ប្រធាន UN និង​សម្តេច​ប៉ាប​អំពាវនាវ​ឱ្យ​ប្រទេស​នានា​ឈប់​ប្រើ​មីន​ប្រឆាំង​មនុស្ស

រូបឯកសារ៖ បុគ្គលិក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) ពិនិត្យ​ឧបករណ៍​រក​គ្រាប់​មីន​នៅ​កន្លែង​មីន​នៅ​ភូមិ​ព្រៃទទឹង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៣។

មេដឹកនាំ​អង្គការសហ​ប្រជាជាតិ​និង​សម្តេច​ប៉ាប Francis ព្រមទាំង​មេដឹកនាំ​ផ្សេងទៀត​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ឱ្យ​ប្រទេស​នានា​ឈប់​ផលិត​និង​ប្រើ​មីន​តទៅទៀត ទោះបីជា​ការ​ប្រើ​មីន​នៅ​បន្ត​កើនឡើង​ជុំវិញ​ពិភពលោក​ក៏ដោយ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ថ្លែង​នៅក្នុង​សារ​មួយ​ទៅកាន់​គណៈប្រតិភូ​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​មើល​ឡើងវិញ​លើក​ទី ៥ នូវ​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ការ​ហាមឃាត់​មីន​ថា ២៥ ឆ្នាំ​ក្រោយ​មក​បន្ទាប់ពី​សន្ធិសញ្ញា​ដែល​គេ​ស្គាល់​ថា​អនុសញ្ញា​ក្រុង Ottawa នេះ​បាន​ចូល​ជា​ធរមាន ភាគី​ខ្លះ​បាន​បន្ត​ប្រើ​មីន​ប្រឆាំង​មនុស្ស​និង​ខ្លះទៀត​មិនទាន់​បាន​ធ្វើ​តាម​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​បំផ្លាញ​អាវុធ​នេះ​នៅឡើយ​ទេ។

លោក Guterres បាន​ថ្លែង​សុន្ទរកថា​បើក​សន្និសីទ​អន្តរជាតិ​នេះ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​បណ្តា​រដ្ឋ​ភាគី​ទាំងអស់​ឱ្យ​ធ្វើ​តាម​កាតព្វកិច្ច​របស់​ខ្លួន​និង​ធានា​ថា​ខ្លួន​បាន​អនុលោម​តាម​អនុសញ្ញា​នេះ ហើយ​ស្របពេល​នេះដែរ​ដោះស្រាយ​ផល​ប៉ះពាល់​ខាង​មនុស្សធម៌​និង​ការ​អភិវឌ្ឍ​តាមរយៈ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​បច្ចេកទេស»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​អាន​ជំនួស​សម្តេច​ប៉ាប Francis សម្តេច​ប៉ាប​រង​លោក Pietro Parolin បាន​ថ្លែង​ថា មីន​ប្រឆាំង​មនុស្ស​និង​គ្រឿងផ្ទុះ​ដែល​បំផ្ទុះ​ដោយ​ជន​រងគ្រោះ​ខ្លួនឯង​នៅតែ​មាន​ប្រើ។ សូម្បីតែ​ក្រោយពី​ការ​ប្រយុទ្ធ​គ្នា​ជាច្រើន​ឆ្នាំ​ហើយ​ក៏ដោយ ក៏ «ឧបករណ៍​ដ៏​គ្រោះថ្នាក់​ទាំងនេះ​នៅ​បន្ត​បង្ក​ឱ្យ​មាន​ការ​ឈឺចាប់​ខ្លោចផ្សា​ដដែល​ដល់​ជន​ស៊ីវិល ជាពិសេស​កុមារ»។

សន្ធិសញ្ញា​ហាមឃាត់​មីន​នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ ១៩៩៧ ហើយ​បាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ ១៩៩៩ តែ​ប្រទេស​ជាង ៣០ មិន​បាន​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​នេះទេ រួម​ទាំង​ប្រទេស​ផលិត​និង​ប្រើ​មីន​សំខាន់ៗ​ទាំង​អតីត​និង​បច្ចុប្បន្ន​ដូចជា​សហរដ្ឋ​អាមេរិក ចិន ឥណ្ឌា ប៉ាគីស្ថាន កូរ៉េ​ខាងត្បូង និង​រុស្ស៊ី​ផងដែរ។

របាយការណ៍​មួយ​ចេញផ្សាយ​ដោយ​អង្គការ​ឃ្លាំមើល​មីន​អន្តរជាតិ (Landmine Monitor) កាលពី​សប្តាហ៍​មុន​បាន​បង្ហាញ​ថា មីន​នៅតែ​ត្រូវបាន​ប្រើ​យ៉ាង​សកម្ម​ក្នុង​ឆ្នាំ ២០២៣ និង​ឆ្នាំ ២០២៤ ដោយ​ប្រទេស​រុស្ស៊ី មីយ៉ាន់ម៉ា អ៊ីរ៉ង់ និង​កូរ៉េ​ខាងជើង៕