លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្វាគមន៍ចំពោះជំនួបកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងនៅក្នុងប្រទេសសិង្ហបុរី ដោយនិយាយថា ជំនួបនេះគឺជាដំណើរវិវត្តន៍ដ៏ល្អមួយសម្រាប់សន្តិភាពនិងសន្តិសុខសកលលោក។
លោក Guterres បានថ្លែងកាលពីថ្ងៃចន្ទ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិថា «សន្តិភាពនិងការដកចេញនូវអាវុធនុយក្លេអ៊ែរដែលគេអាចផ្ទៀងផ្ទាត់បានត្រូវតែច្បាស់លាស់និងមានគោលដៅរួមគ្នា»។
លោកបានមានប្រសាសន៍ថា ប្រសិនបើភាគីទាំងពីរស្នើសុំ ទីភ្នាក់ងារពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិត្រៀមរួចជាស្រេចដើម្បីជួយដល់ដំណើរការលុបបំបាត់នុយក្លេអ៊ែរ ដោយរួមទាំងដំណើរការផ្ទៀងផ្ទាត់ផងដែរ។
លោក Guterres បានគូសបញ្ជាក់ថា «ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិមានភារកិច្ចនឹងផ្តល់នូវការគាំពារទៅលើសម្ភារៈនុយក្លេអ៊ែរទាំងអស់ក្នុងការប្រើប្រាស់ដោយសន្តិភាព»។
លោក Yukiya Amano អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបាននិយាយកាលពីសប្តាហ៍មុនថា ទីភ្នាក់ងាររបស់លោកត្រៀមរួចជាស្រេចដើម្បីធ្វើសកម្មភាពផ្ទៀងផ្ទាត់នុយក្លេអ៊ែរឡើងវិញនៅប្រទេសកូរ៉េខាងជើង ប្រសិនបើមានកិច្ចព្រមព្រៀងនយោបាយដើម្បីធ្វើវា។
លោក Amano បានថ្លែងប្រាប់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារនេះថា «យើងបន្តការត្រៀមខ្លួនរបស់យើងឲ្យកាន់តែប្រសើរឡើង ដើម្បីដើរតួនាទីយ៉ាងសំខាន់មួយក្នុងការផ្ទៀងផ្ទាត់ទៅលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រសិនបើកិច្ចព្រមព្រៀងនយោបាយមួយត្រូវសម្រេចបាន ក្នុងចំណោមប្រទេសដែលពាក់ព័ន្ធ»៕