អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ប្រទេស​ហ្គំប៊ី​​ដក​កងកម្លាំង​​​ចេញ​ពី​អគារ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត

លោក Adama Barrow ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​ប្រទេស​ហ្គំប៊ី (រូប​កណ្តាល) ធ្វើ​ដំណើរ​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​គណៈប្រតិភូ​ Ecowas នៅ​ក្នុង​ក្រុង Banjul ប្រទេស​ហ្គំប៊ី កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន បាន​ថ្កោលទោស​ការ​កាន់កាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ដោយ​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ហ្គំប៊ី ហើយ​លោក​កំពុង​តែ​អំពាវនាវ​ឲ្យ​ពួកគេ​ប្រគល់​អគារ​នោះ​មក​វិញ​ជា​បន្ទាន់។

សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​ពី​អ្នក​នាំ​ពាក្យ​របស់​លោក​អគ្គលេខាធិការ​ក៏​បាន​ស្នើ​ឲ្យ​យោធា​ហ្គំប៊ី​បញ្ឈប់​សកម្មភាព​ទាំងឡាយ​ដែល​អាច​បង្អាក់​ដល់​ដំណើរការ​ផ្ទេរ​តំណែង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ភាគ​ខាង​លិច​ដ៏​តូច​មួយ​នេះ​ផង​ដែរ។​

កាល​ពី​ដំបូង​ឡើយ លោក​ប្រធានាធិបតី Yayha Jammeh យល់​ព្រម​ចុះ​ចាញ់​គូ​ប្រជែង​របស់​ខ្លួន គឺ​លោក Adama Barrow នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ទី​មួយ​ខែ​ធ្នូ​កន្លង​មក​នេះ ប៉ុន្តែ​ក្រោយ​មក លោក​បាន​ដក​ការ​ផ្ទេរ​អំណាច​មក​វិញ។ កាល​ពី​ថ្ងៃ​អង្គារ សមាជិក​គណបក្ស​កាន់​អំណាច​របស់​ប្រទេស​ហ្គំប៊ី​បាន​ស្នើ​ឲ្យ​តុលាការ​កំពូល​ទុក​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ​ជា​មោឃៈ។​

គណៈប្រតិភូ​មួយ​ក្រុម​ដែល​រួម​មាន​ប្រមុខរដ្ឋ​ទាំង​៤​របស់​អាហ្វ្រិក​ខាង​លិច ដែល​ដឹក​នាំ​ដោយ​ប្រធានាធិបតី​លីប៊ី លោកស្រី Ellen Johnson Sirleaf បាន​ជួប​ជាមួយ​នឹង​លោក Jammeh ក្នុង​ប្រទេស​ហ្គំប៊ី​កាល​ពី​ថ្ងៃ​អង្គារ។ ​

ក្រោយ​ពី​ត្រឡប់​មក​វិញ លោកស្រី Johnson Sirleaf បាន​និយាយ​ថា ភាគី​ទាំង​អស់​ព្រួយបារម្ភ​អំពី​ការប្តេជ្ញា​របស់​ខ្លួន​ទៅ​នឹង​សន្តិភាព​និង​ភាព​ស្រុះស្រួល​គ្នា ហើយ​បញ្ហា​នេះ​អាច​នឹង​ត្រូវ​ពិភាក្សា​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​របស់​បណ្តុំ​ប្រទេស​អាហ្វ្រិក​ខាង​លិច​ដែល​ហៅ​កាត់​ថា ECOWAS នៅ​ចុង​សប្តាហ៍​នេះ​ក្នុង​រដ្ឋធានី Abuja នៃប្រទេស​នីហ្សេរីយ៉ា៕