នៅថ្ងៃចន្ទនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបើកកិច្ចប្រជុំស្ដីពីអាកាសធាតុនៅក្នុងប្រទេសប៉ូឡូញ ដោយធ្វើការអំពាវនាវដល់មេដឹកនាំនានានៅលើពិភពលោកឲ្យគិតគូរឲ្យបានហ្មត់ចត់ចំពោះការគំរាមកំហែងនៃការឡើងកម្ដៅផែនដី និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ដើម្បីជៀសមិនឲ្យមានការកើនឡើងដ៏មហន្តរាយនៃសីតុណ្ហភាពមុនពេលបំណាច់សតវត្សរ៍នេះ។
លោក Guterres ចាត់ទុកការប្រែប្រួលអាកាសធាតុថាជាបញ្ហាដ៏សំខាន់បំផុតដែលពិភពលោកកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។
លោក Gutteress បានថ្លែងទៅកាន់អ្នកតំណាងនានាមកពីប្រទេសជិត ២ រយ ដែលជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំស្ដីពីអាកាសធាតុនៅក្នុងទីក្រុង Katowice ប្រទេសប៉ូឡូញ យ៉ាងដូច្នេះថា៖ «ទោះបីជាយើងឃើញមានផលប៉ះពាល់បំផ្លិចបំផ្លាញធ្ងន់ធ្ងរដោយសារអាកាសធាតុនៅទូទាំងពិភពលោកក៏ដោយ ក៏យើងនៅមិនទាន់ចាត់វិធានការឲ្យបានគ្រប់គ្រាន់ ឬឲ្យបានទាន់ពេលវេលា ដើម្បីរារាំងការបំផ្លិចបំផ្លាញដ៏មហន្តរាយដោយសារអាកាសធាតុនេះនៅឡើយទេ»។
លោក Guterres បានបន្ទោសប្រទេសមួយចំនួន ជាពិសេសប្រទេសដែលមានការទទួលខុសត្រូវសម្រាប់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ថាមិនបានចាត់វិធានការឲ្យបានគ្រប់គ្រាន់ដើម្បីសម្រេចឲ្យបាននូវគោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ កិច្ចព្រមព្រៀងអាកាសធាតុឆ្នាំ ២០១៥ នេះ បានកំណត់គោលដៅក្នុងការរក្សាការកើនឡើងកម្ដៅផែនដីឲ្យនៅទាបជាង ២ អង្សាសេ គឺឲ្យបាន ១,៥ អង្សាសេនៅត្រឹមបំណាច់សតវត្សរ៍នេះ។
សន្និសីទស្ដីពីអាកាសធាតុរយៈពេល ២ សប្ដាហ៍ នៅក្នុងប្រទេសប៉ូឡូញនេះ ត្រូវគេរំពឹងថានឹងផ្ដោតលើវិធីដែលរដ្ឋាភិបាលអាចរាយការណ៍អំពីកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងរក្សាការកើនឡើងកម្ដៅផែនដីឲ្យបាននៅត្រឹមគោលដៅកំណត់ដោយកិច្ចព្រមព្រៀងអាកាសធាតុឆ្នាំ ២០១៥៕