លោក​អគ្គលេខាធិការ​អ.ស.ប​អំពាវនាវ​ឲ្យ​មាន​«បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់‍»​នៅ​ប្រទេស​យេម៉ែន

លោក​អគ្គលេខាធិការ​អ.ស.ប​ Ban Ki-moon (ខាងលើ)​ បាន​អំពាវនាវ​ឲ្យ​មាន​«បទ​ឈប់​បាញ់​គ្នា​មួយ​ជា​បន្ទាន់‍»​ក្នុង​ប្រទេស​យេម៉ែន​។

លោក​អគ្គលេខាធិការ​អ.ស.ប​ Ban Ki-moon​ បាន​អំពាវនាវ​ឲ្យ​មាន​«បទ​ឈប់​បាញ់​គ្នា​មួយ​ជា​បន្ទាន់‍»​ក្នុង​ប្រទេស​យេម៉ែន​ កន្លែង​ដែល​កង​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ អារ៉ាប៊ី​ សាអ៊ូឌីត​ កំពុង​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​ពួក​ឧទ្ទាម​ Shi'ite។​

នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ក្រុង​ វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ Ban Ki-moon​ បាន​ព្រមាន​ថា​ ប្រទេស​ យេម៉ែន​ កំពុង​«មាន​ការ​ឆាប​ឆេះ‍»​ហើយ​ថាដំណោះស្រាយតែ​មួយ​គឺ​ឲ្យ​«ភាគី​ទាំង​អស់‍»​បញ្ឈប់​អរិភាព​ ហើយ​ចូល​រួម​ក្នុង​ការ​ចរចា​គ្នា។​

លោក​បាន​ប្រាប់​សមាគម​សារព័ត៌មាន​ជាតិ​ថា​ «ដំណាក់កាលផ្លូវទូត​ដែល​អ.ស.ប​ជួយ​គាំទ្រ​នៅ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​ដើម្បី​បញ្ឈប់​សង្គ្រាម​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាចទៅ​លើ​ស្ថេរភាព​ក្នុង​តំបន់‍»។​

នៅ​ដើម​សប្តាហ៍​នេះ​ ប្រេសិត​ពិសេស​អ.ស.ប​សម្រាប់​ប្រទេស​យេម៉ែន​ លោក​ Jamal​ Benomar​ ដែល​ជា​ជន​ជាតិ​ម៉ារ៉ុក​បាន​លា​ឈប់​ពី​តំណែង បន្ទាប់​ពី​មិន​អាច​នាំ​ភាគី​ទាំង​ពីរ​មក​កាន់​តុ​ចរចា​សន្តិភាព​បាន។​

ប្រភព​ការ​ទូត​បាន​ឲ្យ​ដឹង​ថា​ អ្នក​ការ​ទូត​ជាតិ​ ម៉ូរីតានី​ លោក​ Ismail​ Ould​ Cheikh​ Ahmed​ នឹង​ទទួល​ការ​តែងតាំង​ជា​អ្នក​ជំនួស​លោក​ Benomar​ ក្នុង​ពេល​ឆាប់ៗ​នេះ៕