល​ត្រូវ​«បាន​ឃុំឃាំង​ដោយ​អយុត្តិធម៌» ​និង​អនុញ្ញាតិ​ឲ្យ​បុគ្គល​នានា​«បញ្ចេញ​ទស្សនៈ​របស់​ពួកគេ​ដោយ​សេរី ដោយ​គ្មាន​ការភ័យ​ខ្លាច​ពីការ​សងសឹក»។ នេះ​តាម​លោក Cale Brown អ្នក​នាំពាក្យ​រងនៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

សេចក្តី​ថ្លែងការណ៍​នេះ បាន​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​វៀតណាម បាន​«ដាក់ទោស​យ៉ាង​ធ្ងន់​ធ្ងរ»​នៅក្នុង​ការ​កាត់ទោស​យ៉ាង​ឆាប់រហ័ស​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ ដល់​សមាជិក​៣រូប​របស់​សមាគម​អ្នក​កាសែត​ឯករាជ្យ (IJAV)។ លោក Pham Chi Dung បាន​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​ ហើយ​លោក Nguyen Tuong Thuy និង​លោក Le Huu Minh Tuan បាន​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ចំនួន​១១​ឆ្នាំ។

លោក Brown បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ធ្វើឲ្យ​ប្រាកដថា សកម្មភាព​របស់​ខ្លួនស្រប​ទៅតាម​បទបញ្ញត្តិ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋធម្មនុញ្ញ​វៀតណាម​ និង​កាតព្វកិច្ចនិង​ការប្តេជ្ញា​ចិត្ត​ជា​អន្តរជាតិរបស់​វៀតណាម។

តាម​សាលក្រម​របស់​តុលាការ លោក Pham អាយុ​៥៤​ឆ្នាំ ដែល​ជា​អ្នក​និពន្ធ​ដ៏ល្បីល្បាញ​ និងជា​សមាជិក​និង​ប្រធាន​បង្កើត​សមាគម​អ្នក​កាសែត​ឯករាជ្យ (IJAV)​ លោក Nguyen អតីត​យោធា​មានអាយុ​៦៩​ឆ្នាំ និង​យុវជន Le «មាន​ការទាក់ទង​ជា​ប្រចាំ​ជាមួយ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល«មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឆ្នាំ​២០១៩​ និង​២០២០។

សាលក្រម​នោះ បាន​បញ្ជាក់​ថា «អកប្បកិរិយា​របស់​ជន​ទាំង​៣​នោះ បាន​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សង្គម បណ្តាល​ឲ្យមាន​ការបែកបាក់សាមគ្គីភាព​ក្នុង​សង្គម​ និង​ប្រជាពលរដ្ឋ»។

ក្នុងប៉ុន្មាន​ខែ​ថ្មីៗ​នេះ រដ្ឋាភិបាល​វៀតណាម ​បាន​បង្កើន​ការបង្ក្រាប​លើ​ពួក​ប្រឆាំង​ ហើយ​នឹង​ចាប់ខ្លួន​អ្នក​រិះគន់​ខ្លួន​ជាច្រើន​នាក់៕

XS
SM
MD
LG