អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅថ្ងៃចន្ទនេះថា សេចក្ដីសម្រេចដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «មានន័យតែក្នុងករណីដែលសេចក្ដីសម្រេចនេះត្រូវបានអនុវត្តដោយមានប្រសិទ្ធភាពតែប៉ុណ្ណោះ»។ លោកក៏បានបញ្ជាក់សារជាថ្មីទៀតថា ប្រជាពលរដ្ឋស៊ីរីនៅក្នុងតំបន់ហ៊ុមព័ទ្ធនៅភាគខាងកើតតំបន់ Ghouta ប្រទេសស៊ីរី «ទន្ទឹងរង់ចាំ» ជំនួយមនុស្សធម៌យ៉ាងខ្លាំង។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានទាមទារឲ្យមានការឈប់វាយប្រយុទ្ធគ្នានៅទូទាំងប្រទេសស៊ីរីរយៈពេល ៣០ ថ្ងៃ និងបានស្នើឲ្យមានការដកការហ៊ុមព័ទ្ធចេញ និងអនុញ្ញាតឲ្យបុគ្គលិកសុខាភិបាល និងបុគ្គលិកសង្គ្រោះបន្ទាន់អាចចូលទៅកាន់តំបន់ជម្លោះបាន។
លោក Guterres បាននិយាយថា៖ «ខ្ញុំរំពឹងថា សេចក្ដីសម្រេចនេះនឹងត្រូវបានអនុវត្តភ្លាមៗបន្តទៅមុខ ជាពិសេសដើម្បីធានាឲ្យមានការបញ្ជូនជំនួយ និងបុគ្គលិកមនុស្សធម៌ចូលទៅកាន់តំបន់ជម្លោះភ្លាមៗដោយសុវត្ថិភាព គ្មានការរារាំង និងបន្តទៅមុខរហូត ឲ្យមានការជម្លៀសអ្នកជំងឺនិងអ្នករងរបួសធ្ងន់ធ្ងរចេញ ក៏ដូចជាកាត់បន្ថយការឈឺចាប់របស់ប្រជាពលរដ្ឋស៊ីរីផងដែរ»។
ប៉ុន្តែ អំពើហិង្សាមិនទាន់បានបញ្ចប់នៅឡើយទេ ដោយសារតែអង្គការសហប្រជាជាតិ និងអង្គការតាមដានសង្គ្រាមនៅស៊ីរីបានរាយការណ៍ថា មានការវាយប្រហារតាមអាកាសថ្មីៗកើតឡើងនៅថ្ងៃចន្ទនេះនៅភាគខាងកើតតំបន់ Ghouta ដែលជាតំបន់គ្រប់គ្រងដោយពួកឧទ្ទាមនៅជាយរដ្ឋធានីដាម៉ាស់ ដែលនៅទីនោះមនុស្សជាង ៥ រយនាក់ត្រូវបានសម្លាប់នៅក្នុងរយៈពេលមួយសប្ដាហ៍កន្លងមក៕