លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចាប់ខ្លួនអ្នកកាសែត២នាក់របស់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងប្រទេសមីយ៉ាន់ម៉ាជាសញ្ញាថា សេរីភាពសារព័ត៌មានកំពុងរួមកាន់តែតូចក្នុងប្រទេសនោះ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Guterrez ក៏បានសម្តែងនូវការព្រួយកង្វល់របស់លោកអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងរដ្ឋ Rakhine ដោយលោកនិយាយថា អ្នកកាសែតទាំងនោះប្រហែលត្រូវបានគេចាប់ខ្លួនពីព្រោះតែពួកគេបានរាយការណ៍អំពីអ្វីដែលពួកគេបានឃើញទាក់ទិនទៅនឹងអ្វីដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានហៅថា សោកនាដកម្មនៃការធ្វើបាបមនុស្សយ៉ាងខ្លាំង។
អ្នកកាសែតឈ្មោះ Wa Loneនិង Kyaw Soe Ooបានត្រូវចាប់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងរ៉ង់ហ្គូនដែលជាទីក្រុងដ៏សំខាន់មួយហើយត្រូវបានរងការចោទប្រកាន់ពីការរំលោភច្បាប់សន្តិសុខ។ យោងតាមក្រុមប្រឹក្សាសារព័ត៌មានរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រាប់ឲ្យដឹងថា អ្នកកាសែតទាំងនោះបានរងការចោទប្រកាន់ពីការរៀបចំផែនការបញ្ជូនឯកសារសន្តិសុខដ៏សំខាន់ចំពោះកងកម្លាំងសន្តិសុខនៅក្នុងរដ្ឋ Rakhine ទៅឲ្យទីភ្នាក់ងារបរទេសនៅឯបរទេស។
អ្នកស្រី Ma Pan Ei ភរិយារបស់លោកWa Loneបានប្រាប់ VOAផ្សាយជាភាសាភូមាថា ក្រុមគ្រួសារមិនបានទទួលព័ត៌មានអំពីស្ថានភាពប្តីរបស់អ្នកស្រីទេ។
លោក Joel Simon នាយកប្រតិបត្តិរបស់គណៈកម្មាធិការការពារអ្នកកាសែតបានប្រាប់ VOAផ្សាយជាភាសាភូមាថា អង្គការរបស់លោកបានអំពាវនាវដល់ពួកអាជ្ញាធរឲ្យដោះលែងពួកអ្នកយកព័ត៌មានទាំងនោះដោយគ្មានលក្ខខណ្ឌនិងជាបន្ទាន់។លោកនិយាយទៀតថា ការចាប់ខ្លួននោះកើតមានឡើងនៅពេលដែលមានការបង្ក្រាបយ៉ាងខ្លាំងដែលកំពុងមានផលប៉ះពាល់ទៅលើសមត្ថភាពរបស់អ្នកកាសែតដើម្បីរាយការណ៍រឿងសំខាន់ៗរបស់សាកលលោក៕