អង្គការសហប្រជាជាតិ​ថ្កោលទោស​ការ​រំលោភបំពាន​ដែល​រីករាលដាល​នៅ​សង្កាត់​ Dar'a ប្រទេស​ស៊ីរី

  • Lisa Schlein

រូបឯកសារ៖ បុរសម្នាក់លើកបីជនរងគ្រោះពីការវាយប្រហារតាមអាកាសមួយក្រុង Maaret Al-Noman ខេត្ត Idlib ប្រទេសស៊ីរី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ 

ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​មិនមែន​រដ្ឋាភិបាល ​រួម​មានការ​សម្លាប់ ការ​ចាប់​ឃុំឃាំង​ដោយ​មិន​ស្របច្បាប់ ការ​បាត់​ខ្លួន​ដោយ​បង្ខំ ការ​លួចប្លន់ និង​ការ​រឹបអូស​ទ្រព្យសម្បត្តិ។

កិច្ចព្រមព្រៀង​ផ្សះផ្សា​គ្នា​រវាង​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​មាន​គោលបំណង​នាំ​មក​នូវ​សន្តិភាព​ដល់​សង្កាត់​ Dar'a នៅ​ប្រទេស​ស៊ីរី ដែល​ស្ថិត​នៅ​ជិតព្រំដែន​ប្រទេស​ហ្ស៊កដានី។ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​នេះ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន ប្រជាពលរដ្ឋ​ភាគច្រើន​ ដែល​បាន​បាត់បង់​ទី​លំនៅ​ដោយសារ​ជម្លោះ​ បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​វិញ។

ប៉ុន្តែក្តី​សង្ឃឹម​របស់​ពួកគេ​ចំពោះជីវិត​ដ៏​ប្រសើរ​ និង​មាន​សុវត្ថិភាព​ជាង​មុនត្រូវ​បាន​បំផ្លាញ។ ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ជនស៊ីវិល​បាន​ប្រញាប់ប្រញាល់​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​វិញ​ ដោយ​មិនបាន​ដឹង​ថា​មាន​សេចក្តី​សម្រេចអ្វី​ខ្លះដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ដែល​បង្កផល​ប៉ះពាល់​មក​លើ​ពួកគេ​នោះ​ទេ។

អ្នកស្រី Marta Hurtado អ្នក​នាំពាក្យការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​និយាយ​ថា ទីភ្នាក់ងារ​របស់​អ្នកស្រី​ភ័យខ្លាច​ថា កិច្ច​ព្រមព្រៀង​នេះ​អាច​មិនមែន​ជា​ការ​អនុលោម​ពេញលេញ​ទៅតាម​ច្បាប់​អន្តរជាតិ​នោះ​ទេ។ អ្នកស្រី​បាន​បន្ត​ថា ការណ៍​នេះ​ហាក់​ដូចជា​បាន​បើក​ឱកាស​ឲ្យ​មាន​ការ​រំលោភបំពាន​យ៉ាង​រីករាលដាល។

«ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ទទួល​បាន​របាយការណ៍​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភមួយ​ចំនួន​អំពី​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​មិនមែន​រដ្ឋាភិបាល ដែល​រួម​មាន ការ​សម្លាប់ ការ​ចាប់​ឃុំឃាំង​ដោយ​មិន​ស្របច្បាប់ ការ​បាត់​ខ្លួន​ដោយ​បង្ខំ ការ​លួចប្លន់ និង​ការ​រឹបអូស​ទ្រព្យសម្បត្តិ។ លទ្ធភាព​ទទួល​បាន​ទីជម្រក​ ទឹក ការ​អប់រំ​ និង​តម្រូវ​ការ​ចាំបាច់​ដទៃ​ទៀត​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​តែ​ជា​ការ​លំបាក​សម្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន»។

អ្នកស្រី​ Hurtado បាន​លើកឡើង​ថា កិច្ចប្រឹងប្រែង​ដោយសមាជិក​ក្រុម​ប្រដាប់​អាវុធ​ និង​ជន​ស៊ីវិល​នៅ​ក្នុង​ការ​ចូល​កាន់​តំណែង​តាម​ស្ថាប័ន​រដ្ឋាភិបាល​នានា​ ត្រូវ​បាន​ច្រានចោល​ដោយ​ហិង្សា។ អ្នកស្រី​បន្ត​ថា ក្រុម​អ្នក​តាមដាន​របស់​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​កំណត់ត្រា​ចំនួន ១១​ករណី​ ដែល​ប្រជាពលរដ្ឋចង់​ចូលរួម​ក្នុង​ក្រុម​ប្រឹក្សា​ជនស៊ីវិល​តាម​មូលដ្ឋាន ឬ​យោធា ឬ​កងកម្លាំង​សន្តិសុខ ប៉ុន្តែ​ប្រជាពលរដ្ឋទាំងនោះ បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​សម្លាប់​ទៅ​វិញ។

អ្នកស្រី​បាន​បន្ថែមថា អង្គការសហប្រជាជាតិ​បានទទួល​របាយការណ៍​ថា មនុស្ស​យ៉ាងហោចណាស់​ ៣៨០​នាក់​ត្រូវ​បាន​ចាប់ខ្លួន ឬ​ឃុំខ្លួន ហើយ​មនុស្សមួយ​ចំនួន​ក្នុង​ចំណោម​នោះត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​ឃុំខ្លួន​ក្រោម​បទ​សង្ស័យ​ភេរវកម្ម។

អ្នកស្រី​បន្ត​ថា មនុស្ស​ចំនួន ១៥០ នាក់ ​ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​ត្រូវ​បាន​ឃុំខ្លួន​រយៈពេល​ពីរបី​ថ្ងៃ ហើយ​មនុស្ស​ផ្សេង​ទៀត​ក្លាយ​ជា​គោលដៅ​នៃ​ការ​បាត់ខ្លួន​ដោយ​បង្ខំ​។ អ្នកស្រី​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា គ្រួសារ​មួយ​ចំនួន​នៅ​សង្កាត់​ Dar'a មិន​ទទួលបានព័ត៌មាន ឬ​ទទួល​បាន​ព័ត៌មាន​តិច​តួច​ប៉ុណ្ណោះ​អំពី​ជោគវាសនាសាច់ញ្ញាតិ​របស់​ពួកគេ​ ដែល​បាន​បាត់​ខ្លួន។ ​

ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​ចាត់​គ្រប់​វិធាន​ការ​ចាំបាច់​ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅ​តាម​តំបន់​នានា​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន។ ការិយាល័យ​នេះ​បន្ត​ថា​ អាជ្ញាធរ​ស៊ីរី​ត្រូវ​ធានា​ថា​ ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ប្រដាប់​អាវុធ ឬ​បទ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ ទទួល​បាន​ការ​កាត់ក្តី​ដោយ​ត្រឹមត្រូវ​និង​យុត្តិធម៌​មួយ៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្ត​បញ្ញា