អង្គការ​សហប្រជាជាតិ​ជំរុញ​របប​យោធា​មីយ៉ាន់ម៉ា​ឲ្យ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា

  • Reuters

រូប​ឯកសារ៖ លោក​ឧត្តមសេនីយ៍ Min Aung Hlaing ទស្សនា​ការ​ដើរ​ដង្ហែ​ក្បួន​កងទ័ព​នៅ​ទីក្រុង​ណៃពិដោរ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ជំរុញ​របប​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ឲ្យ​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ដោះស្រាយ​នូវ «តម្រូវការ​ដ៏​ចាំបាច់» របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា នៅ​ចំ​ខួប​មួយ​ឆ្នាំ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​កាល​ពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ឆ្នាំ​មុន។ ការ​ធ្វើ​រដ្ឋប្រហារ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ា​នៅ​ទូទាំង​ប្រទេស​អស់​រយៈពេល​ជា​ច្រើន​ខែ ដែល​ការ​តវ៉ា​ទាំងនោះ​ត្រូវ​បាន​យោធា​បង្ក្រាប​ដោយ​បង្ហូរ​ឈាម។

លោក Farhan Haq អ្នក​នាំ​ពាក្យ​រង​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ថា៖ «ភាព​ឈឺចាប់​ជាច្រើន​របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​នៅ​ទូទាំង​ប្រទេស និង​ផល​ប៉ះពាល់​របស់​មីយ៉ាន់ម៉ា​នៅ​ក្នុង​តំបន់ តម្រូវ​ឲ្យ​មាន​ការ​ឆ្លើយតប​ជា​បន្ទាន់។ លទ្ធភាព​ចូល​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ជំនួយ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​អង្គការ​សហប្រជាជាតិ​និង​ដៃគូ​នានា​នៅក្នុង​ការ​បន្ត​ផ្តល់​ជំនួយ​ដោយ​ផ្ទាល់​ដល់​ពួកគេ»។

លោក Haq បាន​បន្ថែម​ថា៖ «កងកម្លាំង​ប្រដាប់​អាវុធ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​គោរព​សិទ្ធិមនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន [របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា]។ ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ត្រូវការ​ឃើញ​លទ្ធផល​ជាក់ស្តែង»។

មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ធ្លាប់​បាន​បញ្ជាក់​ក្នុង​ពេល​កន្លង​មក​ថា ការ​បង្ក្រាប​របស់​ខ្លួន​និង​ការ​វាយប្រហារ​របស់​ក្រុម​យោធា​គឺ​ដើម្បី​ការពារ​ប្រទេស​ពី «ក្រុម​ភេរវជន» តែប៉ុណ្ណោះ។

លោក Haq បាន​បញ្ជាក់​ថា បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា​អ្នកស្រី Noeleen Heyzer បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​វិបត្តិ​មីយ៉ាន់ម៉ា ហើយ​នឹង​ធ្វើការ​ជាមួយ​នឹង​សមាគម​អាស៊ាន (ASEAN) ដែល​កំពុង​ដឹកនាំ​កិច្ច​ប្រឹងប្រែង​ការទូត​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕